ដោយៈ ម៉ាណា
ភ្នំពេញៈ នៅទីស្តីការក្រសួងពាណិជ្ជកម្ម មានរៀបចំកិច្ចប្រជុំកិច្ចប្រជុំក្រុមការងារ “ឆ” “ផ្នែកផលិតកម្មកែច្នៃសម្រាប់ការនាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម” នៃវេទិការាជរដ្ឋាភិបាល- ផ្នែកឯកជន ដើម្បីលើកឡើងនូវបញ្ហាប្រឈម និងដំណោះស្រាយ។
កិច្ចប្រជុំនេះធ្វើឡើង ក្រោមអធិបតីភាពសហដឹកនាំដោយ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាសហប្រធានក្រុមការងារ “ឆ” តំណាងផ្នែករដ្ឋាភិបាល និង អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) តំណាង ជាសហប្រធានក្រុមការងារ “ឆ” ផ្នែកឯកជន។
កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរ ពីសំណាក់តំណាងក្រសួង ស្ថាប័នរាជរដ្ឋាភិបាល តំណាងគ្រឹះស្ថាន សមាគម ក្រុមហ៊ុនឯកជនដែលជាសមាជិកនៃក្រុមការងារ “ឆ” ទាំងផ្នែករដ្ឋាភិបាល និងផ្នែកឯកជន។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិនិត្យដោះស្រាយបញ្ហាប្រឈម និងកង្វល់នានារបស់វិស័យឯកជន ក៏ដូចជា ការគិតគូរសម្របសម្រួលបន្ថែម លើផ្នែកផលិតកម្មកែច្នៃសម្រាប់ការនាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម ក្នុងការកាត់បន្ថយថ្លៃធ្វើធុរកិច្ច លើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ច។
បន្ថែមពីលើនេះ កិច្ចប្រជុំក៏នឹងពិនិត្យ តាមដាន និងវាយតម្លៃអំពីវឌ្ឍនភាពការងាររបស់ក្រុមការងារនះ ស្របតាមភារកិច្ចដែលត្រូវបានប្រគល់ជូនដោយវេទិការាជរដ្ឋាភិបាល- ផ្នែកឯកជនលើកទី១៩ កន្លងទៅនេះ។
កិច្ចប្រជុំបានធ្វើការពិនិត្យ ពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈមដែលស្នើឡើងផ្នែកឯកជនរួមមាន៖ ១ បញ្ហាថ្លៃសេវាក្នុងការបង្កើតUser & Password លើកដំបូង ២. បញ្ហា Template ក្នុងការផ្ទេរភាគហ៊ុនជាមួយក្រសួងពាណិជ្ជកម្ម ៣. បញ្ហាការបង់ថ្លៃសេវាសម្រាប់ការស្នើសុំនៅក្នុងប្រព័ន្ធ CamDX, ៤. បញ្ហាក្នុងការចុះបញ្ជី Trademark។
៥. បញ្ហាក្នុងការស្នើសុំបិទក្រុមហ៊ុនក្នុងប្រព័ន្ធ CamDX, ៦. ការចុះបញ្ជីអាជីវកម្ម និងស្ថានភាពពន្ធរបស់សិប្បករ និងហាងលក់វត្ថុចម្លាក់សម្រាប់ការនាំចេញ, ៧. បញ្ហាទាក់ទងនឹងក្រសួង ស្ថាប័នដែលភ្ជាប់១០០% ជាមួយ CNSW និងក្រសួងនៅតែប្រើ Hybrid, ៨. សំណើសុំលើកលែងការប្រមូលថ្លៃភាស៊ី លើរថយន្តដឹកទំនិញរបស់រោងចក្រ, ៩. ការបកស្រាយមានកំណត់ នៃការគ្រប់ដណ្តប់វិស័យសម្លៀកបំពាក់ រួមនឹងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ៕








