ដោយៈ ចំណាន
ភ្នំពេញៈ ទិន្នន័យបានបង្ហាញថា អត្រាភាគរយនៃកំណើនទឹកប្រាក់នាំចេញ និងនាំចូលទំនិញរបស់កម្ពុជា ជាមួយដៃគូពាណិជ្ជកម្មអន្តរជាតិទាំងអស់ នៅក្នុងរយៈពេល៧ខែនៃឆ្នាំ២០២៦ បានកើនឡើងព្រមគ្នាក្នុងរង្វង់ជាង២១ភាគរយ។
កំណើននេះ បានធ្វើឱ្យទំហំពាណិជ្ជកម្មសរុប កើនឡើងដល់ជាង ៤៤ពាន់លានដុល្លារ ខណៈរយៈពេលដូចគ្នា កាលពីឆ្នាំមុនមានជាង ៣៦ ពាន់លានដុល្លារ។
ទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) នាថ្ងៃទី១០ ខែសីហា បង្ហាញថា ចន្លោះពីខែមករា-កក្កដា ឆ្នាំ២០២៦ ការធ្វើពាណិជ្ជកម្មទំនិញជាអន្តរជាតិរបស់កម្ពុជា មានទឹកប្រាក់សរុបជាង៤៤ពាន់លានដុល្លារ កើនឡើង២១,៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ដែលមាន៣៦,៣២ពាន់លានដុល្លារ។
ទន្នន័យបានបង្ហាញថា ក្នុងទំហំទឹកប្រាក់នេះ ទំនិញកម្ពុជានាំចេញមាន២០,៨១ពាន់លានដុល្លារ កើន២១,៣% និងនាំចូលមកវិញ២៣,២៥ ពាន់លានដុល្លារកើន២១,៤%។
ប្រទេសដៃគូពាណិជ្ជកម្មធំៗទាំង ១០ រួមមាន ចិន សហរដ្ឋអាមេរិក វៀតណាម ជប៉ុន ថៃ សិង្ហបុរី ម៉ាឡេស៊ី កាណាដា ឥណ្ឌូនេស៊ី និងអេស្ប៉ាញ។
សាស្រ្តាចារ្យសេដ្ឋកិច្ច លោក ឌុច ដារិន្ទ បានមានប្រសាសន៍ឲ្យដឹងថា កំណើននៃតម្រូវការទីផ្សារអន្តរជាតិ ចំពោះផលិតផលកម្ពុជា និងកិច្ចខិតខំរបស់រាជរដ្ឋាភិបាល និងផ្នែកឯកជនក្នុងការកែលម្អបរិយាកាសវិនិយោគ ក្នុងប្រទេសឱ្យកាន់តែល្អ មានតម្លាភាព ព្រមទាំងសក្តានុពលភូមិសាស្រ្តនយោបាយ និងធនធានមនុស្ស បានជួយឱ្យកម្ពុជាទាក់ទាញបាននូវការចូលមកបណ្តាក់ទុនផ្ទាល់ និងការបញ្ជាទិញទំនិញពីកម្ពុជាកាន់តែច្រើន។
លោកបានបន្តថា ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA)ដែលកម្ពុជាបានចុះហត្ថលេខា ទាំងលក្ខណៈទ្វេភាគី និងពហុភាគី គឺសុទ្ធតែកំពុងហុចផលយ៉ាងច្រើន សម្រាប់សកម្មភាពពាណិជ្ជកម្មអន្តរជាតិ។
លោកបានថ្លែងថា ការកើនឡើងនៃទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា គឺឆ្លុះបញ្ចាំងពីសកម្មភាពសេដ្ឋកិច្ច ដែលកំពុងងើបឡើងវិញ និងតម្រូវការទីផ្សារអន្តរជាតិ”។ លោកបន្ថែមថា“សម្រាប់កំណើននៃការនាំចេញ គឺដោយសារវិស័យកាត់ដេរ ទំនិញធ្វើដំណើរ កសិផល និងការទាញយកអត្ថប្រយោជន៍ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី”៕








