ដោយៈ ចំណាន
ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជា រួមសហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) និងក្រុមហ៊ុន Bizkhmer Digital Media បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “យុទ្ធសាស្ត្រការពារ និងបង្កើនផលិតភាពអាជីវកម្ម ក្នុងយុគសម័យឌីជីថល”។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ដោយមានការចូលរួមពីលោក យ៉ន សុភារិទ្ធ ស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមហ៊ុន Bizkhmer Digital Media។
វគ្គបណ្តុះបណ្តាលនេះធ្វើឡើងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ដោយមានសហគ្រិន ម្ចាស់សហគ្រាសធុនតូច និងមធ្យម អាជីវករ ពាណិជ្ជករ ព្រមទាំងសិស្ស-និស្សិត ប្រមាណ៨០នាក់ចូលរួម។
ការរៀបចំវគ្គបណ្តុះបណ្តាលនេះ មានគោលបំណងគាំទ្រដល់សហគ្រិន សហគ្រាសធុនតូច និងមធ្យម (SMEs) ម្ចាស់អាជីវកម្ម និងអ្នកសិក្សាស្រាវជ្រាវ ក្នុងការពង្រឹងសមត្ថភាពការពារគណនី និងទិន្នន័យអាជីវកម្មពីការក្លែងបន្លំ ឬការវាយប្រហារតាមប្រព័ន្ធអនឡាញ ព្រមទាំងលើកកម្ពស់ផលិតភាព អាជីវកម្មឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពក្នុងបរិបទឌីជីថល។
លោកឧកញ៉ា ងួន ម៉េងតិច បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់ សម្រាប់ម្ចាស់អាជីវកម្ម ក្នុងការស្វែងយល់អំពីយុទ្ធសាស្ត្ររៀបចំ និងគ្រប់គ្រងឯកសារតាមប្រព័ន្ធឌីជីថលឱ្យមានសណ្តាប់ធ្នាប់ និងសុវត្ថិភាព។
តាមរយៈវគ្គនេះ អ្នកចូលរួមនឹងទទួលបានការណែនាំដោយផ្ទាល់ពីវាគ្មិនជំនាញ ដើម្បីអនុវត្តចំណេះដឹងទាំងនេះ ក្នុងការបង្កើនប្រសិទ្ធភាពអាជីវកម្ម ដែលជាកត្តាសំខាន់សម្រាប់ការប្រកួតប្រជែង និងឆ្លើយតបតម្រូវការទីផ្សារទាំងក្នុងស្រុក និងអន្តរជាតិ។
ក្នុងវគ្គបណ្តុះបណ្តាលផងដែរ លោក យ៉ន សុភារិទ្ធ ស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមហ៊ុន Bizkhmer Digital Media បានចែករំលែកចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងជូនដល់អ្នកចូលរួម ដែលជាសហគ្រិន ពាណិជ្ជករ សមាជិក សមាជិការម្ចាស់សហគ្រាសធុនតូច និងមធ្យម អំពីយុទ្ធសាស្ត្រការពារគណនី និងទិន្នន័យអាជីវកម្ម ការការពារព័ត៌មានពីការឆបោកតាមអនឡាញ ព្រមទាំងវិធីសាស្ត្រប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជាពិសេសគឺការប្រើប្រាស់ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពក្នុងប្រតិបត្តិការអាជីវកម្ម។
ក្រោមការណែនាំរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា តែងតែយកចិត្តទុកដាក់ចំពោះសមាជិក-សមាជិកា ជាពិសេសអាជីវករ ពាណិជ្ជករ និងធុរជនដែលជាម្ចាស់សហគ្រាសធុនតូច និងមធ្យម តាមរយៈការរៀបចំកម្មវិធី និងវគ្គបណ្តុះបណ្តាលនានា ដើម្បីផ្តល់ចំណេះដឹង និងជំនាញផ្នែកបច្ចេកវិទ្យាឌីជីថល សំដៅបង្កើនប្រសិទ្ធភាពអាជីវកម្ម ស្របតាមការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា និងសេដ្ឋកិច្ចសកល។
វគ្គបណ្តុះបណ្តាលខាងលើ ទទួលបានកិច្ចសហការពីមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) និងក្រុមហ៊ុន Bizkhmer Digital Media ព្រមទាំងទទួលបានការគាំទ្រពីសហគ្រិនខ្មែរ និងការឧបត្ថម្ភពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ធនាគារវីង (ខេមបូឌា) ម.ក. ធនាគារប្រៃសណីយ៍កម្ពុជា ក.អ. និងកំពង់ផែស្វយ័តភ្នំពេញ៕








