ដោយៈ ចំណាន
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល បានអនុញ្ញាតជូន លោកXue Dong អគ្គទីប្រឹក្សាថ្មីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរជូនចំពោះ លោកXue Dong ដែលត្រូវបានតែងតាំងជាអគ្គទីប្រឹក្សាថ្មី និងបានបង្ហាញនូវជំនឿយ៉ាងមុតមាំថា ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងចិន នឹងកាន់តែរីកចម្រើនថែមទៀត នៅក្នុងអាណត្តិបេសកកម្មរបស់លោក។
ជាការឆ្លើយតប លោកអគ្គទីប្រឹក្សា បានកត់សម្គាល់ដោយក្តីរីករាយ ចំពោះការរីកចម្រើននៃវិស័យពាណិជ្ជកម្មនៅកម្ពុជា ជាពិសេសកំណើនពាណិជ្ជកម្មទ្វេរភាគី រវាងប្រទេសទាំងពីរ ព្រមទាំងបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ។
ជាមួយគ្នានេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ លើទិសដៅការងារបន្ត ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីនាពេលខាងមុខផងដែរ៕








