តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីធនាគារកណ្តាលអាមេរិក(Fed) បានសម្រេចរក្សាទុកអត្រាការប្រាក់គោលរបស់ខ្លួនឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយរូបិយវត្ថុកាលពីថ្ងៃពុធ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៣២%ដល់២៣២៥,២៥ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង១,០១ភាគរយដល់២៣៣៤,៣ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:៤៧នាទីព្រឹក។

លោក Chris Gaffney ប្រធានទីផ្សារពិភពលោកនៅធនាគារអាមេរិក EverBank បានលើកឡើងថា “សេដ្ឋកិច្ចពិភពលោកមានភាពមិនប្រាកដប្រជា បូករួមជាមួយនឹងភាពតានតឹងភូមិសាស្ត្រនយោបាយ និងភាពមិនច្បាស់លាស់ទាក់ទងនឹងការបោះឆ្នោតនយោបាយ ដែលកត្តាទាំងនេះជាសញ្ញាវិជ្ជមានសម្រាប់តម្លៃមាស”។

កាលពីដើមឆ្នាំ២០២៤ ទីផ្សារមើលឃើញឱកាសនៃការបញ្ចុះអត្រាការប្រាក់ចំនួន៦លើកដោយធនាគារកណ្តាលអាមេរិក។ ប៉ុន្តែ នៅពេលនេះវិញ ទីផ្សារមើលឃើញឱកាសនៃការបញ្ចុះអត្រាការប្រាក់ត្រឹមតែមួយលើកប៉ុណ្ណោះ គឺនៅក្នុងខែធ្នូខាងមុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃ០,០៧ភាគរយ ដល់១០៥,៧៨ពិន្ទុនៅថ្ងៃព្រហស្បតិ៍នេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៤៧%ដល់២៦,៧៧ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,៧៤ភាគរយដល់៩៥៧,២៣ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,៤៣ភាគរយដល់៩៥២,៩៧ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង៩:៤៩នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here