អ្នកជំនាញអំពាវនាវស្ថាប័នផ្ដល់កម្ចីគួរវិភាគលំហូរសាច់ប្រាក់អតិថិជនជាមុន ជៀសវាងបំណុលលើសលប់

ដោយ: លក្ខិណា

ភ្នំពេញ ៖ ការផ្ដល់កម្ចីរបស់ស្ថាប័នធនាគារនិងមីក្រូហិរញ្ញវត្ថុទៅអតិថិជនគួរតែវិភាគទៅលើស្ថានភាព ហិរញ្ញវត្ថុរបស់អតិថិជនក៏ដូចជាលំហូរសាច់ប្រាក់របស់អតិថិជនជាមុនសិន មុននឹងសម្រេចផ្ដល់ឬមិនផ្ដល់ជូន ។ ការធ្វើបែបនេះ អាចកាត់បន្ថយបាននូវបំណុលលើសលប់ឬហៅថាបំណុលវ័ន្តករបស់អតិថិជន។

លោក សុខ វឿន ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍នៅថ្ងៃទី៤ ខែមីនានេះថា ស្ថាប័នហិរញ្ញវត្ថុនីមួយៗ មុនពេលដែលឱ្យអតិថិជនខ្ចីប្រាក់ គួរតែវិភាគឱ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេសវិភាគអំពីលំហូរសាច់ប្រាក់របស់អតិថិជនថាតើអតិថិជនមានលំហូរសាច់ប្រាក់គ្រប់គ្រាន់ដើម្បីផ្ដល់សំណងទៅ ស្ថាប័នវិញបានដែរឬទេ ហើយថាតើអតិថិជនអាចទទួលបានប្រាក់កម្ចីប៉ុន្មាននិងផ្ដល់រយៈពេលប៉ុន្មានសម្រាប់ការសងត្រលប់មកវិញ។

លោកបន្តថា ក្រៅពីការវិភាគទៅលើលំហូរសាច់ប្រាក់របស់អតិថិជនហើយ ស្ថាប័ននោះក៏ត្រូវវិភាគនិងស្រាវជ្រាវថាតើអតិថិជនម្នាក់នោះ មានបំណុលច្រើនប៉ុន្មានណាហើយ បើសិនជាកាត់មានបំណុលលើសពី៣ស្ថាប័ន ហើយស្វែងរកស្ថាប័នទី៤ដើម្បីរកប្រាក់កម្ចី មិនគួរឱ្យគាត់ខ្ចីបន្ថែមទៀតនោះទេ ដោយបិទច្រកតែប៉ុណ្ណឹងទៅចុះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្ថែមថា មួយវិញទៀតបើសិនជាអតិថិជនម្នាក់នោះ មានកម្ចីរួចហើយ តែខ្ចីបានរយៈពេល១ឆ្នាំឬកន្លះឆ្នាំនិងបានទៅរកកម្ចីពីស្ថាប័នផ្សេងច្រើនជាងស្ថាប័នទី១ ដើម្បីមកផ្ដាច់ទី១ ក៏ស្ថាប័នទី២មិនគួរផ្ដល់ឱ្យនោះដែរ ។ការធ្វើបែបនេះវាមានហានិភ័យខ្ពស់ លើបំណុលលើសលប់ដែរ។

លោកបណ្ឌិតអ៊ិន ចាន់នីប្រធានសមាគមធនាគារនៅកម្ពុជាបានមានប្រសាសន៍ផងដែរថា នៅក្នុងឆ្នាំ២០២១កន្លងទៅ អតិថិជនម្នាក់ខ្ចីប្រាក់១ស្ថាប័នមានអត្រា៧៧,៦ភាគរយ អតិថិជនម្នាក់ខ្ចី២ស្ថាប័នមាន១៨ភាគរយ អតិថិជនខ្ចី៣ស្ថាប័នមាន៣,៧ភាគរយ និងអតិថិជនម្នាក់ខ្ចី៤ស្ថាប័នគឺមាន០,៤ភាគរយហើយអតិថិជនខ្ចី៥ស្ថាប័នតែម្នាក់ឯងមិនមាននោះទេ។

លោកបន្តថា យើងបានតាមដានដឹងពីស្ថានភាពទាំងនេះ ដើម្បីនាំគ្នាទប់ស្កាត់អតិថិជនខ្ចីច្រើនស្ថាប័ន ដោយមិនចង់ឱ្យអតិថិជនមានបំណុលលើសលប់។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក៏ត្រូវភាពស្មោះត្រង់ពីអតិថិជនដែរ បើសិនជាគាត់ចង់បានបំណុលច្រើនហើយផ្ដល់ព័ត៌មានមិនច្បាស់លាស់ ក៏យើងពិបាកធ្វើការតាមដាន និងធ្វើឱ្យការផ្ដល់ឥណទានលើសលប់ផងដែរ។

លោកបន្ថែមថា ក្នុងស្ថានភាពវិបត្តិកូវីដ១៩ក្នុងរយៈពេល២ឆ្នាំកន្លងមក វិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជានៅតែមានដំណើរល្អប្រសើរដដែល ហើយមិនមានគ្រឹះស្ថានណាមួយរងផលប៉ះពាល់រហូតដល់ដួលរំលំ ឬបិទទ្វារនោះទេ ដោយយើងនៅតែបន្តដំណើរការបម្រើសេវាជូនអតិថិជនជាធម្មតា៕

LEAVE A REPLY

Please enter your comment!
Please enter your name here