តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ ពី ប្រាក់ដុល្លារងើបឡើងថ្លៃ ខណៈរបាយការណ៍ អតិផរណា អាមេរិក បាន បន្ទាបទស្សនវិស័យនៃ ការ បញ្ចុះអត្រា ការ ប្រាក់ ដោយធនាគារ កណ្តាល អាមេរិក (Fed)។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,១ភាគរយដល់ត្រឹម២១៦៣,១១ដុល្លារ ក្នុងមួយអោន  ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,០៥%មកនៅត្រឹម២១៦៦,៥០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:២១នាទីព្រឹក។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៥% ដល់២១៦៣,០៩ដុល្លារក្នុងមួយអោន ខណៈតម្លៃមាសរបស់សហរដ្ឋអាមេរិកU.S. gold futures បានធ្លាក់ចុះ០,៦% ដល់២១៦៧,៥ដុល្លារក្នុងមួយអោន។

លោក Chris Gaffney ប្រធានទីផ្សារពិភពលោកនៅក្រុមហ៊ុន EverBank បានព្យាករថា “តម្លៃមាសនឹងបន្តរងសម្ពាធ ដោយសារទិន្នន័យទាំងអស់បង្ហាញថា សេដ្ឋកិច្ច និងទីផ្សារការងាររបស់សហរដ្ឋអាមេរិកនៅតែមានភាពរឹងមាំ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា “វាពិតជាធ្វើឱ្យអ្នកវិនិយោគមានការងឿងចម្ងល់ថាតើធនាគារកណ្តាលអាមេរិក (Fed) នឹងសម្រេចចិត្តចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់របស់ខ្លួនលឿនប៉ុណ្ណា”។

សន្ទស្សន៍តម្លៃអ្នកផលិតរបស់អាមេរិក(PPI)បានកើនឡើង០,៦%ក្នុងខែកុម្ភៈ បើធៀបនឹងការរំពឹងទុកក្នុងរង្វង់០,៣% ស្របពេលមានការកើនឡើងនៃតម្លៃទំនិញដូចជាប្រេងសាំង និងអាហារ ដែលអាចបង្កឱ្យមានការភ័យខ្លាចថា អតិផរណាកំពុងកើនឡើងម្តងទៀត។

យោងតាមទិន្នន័យមួយផ្សេងទៀតបានបង្ហាញថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) នៅអាមេរិក បានកើនឡើង០,៤% លើមូលដ្ឋានប្រចាំខែកាលពីខែកុម្ភៈ។ បើគិតលើមូលដ្ឋានប្រចាំឆ្នាំវិញ សន្ទស្សន៍នេះបានកើនឡើង៣,២% លើសពីការព្យាករណ៍ ដែលរំពឹងថា នឹងកើនឡើង៣,១%។

ទស្សនវិស័យលើគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់  ស្របពេលដែលអត្រាអតិផរណាបានកើនឡើងនាពេលថ្មីៗនេះ។

តួយ៉ាង នៅក្នុងពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៦០ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែមិថុនាខាងមុខ បើធៀបនឹងឱកាស៧១ភាគរយ កាលពីដើមសប្តាហ៍។ នេះបើយោងតាមឧបករណ៍ CME FedWatch។

នៅថ្ងៃសុក្រនេះ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃដល់១០៣,៤៤ពិន្ទុ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៤២ភាគរយដល់២៤,៩២ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានធ្លាក់ចុះ០,០៦ភាគរយ ដល់៩២៦,៩៥ដុល្លារ ក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ១,១១%ដល់១០៥៧,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង៩:៤៤នាទីព្រឹក៕

LEAVE A REPLY

Please enter your comment!
Please enter your name here