តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពទ្រឹងនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពទ្រឹង នៅព្រឹកថ្ងៃព្រហស្បតិ៍នេះបន្ទាប់ពីរបាយការណ៍អតិផរណារបស់សហរដ្ឋអាមេរិក បានបន្ទាបការរំពឹងទុក នៃការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាល អាមេរិក ក្នុងពេលឆាប់ៗនេះ។

តួយ៉ាង តម្លៃមាស Spot Gold បានស្ថិតនៅទ្រឹងត្រឹម២១៧៣,៨៩ដុល្លារ ក្នុងមួយអោន  ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,០៨%មកនៅត្រឹម២១៧៩,១០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:១៩នាទីព្រឹក។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃពុធ ម្សិលមិញនេះ តម្លៃមាស Spot Gold បានងើបឡើងជិត០,៩% ដល់២១៧៦,០៦ដុល្លារក្នុងមួយអោន ខណៈតម្លៃមាសរបស់សហរដ្ឋអាមេរិកU.S. gold futures បានងើបឡើង០,៧% ដល់២១៨១,៨០ដុល្លារ។

យោងតាមទិន្នន័យបានបង្ហាញថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) នៅអាមេរិក បានកើនឡើង០,៤% លើមូលដ្ឋានប្រចាំខែកាលពីខែកុម្ភៈ។ បើគិតលើមូលដ្ឋានប្រចាំឆ្នាំវិញ សន្ទស្សន៍នេះបានកើនឡើង៣,២% លើសពីការព្យាករណ៍ ដែលរំពឹងថា នឹងកើនឡើង៣,១%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះជាយ៉ាងណាក្តី លោក David Meger នាយកផ្នែកជួញដូរលោហធាតុនៅក្រុមហ៊ុន High Ridge Futures បានលើកឡើងថា “យើងនៅតែជឿជាក់ និងរំពឹងថា ធនាគារកណ្តាលអាមេរិក (Fed) នឹងកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំនេះ និងការធ្លាក់ថ្លៃចុះនៃប្រាក់ដុល្លារ ដោយសារការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុនាពេលខាងមុខ”។

លោក Bob Haberkorn អ្នកយុទ្ធសាស្រ្តទីផ្សារជាន់ខ្ពស់នៅក្រុមហ៊ុន RJO Futures បានលើកឡើងថា ស្ថានភាពសម្រាប់ដុំមាសនៅពេលនេះគឺជាស្ថានភាពការឈ្នះ-ឈ្នះ ប្រសិនបើធនាគារ Fed កាត់បន្ថយអត្រាការប្រាក់ តម្លៃមាសនឹងហក់ឡើងខ្លាំង ប៉ុន្តែប្រសិនបើធនាគារ Fed មិនកាត់បន្ថយអត្រាការប្រាក់ទេ នោះវានឹងបង្កឱ្យមានការព្រួយបារម្ភអំពីអតិផរណា ដែលអាចជំរុញឱ្យតម្លៃមាសកើនឡើងកាន់តែខ្ពស់។

លោកបន្ថែមថា “ប្រសិនបើសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនកាន់តែតានតឹង អ្នកប្រហែលជារំពឹងថា បណ្តាប្រទេសលោកខាងលិចនឹងផ្តល់មូលនិធិបន្ថែមទៀតទៅដល់អ៊ុយក្រែន ហើយជាមូលដ្ឋាន បម្រែបម្រួលទីផ្សារមាសអាស្រ័យលើភូមិសាស្ត្រនយោបាយ”។

ប៉ុន្តែ ដោយសារតែរបាយការណ៍អតិផរណារបស់សហរដ្ឋអាមេរិកប្រចាំខែកុម្ភៈ បានកើនឡើងលើសពីការរំពឹងទុក ដូច្នេះ ឱកាសភាគរយនៃការបញ្ចុះអត្រាការប្រាក់ដោយធនាគារកណ្តាលអាមេរិក ក៏មានការថមថយចុះផងដែរ។

តួយ៉ាង នៅក្នុងពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៦៥ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែមិថុនាខាងមុខ បើធៀបនឹងឱកាស៧១ភាគរយ កាលពីដើមសប្តាហ៍។ នេះបើយោងតាមឧបករណ៍ CME FedWatch។

នៅថ្ងៃព្រហស្បតិ៍នេះ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០២,៧៧ពិន្ទុប៉ុណ្ណោះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,១១ភាគរយដល់២៥,០៧ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,៣៩ភាគរយ ដល់៩៤១,៦៥ដុល្លារ ក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,១៧%ដល់១០៦១,២៦ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង៩:៣៩នាទីព្រឹក៕

LEAVE A REPLY

Please enter your comment!
Please enter your name here