ក្រុមហ៊ុនថ្មីទី១១ បានឈានជើងចូលផ្សារមូលបត្រកម្ពុជា នៅក្នុងខែធ្នូនេះ

ដោយ: គង់ លាងហួរ
ភ្នំពេញ: ក្រុមហ៊ុន CIA FIRST International School Co., Ltd. បានក្លាយជាក្រុមហ៊ុនទី១១ ដែលបានចុះបញ្ជីសញ្ញាប័ណ្ណសាជីវកម្មរបស់ខ្លួននៅលើទីផ្សារមូលបត្រកម្ពុជា (CSX) កាលពីថ្ងៃពុធ ទី២៧ ខែធ្នូ។

លោក ត្រាំង លី ប្រធានក្រុមហ៊ុន CIA FIRST International School Co., Ltd. បានមានប្រសាសន៍ឱ្យដឹងថា សាលាបានបោះផ្សាយលក់មូលបត្របំណុលចំនួន៤១២.៥០០០ ដែលប្រមូលកៀរគរថវិកាបានប្រហែល១០លានដុល្លារអាមេរិក។

លោកបានថ្លែងនៅក្នុងពិធីចុះបញ្ជីជាផ្លូវការថា “ការបោះផ្សាយលក់មូលបត្របំណុលនេះគឺដើម្បីប្រមូលមូលនិធិសម្រាប់ការពង្រីកអាជីវកម្មរបស់យើង និងដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍន៍ការអប់រំប្រកបដោយគុណភាពខ្ពស់នៅកម្ពុជា”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បើយោងតាមប្រសាសន៍បញ្ជាក់របស់លោកត្រាំង លី បានឱ្យដឹងថាសាលា CIA មានសាខាចំនួន ៣ ទីតាំងនៅក្នុងរាជធានីភ្នំពេញ និងមានសិស្សប្រមាណ៥ពាន់នាក់។

 

លោក ហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជា (CSX) បានមានប្រសាសន៍ឱ្យដឹងថា មូលបត្របំណុលសាជីវកម្មរបស់ក្រុមហ៊ុនខាងលើមានកាលកំណត់រយៈពេលប្រាំឆ្នាំជាមួយនឹងអត្រាការប្រាក់របស់សញ្ញាប័ណ្ណក្នុងរង្វង់៦,៣ភាគរយក្នុងមួយឆ្នាំ។ លោកបានបន្តថា “ការចុះបញ្ជីថ្មីបង្ហាញយ៉ាងច្បាស់ពីទំនុកចិត្តរបស់ក្រុមហ៊ុន និងអ្នកវិនិយោគក្នុងផ្សារមូលបត្រកម្ពុជា ”។

លោក ហុង សុហួរ បញ្ជាក់ថា “គិតរហូតមកដល់ពេលនេះ CSX បានទទួលក្រុមហ៊ុនចុះបញ្ជីសរុបចំនួន២២ ដែលក្នុងនោះមានក្រុមហ៊ុនមូលធនចំនួន១១ និងក្រុមហ៊ុនមូលបត្របំណុលសាជីវកម្មចំនួន១១ ដែលប្រមូលបានដើមទុនសរុបប្រហែល៣៥៩លានដុល្លារ”។ លោកហុង សុហួរ បានបន្ថែមថាគិតរហូតមកដល់ពេលបច្ចុប្បន្ននេះអ្នកវិនិយោគប្រមាណ៤៧.០០០នាក់ បាន បើកគណនីជួញដូរនៅផ្សារមូលបត្រកម្ពុជា ។

ដោយបានចាប់ផ្តើមការជួញដូរនៅឆ្នាំ២០១២ CSX គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរដ្ឋាភិបាលកម្ពុជាដែលកាន់កាប់ភាគហ៊ុនចំនួន៥៥ភាគរយ និងក្រុមហ៊ុនKorean Exchange កាន់កាប់ភាគហ៊ុន៤៥ភាគរយដែលនៅសល់៕Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here