ក្រុមអ្នកជំនាញលើកឡើងថា គម្រោងព្រែកជីកហ្វូណន-តេជោនឹងជួយកាត់បន្ថយសម្ពាធពន្ធរបស់កម្ពុជា

ដោយ: គង់ លាងហួរ

ភ្នំពេញ: ក្រុមអ្នកជំនាញលើកឡើងថា នៅពេលគម្រោងព្រែកជីកហ្វូណន -តេជោ ត្រូវបានសាងសង់បញ្ចប់រួចរាល់ កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ជាអតិបរមា លើការដឹកជញ្ជូនតាមផ្លូវទឹក និងកាត់បន្ថយសម្ពាធពន្ធ។

ថ្លែងក្នុងសន្និសីទលើកដំបូង របស់សមាគមឧកញ៉ាកម្ពុជាកាលពីថ្ងៃសុក្រ សប្តាហ៍មុន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើង ពីអត្ថប្រយោជន៍សំខាន់ៗចំនួន៤ ដែលកម្ពុជានឹងទទួលបានពីគម្រោងព្រែកជីកនេះ រួមមាន អត្ថប្រយោជន៍សេដ្ឋកិច្ចក្នុងវិស័យដឹកជញ្ជូន វារីវប្បកម្ម កែលម្អប្រព័ន្ធធារាសាស្ត្រ និងទប់ស្កាត់ទឹកជំនន់នៅតំបន់ភាគនិរតីនៃប្រទេសកម្ពុជា។សម្ដេចតេជោបញ្ជាក់ថា “គម្រោងនេះ ជាចលនាគាំទ្រពីប្រជាពលរដ្ឋទូទាំងប្រទេស ព្រោះថាវានឹងជំរុញសេដ្ឋកិច្ចយ៉ាងខ្លាំង នៅពេលដែលព្រែកជីកនេះសាងសង់រួចរាល់ ហើយនឹងមិនមានការខ្វះខាតទឹកប្រើប្រាស់ សម្រាប់ប្រព័ន្ធធារាសាស្ត្រ ជាពិសេសសម្រាប់ប្រជាពលរដ្ឋដែលរស់នៅភាគនិរតីនោះទេ”។

សម្តេចតេជោបានបន្ថែមថា “ព្រែកជីកនេះតភ្ជាប់ផ្លូវទឹកដោយផ្ទាល់ពីរាជធានីភ្នំពេញ ទៅកាន់សមុទ្រតែម្តង ហើយវានឹងមិនឆ្លងកាត់ប្រទេសណាមួយ ឬប្រទេសវៀតណាម ដែលតម្រូវឱ្យបង់ប្រាក់ដើម្បីអនុញ្ញាតឱ្យទំនិញរបស់យើងឆ្លងកាត់ ដូចមុនទៀតនោះទេ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចសង្កត់ធ្ងន់ថា មូលហេតុដែលសម្តេចថ្លែងដោយបើកចំហបែបនេះ គឺដោយសារតែក្រុមអ្នកស្រាវជ្រាវវៀតណាម បានលើកឡើងដដែលៗ ពីផលប៉ះពាល់អវិជ្ជមាន នៃគម្រោងព្រែកជីករបស់កម្ពុជាលើទន្លេមេគង្គ ហើយថ្នាក់ដឹកនាំវៀតណាម ក៏មិនបានណែនាំដល់មន្ត្រីក្រោមឱវាទរបស់ខ្លួនឱ្យបញ្ឈប់ករណីនេះដែរ។

លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ឱ្យដឹងថា “​ទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយ​ករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្ដេជ្ញាចិត្តសាងសង់ព្រែកជីកនេះឱ្យបាន ទោះក្នុងតម្លៃណាក៏ដោយ”។ទាក់ទិននឹង​បញ្ហា​ថវិកា ​សម្រាប់យកមកស្ថាបនាគម្រោងនេះ លោក ប៉ែន បូណា បាន​គូសបញ្ជាក់​ថា រដ្ឋាភិបាល​មិន​បាន​ខ្ចី​ថវិកា​ពី​ប្រទេស​ណា​មួយ ហើយ​​រដ្ឋាភិបាល​ក៏នឹង​មិនប្រមូល​ប្រាក់ ពី​ពលរដ្ឋ​សម្រាប់​ការ​សាងសង់​គម្រោង​នេះ​ដែរ។

គម្រោងព្រែកជីកនេះ ត្រូវបានបើកចំហសម្រាប់ការវិនិយោគដល់វិស័យឯកជន ក្រោមកិច្ចសន្យាសាងសង់ ប្រតិបត្តិការ និងផ្ទេរ (BOT) ដែលអ្នកវិនិយោគនឹងផ្ទេរការគ្រប់គ្រងព្រែកជីក ទៅឱ្យរដ្ឋាភិបាលកម្ពុជាវិញ បន្ទាប់ពីបំពេញប្រតិបត្តិការ ក្នុងរយៈពេលជាក់លាក់ណាមួយ។

ជាមួយគ្នានេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ សេដ្ឋវិទូជាន់ខ្ពស់ និងជានាយកវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ឱ្យដឹងថា “គម្រោងព្រែកជីកហ្វូណន-តេជោ នឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើន ដល់ប្រទេសរបស់យើង រួមទាំងកាត់បន្ថយពេលវេលាដឹកជញ្ជូន និងបម្រុងទុកអត្ថប្រយោជន៍បន្ថែម ប្រមាណ៣០០ដុល្លារក្នុងមួយកុងតឺន័រ”។លោកបណ្ឌិតបន្ថែមថា “ខណៈពេលដែលកម្ពុជានឹងបញ្ចប់ឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច (LCD) ក្នុងរយៈពេលពីរឆ្នាំខាងមុខ កម្ពុជា នឹងត្រូវដកចេញដោយស្វ័យប្រវត្តិ ពីប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប”។ លោកបន្ថែមថា “ដូច្នេះ ព្រែកជីកនេះនឹងអនុញ្ញាតឱ្យកម្ពុជា រក្សានូវភាពប្រកួតប្រជែងរបស់ខ្លួន សម្រាប់ការនាំចេញទំនិញទៅកាន់ពិភពលោក”។

ចំណែក លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មចិន-កម្ពុជាបានលើកឡើងថា អ្នកនយោបាយវៀតណាមមិនគួរយកបញ្ហាពាណិជ្ជកម្ម មកធ្វើជារឿងនយោបាយនោះទេ។  ផ្ទុយទៅវិញ វៀតណាម គួរតែទទួលយកវាជាបទដ្ឋានអន្តរជាតិ នៃការអនុវត្តន៍ពាណិជ្ជកម្ម ដោយសាររដ្ឋសមាជិកអាស៊ាននីមួយៗ បានកាត់បន្ថយនូវការចំណាយ និងបង្កភាពងាយស្រួល នៃប្រតិបត្តិការអាជីវកម្ម ដើម្បីប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ និងទាក់ទាញលំហូរ FDI ទៅកាន់ប្រទេសរបស់ពួកគេរៀងៗខ្លួន។លោកបានបន្ថែមថា នៅពេលគម្រោងព្រែកជីកហ្វូណន-តេជោ ត្រូវបានសាងសង់បញ្ចប់រួចរាល់ នៅឆ្នាំ២០២៨ តម្លៃទំនិញ និងផលិ​តផលនានា នឹងមានកម្រិតទាបជាងមុន ហើយល្បឿននៃការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ក៏នឹងកាន់តែមានប្រសិទ្ធភាពផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here