តម្លៃប្រេងកើនឡើង ខណៈផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានបន្តកើនឡើងនៅថ្ងៃសុក្រនេះ ដោយសារភាពតានតឹងភូមិសាស្ត្រនយោបាយនៅតំបន់អឺរ៉ុប និងមជ្ឈិមបូព៌ា ការព្រួយបារម្ភអំពីការរឹតបន្តឹងការផ្គត់ផ្គង់ និងសញ្ញាសុទិដ្ឋិនិយមអំពីកំណើនតម្រូវការប្រេងឥន្ធនៈសកល ស្របពេលដែលសេដ្ឋកិច្ចស្ទុះងើបឡើងវិញ។

តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើង៤៩សេន ដល់៩១,១៤ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0108 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានកើនឡើង៣៧សេនដល់៨៦,៩៦ដុល្លារក្នុងមួយបារ៉ែល។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានស្ថិតនៅទ្រឹងត្រឹម១០៤,១៨ពិន្ទុនៅថ្ងៃសុក្រនេះ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះ នៅព្រឹកថ្ងៃសុក្រនេះ ខណៈការអត្ថាធិប្បាយពីក្រុមមន្ត្រីធនាគារកណ្តាលអាមេរិកមួយចំនួន និងការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយ បានធ្វើឱ្យទំនុកចិត្តវិនិយោគិនធ្លាក់ចុះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាក់ស្តែង ក្រុមមន្ត្រីធនាគារ Fed មួយចំនួនផ្សេងទៀត បានប្រកាន់យកទស្សនៈបែបអភិរក្សនិយម ជាពិសេសគឺលោក Neel Kashkari ប្រធានធនាគារ Fed ប្រចាំទីក្រុង Minneapolis ដែលលោកបានអះអាងថា ការកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំ២០២៤ ស្ថិតក្រោមការគំរាមកំហែង ប្រសិនបើអតិផរណានៅតែបន្តជាប់គាំង។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សន្ទស្សន៍ ផ្សារហ៊ុន នៅតំបន់អាស៊ី របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានធ្លាក់ថ្លៃចុះ០,៨៧ភាគរយ គិតត្រឹមម៉ោង១០:០២នាទីព្រឹក។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ២,៤២ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ១ភាគរយ។

ចំណែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 និងសន្ទស្សន៍ផ្សារហ៊ុន shanghai Composite របស់ប្រទេសចិនបានបិទការជួញដូរ ចាប់តាំងពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ០,៩៧ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ១,១៨ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here