តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះព្រមគ្នានៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃសុក្រនេះ ប៉ុន្តែបើគិតពេញមួយសប្តាហ៍ តម្លៃប្រេងកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅកើនឡើងជិត៤% ដោយសារការធ្លាក់ចុះយ៉ាងខ្លាំងនៃស្តុកប្រេងឆៅ និងឥន្ធនៈរបស់សហរដ្ឋអាមេរិក ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើរោងចក្រចម្រាញ់ប្រេងរុស្ស៊ី និងកំណើនតម្រូវការថាមពល។

តម្លៃប្រេងឆៅ Brent futures សម្រាប់ចែកចាយនៅខែឧសភាបានធ្លាក់ចុះ៤១សេន ឬ០,៥% មកនៅត្រឹម៨៥,០១ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 1234 GMT បន្ទាប់ពីបានកើនដល់៨៥,៤២ដុល្លារក្នុងមួយបារ៉ែល នៅពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ និងជាកម្រិតបំផុតមិនធ្លាប់មានគិតចាប់តាំងពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំមុន។

ចំណែកឯ តម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate (WTI) សម្រាប់ចែកចាយនៅខែមេសាបានធ្លាក់ចុះ៣២សេន ឬ០,៤% មកនៅត្រឹម៨០,៩៤ដុល្លារ បន្ទាប់ពីបានកើនដល់៨១,២៦ដុល្លារក្នុងមួយបារ៉ែល នៅពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍។

សន្ទស្សន៍តម្លៃអ្នកផលិតរបស់អាមេរិក(PPI)បានកើនឡើង០,៦%ក្នុងខែកុម្ភៈ បើធៀបនឹងការរំពឹងទុកក្នុងរង្វង់០,៣% ស្របពេលមានការកើនឡើងនៃតម្លៃទំនិញដូចជាប្រេងសាំង និងអាហារ ដែលអាចបង្កឱ្យមានការភ័យខ្លាចថា អតិផរណាកំពុងកើនឡើងម្តងទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមទិន្នន័យមួយផ្សេងទៀតបានបង្ហាញថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) នៅអាមេរិក បានកើនឡើង០,៤% លើមូលដ្ឋានប្រចាំខែកាលពីខែកុម្ភៈ។ បើគិតលើមូលដ្ឋានប្រចាំឆ្នាំវិញ សន្ទស្សន៍នេះបានកើនឡើង៣,២% លើសពីការព្យាករណ៍ ដែលរំពឹងថា នឹងកើនឡើង៣,១%។

ទស្សនវិស័យលើគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់  ស្របពេលដែលអត្រាអតិផរណាបានកើនឡើងនាពេលថ្មីៗនេះ។

តួយ៉ាង នៅក្នុងពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៦០ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែមិថុនាខាងមុខ បើធៀបនឹងឱកាស៧១ភាគរយ កាលពីដើមសប្តាហ៍។ នេះបើយោងតាមឧបករណ៍ CME FedWatch។

នៅថ្ងៃសុក្រនេះ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃដល់១០៣,៤៤ពិន្ទុ។

ចំណែកឯ ផ្សារហ៊ុននៅតំបន់អាស៊ីក៏បានធ្លាក់ថ្លៃចុះផងដែរ នៅថ្ងៃសុក្រនេះ បន្ទាប់ពីសន្ទស្សន៍តម្លៃអ្នកផលិតរបស់សហរដ្ឋអាមេរិក បានកើនឡើងខ្ពស់ជាងការរំពឹងទុក ដែលដាក់សម្ពាធទៅលើទស្សនវិស័យចំពោះការបញ្ចុះអត្រាការប្រាក់។

តាមរយៈការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ សន្ទស្សន៍ ផ្សារហ៊ុន អាស៊ី ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បានធ្លាក់ថ្លៃចុះ១,៤ភាគរយ គិតត្រឹមម៉ោង៩:៥១នាទីព្រឹក។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,១៥ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang send របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ១,៩៧ភាគរយ។

សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះ០,៧០ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានធ្លាក់ថ្លៃចុះ០,៣៥ភាគរយ។

ជាមួយគ្នានេះ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ១,០៤ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ១,១៧ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here