ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនានា បានរៀបំឥណទានឡោះងវិញជូនអតិថិជន បានចំនួន៥៧ពាន់គណនី ដែលស្មើនឹងទឹកប្រាក់ប្រមាណ៨៥០លានដុល្លារ ក្នុងរយៈពេល១១ខែឆ្នាំនេះ។
ចំនួនទឹកប្រាក់នេះ គឺស្មើនឹង ១,៥ ភាគរយនៃទំហំឥណទានក្នុងប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជា។ នេះបើយោងតាមមន្ត្រីនៅធនាគារជាតិនៃកម្ពុជា(NBC)។
អគ្គនាយករងបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ និងជាប្រធាននាយកដ្ឋានបទប្បញ្ញត្តិ ធនាគារជាតិនៃកម្ពុជា លោកស្រី ម៉ក់ រស្ម៊ី បានឱ្យដឹងក្នុងអំឡុងកិច្ចពិភាក្សាតុមូលស្តីពី “ស្ថានភាពបំណុលនៅកម្ពុជា” ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី៤ ខែធ្នូ ថា នៅត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ ២០២៤ ការរៀបចំឥណទានឡើងវិញពីសំណាក់គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា ជូនទៅដល់អតិថិជនរបស់ខ្លួន គឺមានប្រមាណ៥៧ពាន់គណនី ប៉ុន្តែបើគេរាប់ចំនួនអតិថិជន គឺមានត្រឹមតែជាង៥៣ពាន់អតិថិជនប៉ុណ្ណោះ។
ការរៀបចំឥណទានឡើងវិញ គឺជាវិធីសាស្រ្តក្នុងការជួយសម្រាលបន្ទុកចំណាយ ដល់អ្នកជាប់កម្ចីដែលជួបបញ្ហា ដោយសារការធ្លាក់ចុះប្រាក់ចំណូល។
លោកស្រីពន្យល់ថា មូលហេតុដែលចំនួនគណនីច្រើនជាងចំនួនអតិថិជន គឺដោយសារអតិថិជនខ្លះមានឥណទាន (ខ្ចីប្រាក់)នៅច្រើនគ្រឹះស្ថានហិរញ្ញវត្ថុ។ ដូច្នេះនៅពេលគាត់មានបញ្ហាប្រាក់ សម្រាប់បង់សងត្រឡប់ គឺពួកគាត់អាចឱ្យគ្រឹះស្ថាន ដែលគាត់ជំពាក់ទាំងអស់រៀបចំឥណទានឡើងវិញ។
លោកស្រីបន្តថា តាមរយៈទិន្នន័យខាងលើនេះបង្ហាញថា ការរៀបចំឥណទានឡើងវិញ ក្នុងអំឡុងពេលនេះ គឺនៅមានកម្រិតទាបនៅឡើយបើធៀបនឹងវិធានការណ៍ ដែលធនាគារជាតិបានដាក់ចេញកាលពីអំឡុងពេលការរីករាលដាលជំងឺកូវីដ១៩ ដែលមានប្រមាណ១០ភាគរយ។
យោងតាមរបាយការណ៍ ចំនួនឥណទានពិតជាបានថយចុះ ប៉ុន្តែទន្ទឹមនឹងនេះ យើងក៏បានសង្កេតឃើញថា ប្រាក់ចំណេញរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុគឺនៅមាននៅឡើយ។ ត្រង់ចំណុចនេះមានន័យថា ទោះបីជាឥណទាននៅមានត្រឹមប៉ុណ្ណឹង ក៏ធនាគារនៅអាចរស់បាន តាមរយៈប្រាក់ចំណេញបច្ចុរបស់គាត់។ អ៊ីចឹងមានន័យថា វិស័យធនាគារទាំងមូលនៅមានភាពធន់។
លោកស្រីលើកឡើងទៀតថា កន្លងមកមានបុគ្គលមួយចំនួនគិតថាការរៀបចំឥណទានឡើងវិញ ធ្វើឱ្យពួកគេទទួលបានផលចំណេញ ប៉ុន្តែធាតុពិត គឺវាធ្វើឱ្យអតិថិជន(អ្នកជាប់បំណុល) របស់គ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវបង់ការប្រាក់កាន់តែច្រើន ដោយសារតែការពន្យាពេលសង់ត្រឡប់។
សមាជិកក្រុមប្រឹក្សាភិបាលសមាគមធនាគារកម្ពុជា លោក តូច ចៅចេក បានឱ្យដឹងថា សម្រាប់គ្រឹះស្ថានធនាគារ គិតត្រឹមខែតុលា ឆ្នាំ២០២៤ ទំហំនៃការរៀបចំឥណទានឡើងវិញ មានទឹកប្រាក់ជាង ៥០០លានដុល្លារ។
លោកកត់សម្គាល់ថា ការរៀបចំឥណទានឡើងវិញ បានជួយសម្រួលឱ្យស្ថានភាពរបស់អតិថិជន វិលត្រឡប់មកធម្មតាវិញ ក្នុងនោះអ្នកដែលទទួលបានការរៀបចំឥណទានឡើងវិញ ពីខាងធនាគារមានប្រមាណ៧០ -៨០ភាគរយ អាចសងមកធនាគារបានទៀងទាត់ឡើងវិញ។
អ្នកវិភាគសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិតគី សេរីវឌ្ឍន៍ និយាយថា ស្ថានភាពបំណុលនៅប្រទេសកម្ពុជា ស្ថិតក្នុងកម្រិតមួយ ដែលនៅអាចគ្រប់គ្រងបាន ដោយវាពុំបង្កឱ្យមានការព្រួយបារម្ភនៅឡើយទេ។
ចំពោះការដាក់ចេញវិធានការរៀបចំ ឥណទានឡើងវិញពីសំណាក់ធនាគារជាតិនៃកម្ពុជា គឺពុំទាន់ទទួលបានលទ្ធផលជោគជ័យ គួរឱ្យកត់សម្គាល់ទេ ព្រោះមានបុគ្គលមួយចំនួន គឺមិនបានប្រើប្រាស់សេវាកម្មជាមួយគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការឡើយ ពោលគឺពួកគេជំពាក់បំណុលក្រៅប្រព័ន្ធ។
លោកបញ្ជាក់ថា “បញ្ហាបំណុលនេះ គឺជារឿងដែលមានការជាប់ពាក់ព័ន្ធពហុភាគី ហើយគោលនយោបាយនីមួយៗ ត្រូវការពេលវេលានៅក្នុងការអនុវត្ត ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ និងក៏ត្រូវការការចូលរួមពីគ្រប់ភាគីទាំងអស់”៕