ដោយ: គង់ លាងហួរ
អន្តរជាតិ: គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៥នេះ បន្ទាប់ពីបានចាក់គ្រឹះរួចរាល់ គម្រោងអគារខ្ពស់កប់ពពក Dubai Creek Tower ប្រកបដោយមហិច្ឆិតានៅទីក្រុងឌូបៃនៃប្រទេសអេមីរ៉ាត់អារ៉ាប់រួមបានធ្លាក់ចូលក្នុងសភាពជាប់គាំង។
ក្រោយពីបើកការដ្ឋាននៅខែតុលា ឆ្នាំ២០១៦ ការងារបុកគ្រឹះអគារបានបញ្ចប់ទាំងស្រុងចាប់តាំងពីខែឧសភា ឆ្នាំ២០១៨មក។ ប៉ុន្តែ ទោះជាយ៉ាងណា គិតរហូតមកទល់ឆ្នាំ២០២៥នេះ រចនាសម្ព័ន្ធគ្រោងឆ្អឹងអគារខាងលើដី(above-ground construction) មិនបានចាប់ផ្តើមការសាងសង់ឡើយ។
ការងារស្ថាបនាគម្រោងអគារខ្ពស់កប់ពពក Dubai Creek Tower បានជាប់គាំងកាលពីដើមឆ្នាំ២០២០ ក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩ ដោយគម្រោងនេះមិនមានវឌ្ឍនភាពទាល់តែសោះចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣។គម្រោងអគារ Dubai Creek Tower គ្រោងចំណាយទុនវិនិយោគ១ពាន់លានដុល្លារអាមេរិក។
កាលពីដើមឆ្នាំ២០២៤ ក្រុមហ៊ុន Emaar Properties ដែលជាអ្នកអភិវឌ្ឍន៍គម្រោងបានប្រកាសអំពីការផ្លាស់ប្តូរផែនការរចនាឌីហ្សាញអគារ Dubai Creek Towerឱ្យមានកម្ពស់ទាបជាងអគារ Burj Khalifa ខណៈផែនការចាស់កាលពីដំបូងឡើយគ្រោងសាងសង់ឱ្យខ្ពស់ជាងអគារ Burj Khalifa។
សរុបមក វឌ្ឍនភាពជារួមនៃអគារនេះសម្រេចបានក្រោម១០ភាគរយ ខណៈការបុកគ្រឹះបញ្ចប់រួចរាល់១០០ភាគរយ។ប៉ុន្តែ ការងាររចនាសម្ព័ន្ធគ្រោងឆ្អឹងអគារមិនបានចាប់ផ្តើមសាងសង់សោះឡើយ ឬមានន័យស្មើនឹងសូន្យភាគរយ។
ដូច្នេះ គម្រោងអគារខ្ពស់កប់ពពក Dubai Creek Tower ប្រកបដោយកិត្យានុភាពរបស់ទីក្រុងឌូបៃនៅតែបន្តស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ ដោយមិនមានកាលបរិច្ឆេទច្បាស់លាស់ថា នឹងបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរនៅពេលណានៅឡើយនោះទេ៕