ដោយៈ និស្ស័យ
ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា(NBC)សហការជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)រៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី១១ ស្តីពី “ការបែងចែកភូមិសាស្ត្រសេដ្ឋកិច្ច និងផលប៉ះពាល់មកលើកម្ពុជានិងតំបន់”។
សន្និសីទនេះ រៀបចំឡើងក្រោមអធិបតីភាព លោកស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រាជធានីភ្នំពេញ។
សន្និសីទដ៏មានសារៈសំខាន់នេះ ក៏មានវត្តមានចូលរួមរបស់លោកបណ្ឌិត Krishna Srinivasan ប្រធាននាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិក នៃមូលនិធិរូបិយវត្ថុអន្តរជាតិ ព្រមទាំងមន្ត្រី-តំណាងស្ថាប័នរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា វិទ្យាស្ថានសិក្សាស្រាវជ្រាវជាតិ-អន្តរជាតិ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ គ្រឹះស្ថានឧត្តមសិក្សាក្នុងស្រុក-ក្រៅស្រុក និងភាគីពាក់ព័ន្ធផ្សេងៗទៀត សរុបប្រមាណ១៥០រូប។
នៅក្នុងកម្មវិធីរយៈពេលមួយថ្ងៃនេះ វាគ្មិនជំនាញដែលមកពីធនាគារជាតិនៃកម្ពុជា មូលនិធិរូបិយវត្ថុអន្តរជាតិ ធនាគារពិភពលោក វិទ្យាស្ថានស្រាវជ្រាវ និងគ្រឹះស្ថានឧត្តមសិក្សា បានធ្វើបទបង្ហាញ ពិភាក្សា ចែករំលែកបទពិសោធន៍ និងសួរសំណួរយ៉ាងផុលផុសទាក់ទងនឹងប្រធានបទនៃសន្និសីទ៕