តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីប្រាក់ងើបឡើងថ្លៃ ខណៈដែលអ្នកវិនិយោគកំពុងរង់ចាំមើលការសម្រេចចិត្តលើគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក(Fed)ក្នុងកិច្ចប្រជុំនៅថ្ងៃពុធស្អែកនេះ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,០៤ភាគរយដល់ត្រឹម២១៥៩,១៩ដុល្លារ ក្នុងមួយអោន  ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,០៧%ដល់ត្រឹម២១៦៥,៨០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:២៤នាទីព្រឹក។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃច័ន្ទម្សិលមិញនេះ តម្លៃមាស Spot Gold បានងើបឡើង០,២%ដល់២១៥៩,៦៩ដុល្លារក្នុងមួយអោន ខណៈតម្លៃមាសរបស់សហរដ្ឋអាមេរិកU.S. gold futures បានងើបឡើង០,១% ដល់២១៦៤,៣ដុល្លារក្នុងមួយអោន។

លោក Daniel Pavilonis អ្នកយុទ្ធសាស្រ្តទីផ្សារជាន់ខ្ពស់នៅក្រុមហ៊ុន RJO Futures បានលើកឡើងថា “តម្លៃមាសអាចប្រែប្រួល អាស្រ័យទៅលើការសម្រេចចិត្តលើអត្រាការប្រាក់របស់ធនាគារ Fed ហើយការសម្រេចចិត្តលើអត្រាការប្រាក់របស់ធនាគារកណ្តាលជប៉ុនក៏អាចជះឥទ្ធិពលផងដែរ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Chris Gaffney ប្រធានទីផ្សារពិភពលោកនៅក្រុមហ៊ុន EverBank បានព្យាករថា “តម្លៃមាសនឹងបន្តរងសម្ពាធ ដោយសារទិន្នន័យទាំងអស់បង្ហាញថា សេដ្ឋកិច្ច និងទីផ្សារការងាររបស់សហរដ្ឋអាមេរិកនៅតែមានភាពរឹងមាំ”។

លោកបានបន្ថែមថា “វាពិតជាធ្វើឱ្យអ្នកវិនិយោគមានការងឿងចម្ងល់ថាតើធនាគារកណ្តាលអាមេរិក (Fed) នឹងសម្រេចចិត្តចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់របស់ខ្លួនលឿនប៉ុណ្ណា”។

សន្ទស្សន៍តម្លៃអ្នកផលិតរបស់អាមេរិក(PPI)បានកើនឡើង០,៦%ក្នុងខែកុម្ភៈ បើធៀបនឹងការរំពឹងទុកក្នុងរង្វង់០,៣% ស្របពេលមានការកើនឡើងនៃតម្លៃទំនិញដូចជាប្រេងសាំង និងអាហារ ដែលអាចបង្កឱ្យមានការភ័យខ្លាចថា អតិផរណាកំពុងកើនឡើងម្តងទៀត។

យោងតាមទិន្នន័យមួយផ្សេងទៀតបានបង្ហាញថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) នៅអាមេរិក បានកើនឡើង០,៤% លើមូលដ្ឋានប្រចាំខែកាលពីខែកុម្ភៈ។ បើគិតលើមូលដ្ឋានប្រចាំឆ្នាំវិញ សន្ទស្សន៍នេះបានកើនឡើង៣,២% លើសពីការព្យាករណ៍ ដែលរំពឹងថា នឹងកើនឡើង៣,១%។

ទស្សនវិស័យលើគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់  ស្របពេលដែលអត្រាអតិផរណាបានកើនឡើងនាពេលថ្មីៗនេះ។

តួយ៉ាង នៅក្នុងពេលនេះ ទីផ្សារមើលឃើញឱកាសចំនួន៥៤,៧ភាគរយ នៃការកាត់បន្ថយអត្រាការប្រាក់ ដោយធនាគារកណ្តាលអាមេរិក(Fed) នៅក្នុងខែមិថុនាខាងមុខ បើធៀបនឹងឱកាសជាង៧០ភាគរយ កាលពីដើមសប្តាហ៍មុន។ នេះបើយោងតាមឧបករណ៍ CME FedWatch។

នៅថ្ងៃអង្គារនេះ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃដល់១០៣,៦០ពិន្ទុ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,០៦ភាគរយដល់២៥,០៥ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,២៨ភាគរយដល់៩១៥,៣៥ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,៩៦%ដល់១០២២,២៤ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង៩:៣៥នាទីព្រឹកថ្ងៃអង្គារនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here