អា​រ៉ា​ប៊ី​សា​អូឌីត ចាប់ផ្ដើម​ផែនការ​វិនិយោគ ១,៣ ទ្រី​លាន​ដុល្លារ​អាមេរិក សម្រាប់​វិស័យ​ឯកជន​ដើម្បី​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ប្រេង

ដោយ​សុខុម

ក្រុង​រី​យ៉ា​ដ:  ព្រះអង្គម្ចាស់​រាជទាយាទ​នៃ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត មាន​ព្រះបន្ទូល​ថា ក្រុមហ៊ុន​ប្រេង Aramco និង​ក្រុមហ៊ុន​ផលិត​គីមី​ឥន្ធនៈ Saudi Basic Industries Corp (SABIC) នឹង​ដឹកនាំ​ការវិនិយោគ​របស់​វិស័យ​ឯកជន​ក្នុងប្រទេស​នេះ​ក្នុង​ទំហំ​ទឹកប្រាក់​រហូតដល់​ទៅ ៥ ទ្រី​លាន​រី​យ៉ា​ល់ (១,៣ ទ្រី​លាន​ដុល្លារ​អាមេរិក) នៅត្រឹម​ឆ្នាំ២០៣០ ក្រោម​កម្មវិធី​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច។ នេះ​បើ​យោងតាម​សារព័ត៌មាន Aljazeera ចុះផ្សាយ​កាលពី​ថ្ងៃទី៣១ មីនា។

ចំណាត់​ការដែល​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ ទី៣០ មីនា នេះ​ធ្វើឡើង​ក្នុង​គោលបំណង​កៀរគរវិស័យ​ឯកជន​ឱ្យជួយ​កាត់បន្ថយ​ការពឹងផ្អែក នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​លើ​ការនាំចេញ​ប្រេង​ដែល​នៅតែមាន​ទំហំ​ជាង​ពាក់កណ្តាល​នៃ​ប្រាក់ចំណូល​សរុប​របស់​រដ្ឋ ហើយនឹង​អភិវឌ្ឍ​វិស័យថ្មីៗដើម្បី​ជួយ​បង្កើត​ការងារ​សម្រាប់​ពលរដ្ឋ​អា​រ៉ា​ប៊ី​សា​អូឌីត រាប់លាន​នាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ព្រះអង្គម្ចាស់​រាជទាយាទ Mohammed bin Salman មាន​ព្រះបន្ទូល​តាម​កញ្ចក់​ទូរទស្សន៍​ថា កម្មវិធី​នេះ​គឺជា​ផ្នែក​មួយ​នៃ​ផែនការ​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់ ១២ ទ្រី​លាន​រី​យ៉ា​ល់ (៣,២ ទ្រី​លាន​ដុល្លារ​អាមេរិក) ដែល​បាន​គ្រោងទុក​នៅត្រឹម​ឆ្នាំ២០៣០ ។ នោះ​ក៏​រួមបញ្ចូល​ទាំង​ចំនួន ៣ ទ្រី​លាន​រី​យ៉ា​ល់ (៨០០ ពាន់​លាន​ដុល្លារ​អាមេរិក) បាន​ពី​មូលនិធិ​វិនិយោគសាធារណៈ (Public Investment Fund- PIF) និង​ចំនួន ៤ ទ្រី​លាន​រី​យ៉ា​ល់ (១,១ ទ្រី​លាន​ដុល្លារ​អាមេរិក) ក្រោម​យុទ្ធសាស្ត្រ​វិនិយោគ​ថ្មី​មួយ​របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​ក្នុងនោះ​ប្រមាណ ២ ទ្រី​លាន​រី​យ៉ា​ល់ (៥៣៣ ពាន់​លាន​ដុល្លារ​អាមេរិក) បាន​ពី​ការវិនិយោគ​បរទេស​ផងដែរ។

បូករួម​ជាមួយនឹង​ការចំណាយ​របស់​រដ្ឋាភិបាល និង​ការប្រើប្រាស់​ក្នុងស្រុក​ផង ចំនួន​ទឹកប្រាក់​វិនិយោគ​សរុប​នឹង​កើនឡើង​ដល់ ២៧ ទ្រី​លាន​រី​យ៉ា​ល់ (៧,២ ទ្រី​លាន​ដុល្លារ​អាមេរិក)។

ព្រះអង្គម្ចាស់​មានបន្ទូល​ថា “កម្មវិធី Shareek ថ្មី​នេះ​នឹង​ជួយ​វិស័យ​ឯកជន​បង្កើត​ការងារថ្មីៗរាប់សែន​កន្លែង ហើយនឹង​ជួយ​ជំរុញ​ការចូលរួមចំណែក​រប​ស់​វិស័យ​ឯកជន​ដល់ GDP (ផលិតផល​ក្នុងស្រុក​សរុប) រហូតដល់ ៦៥% ត្រឹម​ដំណាច់​ទសវត្សរ៍​នេះ” ។

ក្រោយមក ព្រះអង្គម្ចាស់​មាន​ព្រះបន្ទូល​ទៅកាន់​ក្រុម​អ្នកយកព័ត៌មាន​ក្នុង​សន្និសីទ​តាម​អន​ឡាញ​ថា ក្រុមហ៊ុន Aramco និង​ក្រុមហ៊ុន SABIC នឹង​បោះទុន ៦០% នៃ​ការវិនិយោគ ៥ ទ្រី​លាន​រី​យ៉ា​ល់ (១,៣ ទ្រី​លាន​ដុល្លារ​អាមេរិក) នេះ។

ព្រះអង្គម្ចាស់​បាន​គូសបញ្ជាក់ថា រដ្ឋាភិបាល​បានស្នើ​ឱ្យ​ក្រុមហ៊ុន​ចូលរួមធំៗបំផុត​ជួយ​កាត់បន្ថយ​ការផ្ដល់​ភាគលាភ (ចំណែក​ប្រាក់ចំណេញ) របស់ខ្លួន​ដើម្បី​បង្កើន​ការចំណាយ​មូលធន។

លោក Mohammed al-Jadaan រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ប្រទេស​នេះ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា ក្រុមហ៊ុន​ចំនួន ២៤ ដែល​ភាគច្រើន​ជា​ក្រុមហ៊ុន​ចុះបញ្ជី​ជា​សាធារណៈ​នឹង​វិនិយោគ​ទឹកប្រាក់​ចំនួន ២ ទ្រី​លាន​រី​យ៉ា​ល់ (៥៣៣ ពាន់​លាន​ដុល្លារ​អាមេរិក) នៅត្រឹម​ឆ្នាំ២០២៥ និង ៣ ទ្រី​លាន​រី​យ៉ា​ល់ (៨០០ ពាន់​លាន​ដុល្លារ​អាមេរិក) បន្ថែមទៀត​នៅត្រឹម​ឆ្នាំ២០៣០ ។

រដ្ឋមន្ត្រី​រូបនេះ​បានលើកឡើង​ទៀតថា រដ្ឋ​នឹង​ជួយ​គាំទ្រ​តាមរយៈ​កម្មវិធី​រួមមាន​ប្រាក់កម្ចី​គ្មាន​ការប្រាក់ ឬ​ការប្រាក់​ទាប​ពី​បណ្ដា​ស្ថាប័ន​អភិវឌ្ឍន៍​របស់​អារ៉ាប់​ប៊ី​សា​អូឌីត និង​ការលើកទឹកចិត្ត​ផ្នែក​ពន្ធ​ស្របតាម​គោលការណ៍​ណែនាំ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ៕

LEAVE A REPLY

Please enter your comment!
Please enter your name here