ដោយៈ ម៉ាល័យ
វៀតណាមៈ ការិយាល័យពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងហូជីមិញ អមស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានរៀបចំ ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា-វៀតណាម ឆ្នាំ២០២៦ ដោយសហការជាមួយក្រុមហ៊ុន Asia Business Insider (វៀតណាម) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦។
ពិព័រណ៍នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង បង្កើតជាវេទិកា សម្រាប់ផ្សព្វផ្សាយ និងលើកកម្ពស់ផលិតផលកម្ពុជា នៅលើទីផ្សារវៀតណាម និងទីផ្សារអន្តរជាតិ ដើម្បីស្វែងរកឱកាសទីផ្សារថ្មីៗ និងពង្រឹងទំនាក់ទំនងអាជីវកម្ម រវាងសហគ្រាសកម្ពុជា និងវៀតណាម ព្រមទាំងជំរុញការនាំចេញផលិតផល ដែលមានសក្តានុពលរបស់កម្ពុជាទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ ដោយមានការអញ្ជើញចូលរួមពី លោកអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ តំណាងក្រុមហ៊ុន សហគ្រាស និងស្ថាប័នពាក់ព័ន្ធមកពីកម្ពុជា និងវៀតណាម រួមមាន៖ ក្រុមហ៊ុនChampion Group កម្ពុជា ក្រុមហ៊ុ ClotheCam ក្រុមហ៊ុន ឆាដាគ្រុប ក្រុមហ៊ុនទឹកឃ្មុំកម្ពុជា សភាពាណិជ្ជកម្មកម្ពុជាខេត្តកំពង់ឆ្នាំង ព្រមទាំងតំណាងធុរកិច្ចកម្ពុជា-វៀតណាម ផ្សេងៗទៀតចំនួន ៥០ស្តង់។
ការចូលរួមរបស់ក្រុមហ៊ុន និងសហគ្រាសទាំងនេះ បានបង្ហាញពីសមត្ថភាពផលិត គុណភាព និងភាពចម្រុះនៃផលិតផលកម្ពុជា ព្រមទាំងជាឱកាស សម្រាប់បង្កើនការស្គាល់ផលិតផលកម្ពុជា កាន់តែទូលំទូលាយក្នុងចំណោមអ្នកប្រើប្រាស់ និងដៃគូអាជីវកម្មវៀតណាម។
បន្ថែមពីនេះ ព្រឹត្តិការណ៍ពិរព័រណ៍នេះ បានផ្តល់នូវវេទិកាសម្រាប់ការជួបជុំរវាងធុរជន ការផ្លាស់ប្តូរព័ត៌មានទីផ្សារ ការស្វែងយល់ពីតម្រូវការអ្នកប្រើប្រាស់ និងការស្វែងរកឱកាស សហប្រតិបត្តិការអាជីវកម្មថ្មីៗ ព្រមទាំងបានរួមចំណែក ក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម ព្រមទាំងជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ៕









