រដ្ឋ​មន្រ្តី​សេដ្ឋកិច្ច​នៅ​តែ​ចាត់​ទុក​វិស័យ SMEs មាន​សារៈសំខាន់​សម្រាប់​សេដ្ឋកិច្ច

ដោយៈ និស្ស័យ

    ភ្នំពេញៈ អគ្គបណ្ឌិតសភាចារ្យ លោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីបើកវេទិកាគយ និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាលើកទី១។

វេទិកាប្រារពកាលពីថ្ងៃទី១១ មិថុនា ធ្វើឡើងក្រោមប្រធានបទ “ការគាំទ្រ និងគាំពារសហគ្រាសធុនតូចនិងមធ្យម ដើម្បីជំរុញផលិតកម្មក្នុងស្រុក និងសមត្ថភាពប្រកួតប្រជែង ដែលរៀបចំដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) សហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (FASMEC)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វេទិកានេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង -ស្ថាប័នពាក់ព័ន្ធ តំណាងវិស័យឯកជន សមាគមធុរកិច្ច សហគ្រាសធុនតូចនិងមធ្យម (SMEs) និងភាគីពាក់ព័ន្ធជាច្រើនរូប ក្នុងគោលបំណងបង្កើតវេទិកាសន្ទនា និងការយល់ដឹងរួមរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន សម្រា​ប់ផ្សព្វផ្សាយបទប្បញ្ញត្តិ និងគោលនយោបាយ ស្តាប់បញ្ហាប្រឈម និងសំណូមពររបស់SMEs ព្រមទាំងស្វែងរកដំណោះស្រាយរួម សំដៅជំរុញផលិតកម្មក្នុងស្រុក និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសកម្ពុជា។

ឧកញ៉ាតែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល FASMEC បានលើកឡើងថា SMEs ជាកម្លាំងចលករដ៏សំខាន់ នៃសេដ្ឋកិច្ចកម្ពុជា និងជាមូលដ្ឋានគ្រឹះ នៃផលិតកម្មក្នុងស្រុក ប៉ុន្តែនៅតែជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួន ដូចជា ការទទួលបានហិរញ្ញប្បទាន ការចាប់យកបច្ចេកវិទ្យា និងការចូលទីផ្សារ ជាដើម។

ឧកញ៉ាក៏បានសម្តែងនូវការពេញចិត្ត ចំពោះការរៀបចំវេទិកានេះ និងសង្ឃឹមថា កិច្ចសហការរវាង អគរ និងFASMEC នឹងរួមចំណែកដោះស្រាយបញ្ហាប្រឈម និងបង្កើតបរិយាកាសធុរកិច្ចកាន់តែអំណោ​យផលសម្រាប់ SMEs។

លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានគូសរំលេចថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បាននិងកំពុងអនុវត្តកម្មវិធីកែទម្រង់ និងទំនើបកម្មវិស័យគយ ជាបន្តបន្ទាប់ ដើម្បីសម្រួលពាណិជ្ជកម្ម កាត់បន្ថយថ្លៃដើម ធ្វើធុរកិច្ច និងចូលរួមពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់វិស័យឯកជន។

លោកបានលើកឡើងអំពីវឌ្ឍនភាព នៃការធ្វើឌីជីថលូបនីយកម្មក្នុងវិស័យគយ ការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ និងវិធានការលើកទឹកចិត្តផ្នែកគយសម្រាប់SMEs ដែលរួមចំណែកកាត់បន្ថយពេលវេលា​បំពេញបែបបទគយ និងបង្កើនប្រសិទ្ធភាពសេវាសាធារណៈ។

លោកបណ្ឌិតជឿជាក់ថា កិច្ចសហការរវាងអគរ និង FASMEC នឹងក្លាយជាមូលដ្ឋានសំខាន់ ក្នុងការពង្រឹងភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន ក្នុងការរួមគ្នាលើកកម្ពស់បរិយាកាសធុរកិច្ច ការសម្រួលពាណិជ្ជ-កម្ម និងការពង្រឹងសមត្ថភាពប្រកួតប្រជែង របស់ផលិតផលខ្មែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here