គម្រោងថ្មីៗចំនួន៤០ បោះទុន​វិនិយោគ ២១០០លាន​ដុល្លារ​នៅ​កម្ពុជា​នៅ​ត្រីមាស​ទី១ឆ្នាំ២០២១នេះ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ រដ្ឋាភិបាល តាម​យៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានសម្រេច​អនុម័ត​គម្រោងថ្មីៗចំនួន៤០គម្រោង ដែល​បោះទុន​វិនិយោគ២.១១៥,៥លាន​ដុល្លារ នៅ​ត្រីមាស​ទី១ ឆ្នាំ២០២១នេះ និង​បង្កើត​ការងារ​រាប់ម៉ឺន​កន្លែង​សម្រាប់​ប្រជាជន​នៅក្នុង​ស្រុក បើទោះបី​ស្ថិតនៅក្នុង​វិបត្តិ​កូ​វីដ១៩ក៏ដោយ។

ក្នុង​ខែមីនា ឆ្នាំ២០២១ CDC បានសម្រេច​អនុម័ត​គម្រោង​វិនិយោគ​ចំនួន១៣ ដែល​បោះទុន​វិនិយោគ១.៣៦៩,២លាន​ដុល្លារ ឬ​ជាង១,៣៦ពាន់​លាន​ដុល្លារ និង​បង្កើត​ការងារ​រាប់ពាន់​កន្លែង​ដល់​ប្រជាជន​ក្នុងស្រុក ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ CDC ។

គម្រោង​វិនិយោគ​ថ្មី​ទាំង១៣ រួមមាន​ដូចជា គម្រោង​បង្កើត​រោងចក្រ​សម្លៀកបំពាក់  រោងចក្រ​ផ្គុំ​ដំ​ទ្បើង​សម្ភារៈ​អេ​ទ្បិ​ច​ត្រូ​និក និង​គ្រឿងបន្លាស់​អេ​ទ្បិ​ច​ត្រូ​និក រោងចក្រ​ផ្គុំ​ដំ​ទ្បើង​គ្រឿង​សម្ភារៈ​អគ្គិសនី រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ គម្រោង​បង្កើត​វារីវប្បកម្ម រោងចក្រ​ផលិត​គ្រឿង​បង្គុំ​ទោចក្រយាន និង​គ្រឿង​បំណែក​ទោចក្រយាន រោងចក្រ​ផលិត​ឱសថ រោងចក្រ​ផលិត​អេ​ប៉ុង​ស៍ ខ្នើយ គ្រែ​សា​ឡុង​ពូក និង​គ្រឿង​សង្ហា​រឹម និង​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ប្រើ​ដោយ​ធ្យូងថ្ម​ជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុង​ខែកុម្ភៈ ឆ្នាំ ២០២១ នេះ គម្រោង​វិនិយោគ​ចំនួន១៦ ដែលមាន​ទឹកប្រាក់​សរុប​ជាង៧០០លាន​ដុល្លារ ត្រូវបាន​អនុម័ត  ដោយបាន​បង្កើត​ការងារ​ថ្មី​ជាង១ម៉ឺន​កន្លែង បើទោះបីជា​ការរីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ ១៩ នៅតែ​តាម​យាយី​សេដ្ឋកិច្ចកម្ពុជា​ក្នុង​តំបន់ និង​ពិភពលោក​ក្តី។

របាយការណ៍​របស់ CDC បានឱ្យដឹងថា CDC បានអនុម័ត​គម្រោង​វិនិយោគថ្មីៗចំនួន១៦ ដែលមាន​ទុនវិនិយោគ​ចំនួន៧០២,៥លាន​ដុល្លារ​នៅក្នុង​ខែកុម្ភៈ ឆ្នាំ២០២១នេះ។

សម្រាប់​គម្រោង​វិនិយោគ​ថ្មី​ទាំង១៦នោះ​គឺ​ទៅលើ​ការបង្កើត​រោងចក្រ​ក្នុង​វិស័យ​កាត់ដេរ វាយ​ន​ភណ្ឌ កាបូប រោងចក្រ​ផលិត​សម្បក​កង់​យានយន្ត រោងចក្រ​ផលិត​សា​ឡុង គ្រែ និង​គ្រឿងសង្ហារិម​គ្រប់​ប្រភេទ បង្កើត​រោងចក្រ​ផលិត​គ្រឿងបន្លាស់ (រថយន្ត គ្រឿងចក្រ គ្រឿងយន្ត) និង​ប៊ូឡុង​គ្រប់​ប្រភេទ គម្រោង​សាងសង់ និង​អាជីវកម្ម​មន្ទីរ​ពហុ​ព្យាបាល​អន្តរជាតិ គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារ​បរិក្ខារ​សម្រាប់​ចង្ក្រាន BBQ, ផ្គុំ​ដំឡើង​បរិក្ខារ​អេឡិចត្រូនិក និង​អំពូល​ភ្លើង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្វាយរៀង ហ្គី​ហ្គា រី​ស៍ស និង​គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្រដាស។

យោងតាម​ទិន្នន័យ​កត់ត្រា ដោយ CDC បានបញ្ជាក់​ឲ្យ​ដឹងថា នៅក្នុង​ខែមករា ឆ្នាំ២០២១នេះ ខ្លួន​បានអនុម័ត​គម្រោង​វិនិយោគថ្មីៗចំនួន១១ ដែលមាន​ទុនវិនិយោគ​ចំនួន៤៣.៨លាន​ដុល្លារ​អាមេរិក បង្កើតបាន​ការងារ​ថ្មី​រាប់ពាន់​កន្លែង។

ការអនុម័ត​គម្រោង​វិនិយោគថ្មីៗនេះ សបញ្ជាក់​ឲ្យ​ឃើញថា ទោះបី​កម្ពុជា​ជួបប្រទះ​នូវ​វិបត្តិ​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ ដែល​បាន​ប៉ះពាល់​ដល់​សកលលោក​ក្តី ក៏​កម្ពុជា​នៅតែ​ទាក់ទាញ​នូវ​ការវិនិយោគថ្មីៗបន្ថែមទៀត​បាន​ផងដែរ។

គម្រោង​វិនិយោគ​ថ្មី​ទាំង១១នោះ​រួមមាន៖ បង្កើត​រោងចក្រ​ផលិត​បង់​ស្អិត​គ្រប់​ប្រភេទ រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ រោងចក្រ​ផលិត​ស្បែកជើង រោងចក្រ​ផលិត​ប្រអប់​ក្រដាសកាតុង និង​ផលិតផល​វេច​ខ្ចប់​ពី​ក្រដាស​គ្រប់​ប្រភេទ រោងចក្រ​ផលិត​កាបូប និង​រោងចក្រ​ផលិត​ធុង​ទឹកកក​ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here