ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្សធំៗរបស់​ចិន​បោះទុន​រាប់ពាន់​លាន​ដុល្លារ​ដើម្បី​ប្រែ​ជែងផលិត​រថយន្ត​អគ្គិសនី

ដោយៈ​ឧ​ត្ត​ម

សៀង​ហៃ:  បណ្តា​ក្រុមហ៊ុន​យក្សធំៗរបស់​ប្រទេស​ចិន បាននិងកំពុង​ប្រជែង​គ្នា​ដើម្បី​ផលិត​រថយន្ត​អគ្គិសនី ដោយ​បោះទុន​រាប់ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​ដណ្តើម​ឧត្ត​ម​ភាព​ក្នុង​បដិវត្តន៍​ទីផ្សារ​រថយន្ត​អគ្គិសនី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាក់ស្តែង ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​យក្ស​របស់​ចិន Xiaomi បានប្រកាស​កាលពី​ថ្ងៃ​អង្គារ ទី៣០ មីនា​ថា ខ្លួន​បាន​ចូលប្រឡូក​ក្នុង​ឧស្សាហកម្ម ផលិត​រថយន្ត​អគ្គិសនី (EV) ជា​ផ្លូវការ​ហើយ​នៅពេលនេះ ជាមួយនឹង​ការបង្កើត​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន CNA។

ជាដំបូង​ក្រុមហ៊ុន​នេះ នឹង​បោះទុន​វិនិយោគ​ចំនួន១០ពាន់​លាន​យ័ន (១,៥២ ពាន់​លាន​ដុល្លារ​អាមេរិក) នៅក្នុង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ ដែល​ខ្លួន​កាន់កាប់​ទាំងស្រុង ជាមួយនឹង​គោលដៅ​វិនិយោគ​សរុប១០ ពាន់​លាន​ដុល្លារ​អាមេរិក នៅ​រយៈពេល១០ឆ្នាំក្រោយ។

ក្រុមហ៊ុន​នេះ​បាន​បញ្ជាក់ថា លោក Lei Jun ដែលជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Xiaomi ក៏​នឹង​កាន់តំណែង​ជានា​យក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នេះ​ផងដែរ។ ចំណាត់ការ​របស់​ក្រុមហ៊ុន​នេះ នៅក្នុង​ការ​ហក់​ចូលប្រឡូក ក្នុង​ឧស្សាហកម្ម​រថយន្ត​អគ្គិសនី ធ្វើឡើង​ក្រោយ ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្នាត​យក្សផ្សេងៗទៀត ទាំង​នៅ​ប្រទេស​ចិន និង​ក្រៅប្រទេស សម្រុកចូល​ប្រឡូក​ក្នុង​ឧស្សាហ​កម្មនេះ​ជា​បន្តបន្ទាប់។

នៅ​ខែមករា ដើមឆ្នាំ២០២១ ក្រុមហ៊ុន​ស្រាវជ្រាវ​ខ្នាត​យក្ស​របស់​ចិន Baidu បានប្រកាសថា ខ្លួន​នឹង​បង្កើត​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី តាមរយៈ​ភាពជា​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ត ក្នុងស្រុក Geely Automobile Holdings។

នៅ​ខែកុម្ភៈ ដើមឆ្នាំ២០២១ ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ចុះផ្សាយ​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផលិត​ស្មា​ត​ហ្វូ​ន ខ្នាត​យក្ស​របស់​ចិន Huawei Technologies កំពុង​ចរចា ជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ត​គ្រប់គ្រង​ដោយ​រដ្ឋ Changan Automobile និង​ក្រុមហ៊ុនផ្សេងៗទៀត​ដើម្បី​ផលិត​រថយន្ត​អគ្គិសនី។

យោងតាម​សារព័ត៌មាន​ចុះផ្សាយ​ឱ្យដឹងថា ក្រុមហ៊ុន​យក្ស​របស់​សហរដ្ឋអាមេរិក Apple ក៏​បាននិងកំពុង​រៀប​ចំ​ផែនការ​ចូលប្រឡូក ក្នុង​ទីផ្សារ​ផលិត​រថយន្ត​អគ្គិសនី​ដែរ។

កាលពី​សប្តាហ៍​មុន ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ចុះផ្សាយ​ថា ក្រុមហ៊ុន Xiaomi កំពុង​ចរចា​ចាប់​ដៃគូ​សហការ ជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន Great Wall Motor Co សម្រាប់​ការជួយជ្រោមជ្រែង នៅក្នុង​ការផលិត​រថ​យន្ត​អគ្គិសនី។

ទោះជា​យ៉ាងណា ក្រុមហ៊ុន Xiaomi បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​ជុំវិញ​ព័ត៌មាន​ចុះផ្សាយ​នេះ ចំណែកឯ​ក្រុមហ៊ុន Great Wall បាន​ប្រាប់ថា ខ្លួន​មិនបាន​ចរចា​ចាប់​ដៃគូ​សហការ​បែបនេះ ជាមួយ​ក្រុមហ៊ុន ​Xiaomi នោះឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here