ដោយៈសុខុម
វ៉ាស៊ីនតោន: កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ មីនា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន បានលើកឡើងគួរឱ្យភ្ញាក់ផ្អើលថា លោកនឹងរារាំងមិនឱ្យមហាយក្សចិន វ៉ាឈ្នះសហរដ្ឋអាមេរិក ក្លាយជាប្រទេសដ៏មានឥទ្ធិពលបំផុត ឬក្លាយបងធំទី១ របស់ពិភពលោកឡើយ។
លោកបៃដិន បានប្តេជ្ញាវិនិយោគ ក្នុងទំហំទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីធានាបានថា សហរដ្ឋអាមេរិក នឹងឈ្នះនៅក្នុងសង្គ្រាមប្រកួតប្រជែងឥទ្ធិពល រវាងសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោកនេះ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី២៦ មីនា។
លោក ចូ បៃឌិប និយាយថា លោកធ្លាប់បានចំណាយពេល “ជាច្រើនម៉ោង” ជាមួយប្រធានាធិបតីចិន លោកស៊ី ជីនភីង នៅពេលលោកកាន់តំណែង ជាអនុប្រធានាធិបតីក្រោមអតីតប្រធានាធិបតីបារ៉ាក់ អូបាម៉ា ហើយលោកជឿជាក់ថា ប្រធានាធិបតីចិន រូបនេះយល់ថា របបដឹកនាំផ្ដាច់ការជាមាគ៌ាដ៏ល្អ ឆ្ពោះទៅកាន់អនាគតដ៏ត្រចះត្រចង់ គឺមិនមែនលទ្ធិប្រជាធិបតេយ្យនោះឡើយ។
ប្រធានាធិបតីមកពីប្រជាធិបតេយ្យរូបនេះលើកឡើងទៀតថា លោកធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ នៅចំពោះលោកស៊ី ជីនភីងថា សហរដ្ឋអាមេរិក មិនចង់ឱ្យមានការប្រឈមមុខដាក់គ្នាឡើយ ប៉ុន្តែទទូចឱ្យមហាយក្សចិន គោរពតាមច្បាប់អន្តរជាតិ ធ្វើការប្រកួតប្រជែងដោយយុត្តិធម៌ ធ្វើពាណិជ្ជកម្មដោយភាពត្រឹមត្រូវ និងគោរពសិទ្ធិមនុស្ស។
លោកបានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅសេតវិមានថា “ប្រទេសចិន មានគោលដៅរួមមួយ គឺធ្វើយ៉ាងណាឱ្យក្លាយជាប្រទេសឈានមុខគេ នៅលើពិភពលោក ជាប្រទេសមានស្តុកស្ដម្ភបំផុតលើពិភពលោក និងជាប្រទេសមានឥទ្ធិពលបំផុតលើពិភពលោក។ រឿងនោះនឹងមិនអាចកើតឡើងឡើយ បើតាមការឃ្លាំមើលរបស់ខ្ញុំ ព្រោះសហរដ្ឋអាមេរិក នឹងនៅតែបន្តរីកចម្រើនមិនឈប់” ។
ក្នុងសន្និសីទសារព័ត៌មានលើកដំបូងរបស់លោក ចាប់តាំងពីចូលកាន់តំណែងជាប្រធានាធិបតីក្នុងខែមករា ដើមឆ្នាំ២០២១ នេះ លោកចូ បៃឌិន ថ្លែងថា “គាត់ [ស៊ី ជីនភីង] មិនខុសពីលោក ពូទីន [ប្រធានាធិបតីរុស្ស៊ី] នោះទេដែលយល់ថា របបដឹកនាំផ្ដាច់ការគឺជាដំណើរឆ្ពោះទៅកាន់អនាគត ហើយលទ្ធិប្រជាធិបតេយ្យ មិនបានផលឡើយនៅក្នុងពិភពលោកដ៏ស្មុគស្មាញដែលមិនធ្លាប់មាននេះ” ។
កាលពីដើមខែមីនានេះ លោក ចូ បៃឌិន បានប្រាប់សារព័ត៌មាន ABC News គួរឱ្យភ្ញាក់ផ្អើលថា លោកជឿថាលោក ពូទីន គឺជា “ឃាតករ” ដែលបានបង្កឱ្យមហាជនផ្ទុះកំហឹងនៅទីក្រុងមូស្គូ។
លោកចូ បៃឌិន និយាយថា “គាត់ [ស៊ី ជីនភីង] គ្មានឈាមប្រជាធិបតេយ្យ សូម្បីតែបន្តិចនៅក្នុងខ្លួនរបស់គាត់ ប៉ុន្តែគាត់ជាមនុស្សឆ្លាត” ។
លោកចូ បៃឌិន ធ្លាប់បានលើកឡើងបែបនេះដែរ អំឡុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់លោក។ ការថ្លែងចុងក្រោយនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីជំនួបពិភាក្សាផ្ទាល់កម្រិតខ្ពស់ជាលើកដំបូង រវាងក្រុមមន្ត្រីសហរដ្ឋអាមេរិក និងក្រុមមន្ត្រីចិន ក្រោមរដ្ឋបាលរបស់លោកនៅរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក។
ជាការឆ្លើយតប លោក Cui Tiankai ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅសហរដ្ឋអាមេរិក បានប្រាប់សារព័ត៌មាន CNN ថា គោលបំណងរបស់ប្រទេសចិន គឺដើម្បី “បំពេញសេចក្តីប្រាថ្នារបស់ប្រជាជនចិន ដែលចង់បានជីវិតល្អប្រសើរជាងមុន។ គោលបំណងរបស់យើងគឺមិនមែនប្រកួតប្រជែងជាមួយប្រទេសណាមួយ ឬជំនួសតំណែងប្រទេសណាមួយឡើយ។ នេះមិនមែនជាយុទ្ធសាស្ត្រជាតិរបស់យើងនោះទេ” ។
លោក Cui Tiankai លើកឡើងថា “ការធ្វើឱ្យពិភពលោក បែកបាក់សាមគ្គីមិនមែនជាដំណោះស្រាយ ដែលអាចជួយកម្ចាត់វីរុសកូវីដ-១៩ ឬជួយដោះស្រាយការប្រែប្រួលអាកាសធាតុ ឬលុបបំបាត់ភាពក្រីក្របាននោះឡើយ” ។
ឯកអគ្គរដ្ឋទូតចិនរូបនេះបានបន្តថា “យើងយល់ថា ការប៉ុនប៉ងណាមួយ ដើម្បីធ្វើ ឱ្យពិភពលោក បែកបាក់សាមគ្គីទៅជាក្រុមផ្សេងៗគ្នា ឬសូម្បីបង្កើតប្លុកយោធា ដែលប្រឈមមុខដាក់គ្នា មិនមែនជាដំណោះស្រាយឡើយ” ។
លោកចូ បៃឌិន ថ្លែងថា លោកនឹងសហការជាមួយ បណ្ដាប្រទេសសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ដើម្បីចាប់ឱ្យមហាយក្សចិន ទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួនធ្វើដាក់កោះតៃវ៉ាន់ ក្រុងហុងកុង បញ្ហាសមុទ្រចិនខាងត្បូង និងការប្រព្រឹត្តរបស់ខ្លួនលើជនជាតិដើមភាគតិចវីហ្គួរ នៅតំបន់ស្វយ័តស៊ីនជាំង (Xinjiang) ព្រមទាំងជំរុញឱ្យរដ្ឋាភិបាលក្រុងប៉េកាំង គោរពច្បាប់អន្តរជាតិ ធ្វើពាណិជ្ជកម្មដោយភាពត្រឹមត្រូវ។
លោកលើកឡើងថា លោកបានប្រាប់លោក ស៊ី ជីនភីង ក្នុងកិច្ចសន្ទនាមួយមានរយៈពេល២ម៉ោង បន្ទាប់ពីលោកចូលកាន់តំណែងថា “ដរាបណា គាត់ និងប្រទេសរបស់គាត់ នៅតែបន្តរំលោភសិទ្ធិមនុស្ស ដោយច្បាស់ក្រឡែត យើងនឹងបន្តអំពាវនាវឥតឈប់ឱ្យពិភពលោកដឹងជួយដឹងឮ ហើយបញ្ជាក់ឱ្យច្បាស់ថាមានអ្វីកំពុងកើតឡើង។ ហើយគាត់ក៏យល់ពីបញ្ហានោះ” ។
លោក ចូ បៃឌិន បានបន្តទៀតថា បើមិនធ្វើដូច្នេះទេ ដូចដែលបានកើតឡើងក្រោមរដ្ឋការរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ វានឹងធ្វើឱ្យពិភពលោក បាត់បង់ការជឿជាក់លើសហរដ្ឋអាមេរិក។
លោកគូសបញ្ជាក់ថា “នៅពេលដែលប្រធានាធិបតីមួយរូប គេចចេញពីបញ្ហានោះ ដូចដែលប្រធានធិបតីចុងក្រោយបង្អស់បានធ្វើ គឺជាពេលដែលយើងចាប់ផ្តើមបាត់បង់ភាពស្របច្បាប់ របស់យើងនៅទូទាំងពិភពលោក” ។
ជាការឆ្លើយតប លោក Cui Tiankai ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅសហរដ្ឋអាមេរិក បានបដិសេធថា រដ្ឋាភិបាលចិន មិនបានបំបែកបំបាក់គ្រួសារ ជនជាតិដើមភាគតិចវីហ្គួរ នៅតំបន់ស៊ីនជាំង ដូចការចោទប្រកាន់នោះឡើយ។ លោកបានប្រាប់សារព័ត៌មាន CNN ថា “ខ្ញុំសូមបញ្ជាក់ឱ្យបានច្បាស់ថា ប្រទេសចិន មិនធ្វើរឿងទាំងអស់នេះឡើយ” ។
លោក ចូ បៃឌិន ដែលគ្រោងបង្ហាញសំណើហេដ្ឋារចនាសម្ព័ន្ធ ក្នុងទំហំទឹកប្រាក់រាប់ទ្រីលានដុល្លារ នៅសប្តាហ៍ក្រោយបាននិយាយថា លោកធានាថានឹងបង្កើនការវិនិយោគរបស់សហរដ្ឋអាមេរិក លើបច្ចេកវិទ្យាថ្មីៗដូចជាបច្ចេកវិទ្យា Quantum Computing បញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាជីវៈជាដើម។
លោកលើកឡើងថា លោកមានបំណងជំរុញ ការវិនិយោគរបស់សហរដ្ឋអាមេរិក លើការស្រាវជ្រាវ និងការអភិវឌ្ឍបច្ចេកវិទ្យាពី០,៧% នាពេលបច្ចុប្បន្នឱ្យឈានជិតដល់ ២% នៃផលិតផលក្នុងស្រុកសរុប (GDP) ដូចនៅក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ។
លោកថ្លែងថា “អនាគតគឺស្ថិតនៅលើអ្នក ដែលមានសមត្ថភាពអាចធ្វើជាម្ចាស់ក្ដោបក្ដាប់អនាគត ព្រោះវាទាក់ទងទៅនឹងបច្ចេកវិទ្យា រួមមាន Quantum Computing ចំណុចរួមផ្សំជាច្រើន រួមទាំងនៅក្នុងវិស័យវេជ្ជសាស្ត្រផងដែរ” ។
លោកបញ្ជាក់ថា “យើងនឹងធ្វើការវិនិយោគពិត” ។ លោកបានធ្វើការកត់សម្គាល់ថា “ប្រទេសចិន វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ច្រើនជាងសហរដ្ឋអាមេរិកដល់ទៅ៣ ដងឯណោះ” ៕