ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​គ្រោង​វិនិយោគ១០ពាន់​លាន​ដុល្លារ​អាមេរិក​នៅប្រទេស​ឥណ្ឌូនេស៊ី

ដោយៈ​សុខុម

ឌូ​បៃ: ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​របស់​អារ៉ាប់​រួម​អេ​មី​រ៉ា​ត បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​អង្គារ ទី២៣ មីនា ថា ប្រទេស​នេះ​នឹង​វិនិយោគ ទឹកប្រាក់​ចំនួន១០ពាន់​លាន​ដុល្លារ​អាមេរិក លើ​មូលនិធិ​វិនិយោគ (Sovereign Wealth Fund) ទើប​បង្កើត​ថ្មី​របស់​ប្រទេស​ឥណ្ឌូណេស៊ី ដែល​នឹងត្រូវ​យកទៅ​ចំណាយ​លើ​គម្រោង​នានា ក្នុង​សេដ្ឋកិច្ច​ធំ​បំផុត​នៅ​អាស៊ីអាគ្នេយ៍ មួយ​នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នេះ​គឺជា​ការសន្យា​បោះទុន​វិនិយោគ​ធំ​បំផុត របស់​បរទេស​សម្រាប់​អាជ្ញាធរ​វិនិយោគ​ឥណ្ឌូណេស៊ី (INA) និង​ជាការ​វិនិយោគ​ដំបូងបង្អស់ ចាប់តាំងពី​មូលនិធិ​នេះ​ត្រូវបាន​ដំណើរការ​ជា​ផ្លូវការ​កាលពី​ខែកុម្ភៈ។

ក្រុមមន្ត្រី​ឥណ្ឌូនេស៊ី ធ្លាប់បាន​លើកឡើងថា នៅ​មុនពេល​មូលនិធិ​នេះ ដំណើរការ​ជា​ផ្លូវការ អាជ្ញាធរ​វិនិយោគ​ឥណ្ឌូណេស៊ី ក៏​ធ្លាប់​ទទួលបាន​ការសន្យា បោះទុន​វិនិយោគ​រហូត​ដល់​ទៅ១០ពាន់​លាន​ដុល្លារ​អាមេរិក​ផងដែរ ពី​សំណាក់​ក្រុមហ៊ុន និង​ទីភ្នាក់ងារ​នានា​ទូទាំង​ពិភពលោក​រួមមាន ទីភ្នាក់ងារ​សហរដ្ឋអាមេរិក ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ (USAID) សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC)  ធនាគារ​ជប៉ុន ដើម្បី​កិច្ច​សហ​ប្រវត្តិ​ការ​អន្តរជាតិ (Japan Bank for International Cooperation) និង​មូលនិធិ​សោធន​បរទេស​មួយចំនួន​ទៀត។

ដើម្បី​ដំណើរការ​មូលនិធិ​វិនិយោគ​នេះ រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា​នឹង​ផ្ដល់ទុន​ចំនួន៥ពាន់​លាន​ដុល្លារ​អាមេរិក ជា​សាច់ប្រាក់ និង​ទ្រព្យសម្បត្តិផ្សេងៗទៀត។ ខុសពី​មូលនិធិ​វិនិយោគ​ជាច្រើន​ផ្សេងទៀត ដែល​គ្រប់គ្រង​ប្រាក់ចំណូល​ប្រេង ដែល​លើស ឬ​ទុនបម្រុង​អន្តរជាតិ (Foreign Exchange Reserves) អាជ្ញាធរ​វិនិយោគ​ឥណ្ឌូណេស៊ី ស្វះ​ស្វែងរក​មូលនិធិ​បរទេស​នានា មក​ធ្វើជា​សហ​វិនិយោគិន ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ការស្ដារ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ពី​វិបត្តិ​កូ​វីដ-១៩ ។

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ WAM របស់​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​បាន​ចុះផ្សាយ​ថា ការវិនិយោគ​របស់​ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​នេះ នឹងត្រូវ​យកទៅ​ប្រើប្រាស់ សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​រួមមាន ផ្លូវថ្នល់ កំពង់ផែ ព្រមទាំង​វិស័យ​ទេសចរណ៍ កសិកម្ម និង “វិស័យ​ជា​យុទ្ធសាស្ត្រ” ផ្សេងៗទៀតផង​ដែរ។

ទោះជា​យ៉ាងណា មិនទាន់មាន​ការបញ្ជា​ក់​ពី​ពេលវេលា​ជាក់ នៃ​ការទម្លាក់​ទុនវិនិយោគ​នេះ​នៅឡើយ​ទេ។

អ្នកនាំពាក្យ​ក្រសួង​សម្របសម្រួល​កិច្ចការ​នាវាចរណ៍ និង​វិនិយោគ​របស់​ប្រទេស​ឥណ្ឌូណេស៊ី​បាន​លើកឡើងថា ប្រទេស​ឥណ្ឌូនេស៊ី បាន​ស្វាគមន៍​ការប្រកាស​នេះ ហើយ​ខ្លួន​នឹង “ជួយ​បង្រួម​គម្លាត រវាង​សមត្ថភាព​ផ្ដល់​មូលនិធិ​ក្នុងស្រុក និង​តម្រូវការ​សម្រាប់​កម្មវិធី​អភិវឌ្ឍន៍​នានា” ។

ក្រុមមន្ត្រី​និយាយថា អាជ្ញាធរ​វិនិយោគ​ឥណ្ឌូណេស៊ី នឹង​ផ្តល់ឱកាស​ដល់​វិនិយោគិន​បរទេស​នានា ឱ្យក្លាយ​ជា​សហ​វិនិយោគិន នៅក្នុង​មូលនិធិ​វិនិយោគ​នេះ។

ទីភ្នាក់ងារ​ដាក់​កម្រិត​ឥណទាន របស់​សហរដ្ឋអាមេរិក Fitch Ratings បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ ទី២២ មីនា​ថា ការចាប់ផ្តើម​ដំណើរការ​មូលនិធិ​វិនិយោគ របស់​អាជ្ញាធរ​វិនិយោគ​ឥណ្ឌូណេស៊ី​នេះ ទំនងជា​មិនអាច​កាត់បន្ថយ កម្រិត​បំណុល​របស់​ក្រុមហ៊ុន​នានា​ក្នុងប្រទេស​នេះនោះ​ឡើយ​ក្នុង​រយៈពេល​ខ្លី ប៉ុន្តែ​សមត្ថភាព​របស់​ប្រទេស​ឥណ្ឌូនេស៊ី នៅក្នុង​ការ​កៀរគរ​មូលនិធិ ប្រហែលជា​អាច​រឹងមាំ​ជាង​មុន ប្រសិនបើ​មូលនិធិ​នេះ​អាច​ទាញ​មូលធន​បរទេស​ចូលក្នុង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នានា។

ទោះជា​យ៉ាងណា ទីភ្នាក់ងារ​ដាក់​កម្រិត​ឥណទាន Fitch Ratings រំពឹងថា ការ​កៀរគរ​មូលនិធិ​បែបនេះ នឹង​លេចចេញ​ជា​រូបរាង​ក្នុង​រយៈពេល​វែង បន្ទាប់ពី​អាជ្ញាធរ​វិនិយោគ​ឥណ្ឌូណេស៊ី មានកំណត់​ត្រា​ផ្ដល់​មូលនិធិ និង​គ្រប់គ្រង​គម្រោង​ត្រឹមត្រូវ។

មន្ត្រី​និយាយថា អាជ្ញាធរ​វិនិយោគ​ឥណ្ឌូណេស៊ី បាននិងកំពុង​ពិនិត្យមើល​ឡើងវិញ​នូវ​ឱកាស​វិនិយោគ លើ​គម្រោង​ផ្លូវ​បង់ប្រាក់​ជាង២០គម្រោង ដែលមាន​តម្លៃ​សរុប​ប្រមាណ២,៦ ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងចំណោម​គម្រោងផ្សេងៗទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here