ក្រុមហ៊ុន​អាមេរិក Bain Capital វិនិយោគ ២០០លាន​ដុល្លារ លើ​ក្រុមហ៊ុន​បច្ចេកវិទ្យាទើប​បង្កើត​ថ្មី​របស់​មហា​យក្ស​ចិន

ដោយៈ​សុខុម

គូ​ឡា​ឡាំ​ពួ: ដូច​យើង​បានដឹង​រួចមកហើយ​ថា ការប្រកួតប្រជែង​ផ្នែក​បច្ចេកវិទ្យា​បាន​ក្លាយជា​បញ្ហា​ដ៏​ចម្រូងចម្រាស​មួយ ក្នុងចំណោម​បញ្ហា​ចម្រូងចម្រាសធំៗមួយចំនួន ដែល​បានធ្វើឱ្យ​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក ដែលជា​មហាអំណាច​លេខ១ របស់​ពិភពលោក និង​មហា​យក្ស​ចិន ដែលជា​មហាអំណាច​នៅ​អាស៊ី​ប្រេះឆា​យ៉ាងខ្លាំង ជាពិសេស​អំឡុង​រដ្ឋកា​រ​របស់ លោក ដូ​ណា​ល់ ត្រាំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដូចនេះ វា​ពិតជា​គួរឱ្យភ្ញាក់ផ្អើល​ណាស់ ដែល​ក្រុមហ៊ុន​របស់​សហរដ្ឋអាមេរិក វិនិយោគ​លើ​ក្រុមហ៊ុន​បច្ចេក​ចិន ដែល​អាច​ប្រឆាំងនឹង​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ខ្លួន។

ក្រុមហ៊ុន Bain Capital ដែលជា​ក្រុមហ៊ុន​មូល​ប​ត្រ​របស់​សហរដ្ឋអាមេរិក បានប្រកាស​កាលពី​ថ្ងៃ​ច័ន្ទ ទី២២ មីនា ថា ខ្លួន​បាន​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន២០០ លាន​ដុល្លារ លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទើប​បង្កើត​ថ្មី​របស់​មហា​យក្ស​ចិន ឈ្មោះ Newlink Group ធ្វើឱ្យ​ក្រុមហ៊ុន​នេះ​កៀរគរ​ដើមទុន បាន​សរុប​ចំនួន៣០០លាន​ដុល្លារ​នៅ​ឆ្នាំនេះ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន The Edge Markets។

ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន Newlink Group ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ២០១៦ ដើម្បី​ជួយ​អ្នកបើកបរ​នានា​ក្នុងប្រទេស​ចិន ក្នុងការ​ស្វែងរក​ស្ថានីយប្រេងឥន្ធនៈ និង​កន្លែង​សាក​ថាមពល​រថយន្ត​អគ្គិសនី​តាមរយៈ Platform អន​ឡាញ​មួយ​ដែល​រួមបញ្ចូល App “Tuanyou” និង App “ Kuaidian” ។

វិនិយោគិន​ចម្រុះ​នៅក្នុង​ក្រុមហ៊ុន​នេះ រួមមាន ទាំង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ចិន Xiaomi Corp និង​ធនាគារ​ចិន China International Capital Corp ផងដែរ។

ក្រុមហ៊ុន Newlink Group ក៏មាន​គម្រោង​ប្រែក្លាយ​ស្ថានីយ៍ ប្រេងឥន្ធនៈ​ឯករាជ្យ​មួយចំនួន ទៅជា​មណ្ឌល​Newlink ដែល​រួមបញ្ចូល​ស្ថានីយប្រេងឥន្ធនៈ កន្លែង​សាក​ថាមពល​រថយន្ត​អគ្គិសនី សេវាកម្ម​ថែទាំ​រថយន្ត និង​ម៉ា​ត​ផងដែរ។

លោក Drew Chen នាយក​គ្រប់គ្រង​ក្រុមហ៊ុន Bain Capital បាន​លើកឡើងថា “យើង​សង្ឃឹមថា ក្រុមហ៊ុន Newlink អាចជួយ​ព​ន្លឿ​ន​កិច្ចប្រឹងប្រែង ធ្វើ​ឌីជីថល​នីយកម្ម​ប្រព័ន្ធ​អេកូឡូស៊ី​ថាមពល (energy ecosystem) របស់​ប្រទេស​ចិន និង​គាំទ្រ​ដល់​ការផ្លាស់ប្តូរ​របស់​ប្រទេស​ចិន ឆ្ពោះទៅរក​សេដ្ឋកិច្ច​បញ្ចេញ​ឧស្ម័ន​កាបូន​ទាប និង​លើកកម្ពស់​ការផ្លាស់ប្ដូរ​ឆ្ពោះទៅរក​ការប្រើប្រាស់​រថយន្ត​អគ្គិសនី” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here