ក្រុមហ៊ុន​ផ្លូវដែក​កាណាដា​ទិញយក​ក្រុមហ៊ុន​ផ្លូវដែក​សហរដ្ឋអាមេរិក​ក្នុងតម្លៃ ២៥ពាន់​លាន​ដុល្លារ

ដោយៈ សុខុម

កាណាដាៈ ក្រុមហ៊ុន​ផ្លូវដែក​កាណាដា Canadian Pacific Railway Ltd បានប្រកាស​កាលពី​ថ្ងៃអាទិត្យ ទី២១ មីនា​ថា ខ្លួន​បាន​ព្រមព្រៀង​ទិញយក​ក្រុមហ៊ុន​ផ្លូវដែក​របស់​សហរដ្ឋអាមេរិក Kansas City Southern ក្នុងតម្លៃ​រហូតដល់​ទៅ២៥ពាន់​លាន​ដុល្លារ នៅក្នុង​កិច្ចព្រមព្រៀង​ទិញ​លក់ ដែល​ទូទាត់​ជា​សាច់ប្រាក់ និង​ភាគហ៊ុន ដើម្បី​បង្កើត​បណ្តាញ​ផ្លូវដែក​ដំបូងបង្អស់ ដែល​ភ្ជាប់​សហរដ្ឋអាមេរិក ប្រទេស​ម៉ិ​ក​ស៊ិ​ក និង​ប្រទេស​កាណាដា។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន CNA។

ក្រុមហ៊ុន​ទាំង២បានចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា​ថា ម្ចាស់​ភាគហ៊ុន​នៃ​ក្រុមហ៊ុន Canadian Pacific Railway Ltd នឹង​ទទួលបាន​ភាគហ៊ុន​ដែលមាន​តម្លៃ០,៤៨៩ ក្នុង​មួយ​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន Canadian Pacific Railway Ltd និង​សាច់ប្រាក់៩០ដុល្លារ សម្រាប់​ភាគហ៊ុននីមួយៗ ដែល​ខ្លួន​កាន់កាប់​នៅក្នុង​ក្រុមហ៊ុន​ដដែល​នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចព្រមព្រៀង​នេះ ធ្វើឡើង​ចំពេល​មានការ​រំពឹងទុក​ថា ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ម៉ិ​ក​ស៊ិ​ក នឹងមាន​សន្ទុះ​កើនឡើង ក្រោយ​លោក​ចូ បៃ​ឌិន ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក ជំនួស​លោក ដូ​ណា​ល់ ត្រាំ។

ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Kansas City Southern បានអនុម័ត​ការដេញថ្លៃ​នេះ​រួចហើយ ខណៈ​ក្រុមហ៊ុន២ក៏បាន​ជូនដំណឹង​ជា​ផ្លូវការ ដល់​ក្រុមប្រឹក្សា​ដឹកជញ្ជូន (STB) នៃ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក រួចហើយ​ដែរ ដែល​រង់ចាំតែ​ការអនុម័ត​របស់​ក្រុមប្រឹក្សា​ដឹកជញ្ជូន​លើ​កិច្ចព្រមព្រៀង​នេះ​ប៉ុណ្ណោះ។

ក្រុមហ៊ុន Canadian Pacific Railway Ltd គឺជា​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ផ្លូវដែក​ធំ​បំផុត​ទី២ របស់​ប្រទេស​កាណាដា ចំណែកឯ​ក្រុមហ៊ុន​ធំ​បំផុត​ទី១ គឺ​ក្រុមហ៊ុន​ផ្លូវ​Canadian National Railway Co Ltd ដែលមាន​តម្លៃ​ទីផ្សារ​រហូតដល់​ទៅ៥០,៦ ពាន់​លាន​ដុល្លារ។

ក្រុមហ៊ុន​នេះ​កាន់កាប់ និង​ធ្វើ​ប្រតិបត្តិការ​ផ្លូវដែក​ដឹកទំនិញ​ឆ្លង​ទ្វីប ក្នុងប្រទេស​កាណាដា និង​សហរដ្ឋអាមេរិក។ ការដឹកជញ្ជូន​ទំនិញ​គ្រាប់​ធញ្ញជាតិ រកចំណូលបាន​រហូត​ដល់​ទៅ​ប្រមាណ២៤% នៃ​ប្រាក់ចំណូល​ដឹកទំនិញ​សរុប​របស់​ក្រុមហ៊ុន​នេះ កាលពី​ឆ្នាំ២០២០ ។

ក្រុមហ៊ុន Kansas City Southern មាន​ប្រតិបត្តិការ​ផ្លូវដែក​ទាំង​ក្នុងស្រុក និង​អន្តរជាតិ​នៅ​ទ្វីបអាមេរិក​ខាងជើង ដោយ​ផ្តោតលើ​ច្រករបៀង​ដឹកទំនិញ​ភាគ​ខាងជើង និង​ភាគខាងត្បូង ភ្ជាប់​ទីផ្សារ​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​នៅ​កណ្តាល​សហរដ្ឋអាមេរិក ជាមួយ​ទីក្រុង​ឧស្សាហកម្ម​នានា​ក្នុងប្រទេស​ម៉ិ​ក​ស៊ិ​ក។

ការប៉ុនប៉ង​លើកចុងក្រោយ​នេះ របស់​ក្រុមហ៊ុន Canadian Pacific Railway Ltd ដើម្បី​ពង្រីក​អាជីវកម្ម​របស់ខ្លួន​នៅ​អាមេរិក ធ្វើឡើង​ក្រោយ​ខ្លួន​ទម្លាក់ចោល​ការដេញថ្លៃ​យក​ក្រុមហ៊ុន​ផ្លូវដែក សហរដ្ឋអាមេរិក Norfolk Southern Corp ក្នុងតម្លៃ២៨,៤ ពាន់​លាន​ដុល្លារ នៅ​ខែមេសា ឆ្នាំ២០១៦ ។

ការចរចា​ច្របាច់​បញ្ចូល​គ្នា របស់​ក្រុមហ៊ុន​Canadian Pacific Railway Ltd ជាមួយ​ក្រុមហ៊ុន​ផ្លូវដែក​សហរដ្ឋអាមេរិក CSX Corp ដែល​កាន់កាប់​បណ្ដាញ​ផ្លូវដែក​មួយ​ភាគ​ធំ​នៅ​សហរដ្ឋអាមេរិក ភាគ​ខាងកើត​បាន​បរាជ័យ​ក្នុង​ឆ្នាំ២០១៤ ។

ការដេញថ្លៃ​របស់​ក្រុមហ៊ុន​ផ្លូវដែក Canadian National Railway Co ដើម្បី​ទិញយក​ក្រុមហ៊ុន​ផ្លូវដែក​សហរដ្ឋអាមេរិក Burlington Northern Santa Fe របស់​កំពូល​មហាសេដ្ឋី​Warren Buffett ក៏ត្រូវ​បាន​អាជ្ញាធរ​សហរដ្ឋអាមេរិក រារាំង​ផងដែរ​ក្នុង​ឆ្នាំ១៩៩៩ និង​ឆ្នាំ២០០០ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here