ក្រុមហ៊ុន​អាកាសចរណ៍ British Airways គ្រោង​លក់​អគារ​ការិយាល័យ​កណ្ដាលរបស់ខ្លួន​ដើម្បី​បញ្ចៀស​ការ​ក្ស័យ​ទុន

ដោយៈ​សុខុម

ក្រុង​ឡុង​ដ៍:  ក្រុមហ៊ុន​អាកាសចរណ៍​អង់គ្លេស British Airways បានប្រកាស​ឱ្យដឹងថា ពេលនេះ​ខ្លួន​កំពុង​ពិចារណា លក់​អគារ​ការិយាល័យ​កណ្តាល​របស់ខ្លួន ដោយសារតែ​បុគ្គលិក​ប្តូរ​ទៅធ្វើ​ការ​ពី​ផ្ទះ​ច្រើន អំឡុងពេល​ឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ។ នេះ​បើ​យោងតាម​សារព័ត៌មាន CNA ចុះផ្សាយ​កាលពី​ថ្ងៃទី១៩ មីនា។

គម្រោង​លក់​អគារ​ការិយាល័យ​កណ្ដាល ដែល​ត្រូវបាន​សារព័ត៌មាន Financial Times ចុះផ្សាយ​ដំបូង​គេ​នេះ អាចជួយ​ស្រោចស្រង់​បាន​ខ្លះ ចំពោះ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​នេះ ដែល​បាន​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ដោយសារ​វិបត្តិ​កូ​វីដ-១៩ ។ អគារ​ការិយាល័យ​កណ្ដា​ល​នេះ ត្រូវបាន​សាងសង់​រួចរាល់​ជា​ស្ថាពរ​ក្នុង​ឆ្នាំ១៩៩៨ ដោយ​ចំណាយ​ដើមទុន​អស់២៧៩លាន​ដុល្លារ​អាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការផ្លាស់ប្តូរ​រប​ស់បុ​គ្គ​លិ​ក​ទៅធ្វើ​ការងារ​ពី​ផ្ទះ ក្នុង​រយៈពេល​មួយឆ្នាំ​មកនេះ បានធ្វើឱ្យ​ក្រុមហ៊ុន​មួយចំនួន ក្នុងចំណោម​ក្រុមហ៊ុនធំៗ បំផុត​របស់​ប្រទេស​អង់គ្លេស កាត់បន្ថយ​ទំហំ​ផ្ទៃ​ការិយាល័យ​របស់ខ្លួន​ឱ្យបាន​ច្រើន តាម​ដែល​អាចធ្វើ​ទៅបាន។

តួយ៉ាង​ធនាគារ​ដ៏​ធំ Lloyds បាន​និយាយថា ខ្លួន​នឹង​កាត់បន្ថយ​ទំហំ​ផ្ទៃ​ការិយាល័យ​របស់ខ្លួន​ចំនួន២០% ក្នុង​រយៈពេល៣ឆ្នាំ ហើយ​ធនាគារ HSBC មានបំណង​កាត់បន្ថយ​ទំហំ​ផ្ទៃ​ការិយាល័យ​របស់ខ្លួនរ​ហូត​ដល់​ទៅ៤០%ផងដែរ។

អគារ​ការិយាល័យ​កណ្ដា​ល​នេះ មាន​ទីតាំង​ស្ថិតនៅ​ជិត​អាកាសយានដ្ឋាន Heathrow នា​ភាគ​ខាងលិច​ទីក្រុង​ឡុង​ដ៍។

ក្រុមហ៊ុន​នេះ​បានចេញ​សេចក្តីថ្លែងការណ៍​ថា បុគ្គលិក​ជាច្រើន​របស់ខ្លួន ចូលចិត្ត​ធ្វើការ​ងារ​ពី​ផ្ទះ​ច្រើនជាង អំឡុងពេល​ឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ហើយ​គោលការណ៍​របស់​ក្រុមហ៊ុន​សម្រាប់​ថ្ងៃ​អនាគត ទំនងជា​តម្រូវឱ្យ​បុគ្គលិក​ធ្វើការ​ងារ​ពី​ផ្ទះ​ខ្លះ និង​ធ្វើការ​នៅ​ការិយាល័យ​ខ្លះ។

អ្នកនាំពាក្យ​ក្រុមហ៊ុន​នេះ បានលើកឡើង​តាមរយៈ​សេចក្ដីថ្លែងការណ៍​ថា “យើង​បានរៀបចំ​រចនាសម្ព័ន្ធ អាជីវកម្ម​របស់​យើង​ឡើងវិញ ដើម្បី​ងើប​ឱ្យ​ផុតពី​វិបត្តិ​នេះ ហើយ​កំពុង​ពិចារណា​ថា តើ​យើង​នៅតែ​ត្រូវការ​អគារ​ការិយាល័យ កណ្ដាល​ធំ​បែបនេះ​ទៀត ឬ​យ៉ាងណា​ក្នុង​កាលៈទេសៈ​នេះ” ។

ដើម្បី​រក្សា​ដំណើរការ​អាជីវកម្ម ឱ្យ​ឆ្លង​ផុត​វិបត្តិ​ឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ក្រុមហ៊ុន​នេះ បាន​កាត់បន្ថយ​ការចំណាយ​ច្រើន​ក្នុង​ឆ្នាំ២០២០ ដែល​រួមមាន​ទាំង​ការ​ជម្រុះ​បុគ្គលិក​ចោល​រហូតដល់​ជាង១០.០០០នាក់​ផងដែរ ដោយ​ទុក​តែ​ប្រហែល៣ម៉ឺន​នាក់​ប៉ុណ្ណោះ។

ដោយសារ​បញ្ហា​ខ្វះខាត​ហិរញ្ញវត្ថុ ក្រុមហ៊ុន​នេះ​ក៏បាន​ប្រកាស​លក់​ស្នាដៃ វត្ថុ​សិល្បៈល្បីៗជាច្រើន ដែល​ធ្លាប់​ព្យួរ​តាំ​ក្នុង​បន្ទប់​រង់ចាំ​ចេញដំណើរ សម្រាប់​ភ្ញៀវ​ VIP របស់ខ្លួន​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here