អ្នកជំនាញៈ ធនាគារ​នៅតែ​ជា​កម្លាំងចលករ​មួយ​ដ៏​សំខាន់​ក្នុងការ​ជំរុញ​វិស័យ​សំណង់ និង​អចលនទ្រព្យ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ បើទោះបី​វិបត្តិ​កូ​វីដ១៩ បង្ក​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ចពិភពលោក​ក៏ ក៏​ធនាគារ ដែល​កំពុងផ្តល់​ឥណទាន​រាប់ពាន់​លាន​ដុល្លារ នៅតែ​ជា​កម្លាំងចលករ​មួយ​ដ៏​សំខាន់ ក្នុងការ​ជំរុញ​កំណើន​វិស័យ​សំណង់ និង​អចលនទ្រព្យ ដែល​កំពុងមាន​ការរីក​ចម្រើន​ខ្លាំង ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ។

លោក​ប៉ូ អ៊ា​វ​គង់ អគ្គនាយក និង​ជា​ស្ថាបនិក​ក្រុមហ៊ុន Advance Real Estate Co,. Ltd បាន​ថ្លែងប្រាប់​កាលពីពេលថ្មីៗនេះ​ថា ធនាគារ​ពិតជា​ដើរតួនាទី​សំខាន់​ណាស់ ក្នុងការ​ជំរុញ​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា ព្រោះ​អ្នកទិញ​លំនៅឋាន​បច្ចុប្បន្ន​ភាគច្រើន​ប្រើប្រាស់​ឥណទាន​របស់​ធនាគារ​នានា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បាន​បន្តថា “អ្នកខ្លះ​បាន​ប្រើប្រាស់​ការបង់​រំលស់ តាមរយៈ​ក្រុមហ៊ុន និង​ខ្លះទៀត បាន​ប្រើប្រាស់​ឥណទាន​របស់​ធនាគារ” ។ លោក​បន្តថា “អ្នកប្រើប្រាស់​ឥណទាន​ធនាគារ​ភាគច្រើន​ជា​ប្រជាជន​វ័យក្មេង ដែល​ទើប​រៀបការ​ហើយ​បែក​ពី​គ្រួសារ មក​រស់នៅ​ជាមួយ​ប្តី ប្រពន្ធ​របស់​ពួកគេ” ។

ប៉ុន្តែ​សម្រាប់​មនុស្ស​វ័យ​ចំណាស់ មិនសូវ​ប្រើប្រាស់​ឥណទាន​របស់​ធនាគារ​នោះទេ ពួកគេ​តែងតែ​ប្រើប្រាស់​សាច់ប្រាក់​សុទ្ធ ដើម្បី​ទិញ​លំនៅឋាន​សម្រាប់​រស់នៅ​ក៏ដូចជា​ទិញ​លំនៅឋាន​សម្រាប់​កូន​របស់​ពួកគេ។

សមតុល្យ​ឥណទាន​លក្ខណៈ​បុគ្គល​ចំនួន ៩,៧៦ពាន់​លាន​ដុល្លារ គិត​ត្រឹម​ត្រីមាស​ទី៤ ឆ្នាំ២០២០ ដែល​ក្នុងនោះ​កម្ចី​អចលនទ្រព្យ មាន​លើសពី​ពាក់កណ្តាល នៃ​សមតុល្យ​ឥណទាន​លក្ខណៈ​បុគ្គល​សរុប៥២% ។ ចំណែកឯ​សមតុល្យ​ឥណទាន​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​មាន​ចំណែក៤៧,៤% ។ នេះ​បើ​យោងតាម​ការ​របាយការណ៍​របស់​ក្រុមហ៊ុន​ក្រេ​ឌី​ត ប្យួ​រ៉ូ ខេ​ម​បូ​ឌា ខូ អិ​ល​ធី​ឌី (CBC) ។

លោក​ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ធ្លាប់​លើក​កាលពីដើម​ឆ្នាំនេះ​ថា វិស័យ​ធនាគារ​មាន​ស្ថិរ​ភាពរឹងមាំ និង​បាន​ចូលរួម​យ៉ាងសកម្ម ក្នុងការ​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច និង​កាត់បន្ថយ​ផលប៉ះពាល់​នៃ​វិបត្តិ មកលើ​អាជីវកម្ម​និង​ប្រជាជន​ក្រីក្រ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល។

លោក​បាន​ថ្លែងថា “សេដ្ឋកិច្ចកម្ពុជា​ក្នុង​ឆ្នាំ​កន្លងទៅ បាន​ទទួលរង​ការធ្លាក់ចុះ​អវិជ្ជមាន​ជា​លើកដំបូង ក្នុង​រយ:ពេល​ជាង២ទសវត្សរ៍​ចុងក្រោយ ដែលជា​ចម្បង​ដោយសារ ការធ្លាក់ចុះ​វិស័យ​ទេសចរណ៍ ការនាំចេញ​ផលិតផល​កាត់ដេរ និង​វិស័យ​សំណង់” ។ លោក​បន្តថា “ទោះ​ស្ថិតក្នុង​ស្ថានភាព​នៃ​វិបត្តិ​ជំងឺ​កូ​វីដ-១៩ វិស័យ​ធនាគារ​មាន​ស្ថិរ​ភាពរឹងមាំ និង​បាន​ចូលរួម​យ៉ាងសកម្ម ក្នុងការ​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច និង​កាត់បន្ថយ​ផលប៉ះពាល់​នៃ​វិបត្តិ​មកលើ​អាជីវកម្ម និង​ប្រជាជន​ក្រីក្រ ស្របតាម​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here