កម្ពុជាស្រូបបានទឹកប្រាក់ពីការវិនិយោគប្រមាណ៤២០០លានដុល្លារត្រឹមរយៈពេល៥ខែនៃឆ្នាំនេះ

ដោយៈ ចំណាន

    ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ បានថ្លែងបញ្ជាក់ថា ក្នុងរយៈពេល ៥ខែឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន២៩០គម្រោង ក្នុងទុនវិនិយោគប្រមាណ ៤.២ពាន់លានដុល្លារអាមេរិក។

ចំនួននេះបានកើនឡើងជាង១១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដោយកាលពីឆ្នាំមុនចំនួនគម្រោងមានចំនួន ១៣៧ គម្រោងស្មើនឹងប្រមាណ៩០% ខណៈទុនវិនិយោគបានកើនឡើងប្រមាណជាង១.៤ពាន់លានដុល្លារអាមេរិក ស្មើនឹងប្រមាណ៥២%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមទៀតថា បើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ក្នុងរយៈពេល៥ខែនៃឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ បានប្រមាណ២.៩៥លាននាក់ កើនឡើង ១១.៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការថ្លែងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាធិបតីភាព ក្នុងពិធីអបអរសាទរការដាក់ដំណើរការ១ឆ្នាំរប​ស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសារភោជនាហាសាមគ្គី។

សម្តេចមហាបវរធិបតីបានលើកឡើងថា កំណើននៃគម្រោងវិនិយោគ និងភ្ញៀវទេសចរនេះ បង្ហាញឱ្យឃើញពីការទុកចិត្តលើស្ថិរភាព និងលំនឹងសេដ្ឋកិច្ចរបស់កម្ពុជា សន្តិសុខសង្គមដែលធានាបាននូវសុខសន្តិភាពក្រោមនយោបាយឈ្នះឈ្នះ ហើយរាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាថែទាំសុខសន្តិភាពទោះក្នុងតម្លៃណាក៏ដោយ។

សម្តេចធិបតីបានបញ្ជាក់ថា កម្ពុជាជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ និងទ្វេភាគីជាច្រើន ដែលបានជួយបើកច្រកទីផ្សារបានកាន់តែទូលាយ ក្នុងនោះយើងមានទីផ្សារអាស៊ាន ដែលមានប្រជាជនសរុបជាង៦៦២លាននាក់ ហើយកម្ពុជាក៏មានទីផ្សារនៃបណ្តាប្រទេសជាសមាជិកRCEP ដែលមានប្រជាជនសរុបប្រមាណជាង ២,៣ពាន់លាននាក់។

សម្តេចបញ្ជាក់ទៀតថា “ទីផ្សារទាំងនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងសម្បើម សម្រាប់ផលិតកម្ម និង ការផ្គត់ផ្គង់ទំនិញ ផលិតផលសេវាកម្ម ពីបណ្ដារោងចក្រសហគ្រាសរបស់វិនិយោគិនគ្រប់រូប”។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បរិយាកាសដ៏អំណោយផលនេះ រាជរដ្ឋាភិបាលបាននិងកំពុងខិតខំប្រឹងប្រែងសម្របសម្រួលធ្វើឱ្យការវិនិយោគទាំងក្នុង និ ក្រៅប្រទេស ទទួលបានផ្លែផ្កាគាប់ប្រសើរ តាមរយៈគោលនយោបាយវិនិយោគ ប្រកបដោយភាពបត់បែន ជាមួយនឹងការលើកទឹកចិត្ត និងការការពារដល់ផលប្រយោ​ជន៍វិនិយោគិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here