ដោយៈ ម៉ាណា
ភ្នំពេញៈ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកអ៊ុំ កុសល បានទទួលជួបពិភាក្សាការងារជាមួយ លោក លី សូដេត សេដ្ឋវិទូជាន់ខ្ពស់ ទទួលបន្ទុកផ្នែកម៉ាក្រូសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ នៃធនាគារពិភពលោកប្រចាំកម្ពុជា លើកិច្ចសហប្រតិបត្តិការភាពជាដៃគូក្នុងវិស័យពាណិជ្ចកម្ម ជាមួយក្រសួងពាណិជ្ជកម្ម។
កិច្ចពិភាក្សាការងារនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស នៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ដោយបានពិភាក្សាលើកិច្ចសហប្រតិបត្តិការ ភាពជាដៃគូរវាងក្រសួងពាណិជ្ជកម្ម និងដៃគូអភិវឌ្ឍន៍ ជាពិសេសជាមួយធនាគារពិភពលោក ប្រចាំកម្ពុជា តាមរយៈការបង្កើតយន្តការសម្របសម្រួល ដើម្បីពង្រឹងវិស័យពាណិជ្ជកម្មនៅកម្ពុជា និងអនុវត្តគម្រោង/កម្មវិធីនានា ឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ សំដៅរួមចំណែកក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម កសាងសមត្ថភាពពាណិជ្ជកម្ម និងជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា។
ក្នុងឱកាសនោះ លោកអនុរដ្ឋលេខាធិការ បានបញ្ជាក់ពីគោលបំណងសំខាន់ ក្នុងការរៀបចំបង្កើតយន្តការ សម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍ ក្នុងវិស័យពាណិជ្ជកម្មនៅកម្ពុជា និងស្នើសុំឱ្យមានការចូលរួមសហការពីធនាគារពិភពលោកប្រចាំកម្ពុជា ក្នុងដំណើរការអនុវត្តយន្តការសម្របសម្រួលរវាងដៃគូអភិវឌ្ឍន៍ ជាមួយក្រសួងពាណិជ្ជកម្មនេះឱ្យបានជោគជ័យ៕