ដោយៈ ម៉ាណា
ភ្នំពេញៈ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកមក្ពុជាបានបញ្ជាក់ថា ការរីកចម្រើននៃវិស័យធនាគារនៅកម្ពុជា បានបង្កើនទំនុកចិត្ត និងផ្តល់បរិយាកាសអំណោយផល សម្រាប់វិនិយោគិនជប៉ុន ក្នុងការពង្រីកការវិនិយោគនៅកម្ពុជា។
ការវិនិយោគមានទាំងក្នុងវិស័យហិរញ្ញវត្ថុ និងវិស័យសេដ្ឋកិច្ចសំខាន់ៗផ្សេងទៀត ដែលជាការរួមចំណែកពង្រឹង ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។
លោក UENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាបានថ្លែងបែបនេះ ក្នុងឱកាសចូលជួបពិភាក្សា ជាមួយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងជំនួបនេះ លោកជំទាវទេសាភិបាល បានលើកឡើងពីការវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនជាបន្តបន្ទាប់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យធនាគារ ជាពិសេសប្រព័ន្ធទូទាត់។
បន្ថែមលើនេះ លោកជំទាវក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលជប៉ុន និងស្ថាប័នពាក់ព័ន្ធ ដែលបានផ្តល់ការគាំទ្រដល់ការអភិវឌ្ឍវិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជា តាមរយៈការផ្តល់ជំនួយបច្ចេកទេស ការកសាងសមត្ថភាពមន្ត្រី និងការផ្លាស់ប្តូរបទពិសោធន៍។
នាឱកាសនេះដែរ លោកឯកអគ្គរាជទូត បានថ្លែងអំណរគុណចំពោះលោកជំទាវទេសាភិបាល ដែលបានគាំទ្រយ៉ាងសកម្មក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យធនាគាររវាងប្រទេសទាំងពីរនាពេលកន្លងមក៕








