ទេសាភិបាល NBC ចូល​រួម​ពិភាក្សា ​”យុទ្ធសាស្ត្រ​គ្រប់​គ្រង​វិសាលភាព​នៃ​បច្ចេក​វិទ្យា​បញ្ញាសិប្បនិម្មិត ​និង​ដំណើរ​ការ​ថូខិនីយ​កម្ម​”

ដោយៈ ម៉ាលីន

   អ៊ូបេគីស្ថានៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរូមជាវាគ្មិន ក្នុងកិច្ចពិភាក្សាលើប្រធានបទ “យុទ្ធសាស្ត្រគ្រប់គ្រងវិសាលភាព នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងដំណើរការថូខិនីយកម្ម នៅក្នុងវេទិកាហិរញ្ញវត្ថុនិងបច្ចេកវិទ្យាផ្លូវសូត្រ នៅទីក្រុងតាស្កិន ប្រទេសអ៊ូសបេគីស្ថាន។

ក្នុងកិច្ចពិភាក្សានេះក៏មានវត្តមាន ចូលរួមពីវាគ្មិនជំនាញៗដទៃទៀត ដែលរួមមាន លោក Vusal Khalilov ទេសាភិបាលរង ធនា​គារកណ្តាលនៃប្រទេសអាស៊ែបៃហ្សង់ និងលោក Bilal Bin Shaqib ប្រធានអាជ្ញាធរគ្រប់គ្រងទ្រព្យសកម្មនិម្មិត នៃប្រទេសប៉ាគីស្ថាន ដោយមានកិច្ចសម្របសម្រួលដោយលោក Ahmad Al-Kiswani នាយកគ្រប់គ្រងសេវាហិរញ្ញវត្ថុ ប្រចាំតំបន់មជ្ឈិមបូព៌ា នៃក្រុមហ៊ុនសវនកម្ម PWC។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជំទាវទេសាភិបាល បានលើកឡើងពីសារៈសំខាន់នៃប្រព័ន្ធបាគងដែលមានតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀល និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ក៏ដូចជាការចូលរួមផ្តល់លទ្ធភាពក្នុងការទូទាត់ឆ្លងដែន ដែលផ្តល់ប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។

លើសពីនេះ លោកជំទាវក៏បានគូសបញ្ជាក់ អំពីតួនាទីសំខាន់របស់ធនាគារកណ្តាល ក្នុងការគ្រប់គ្រងហានិភ័យ ដែលអាចមាននៅលើប្រព័ន្ធហិរញ្ញវត្ថុ និងការប្រឆាំងប្រតិបត្តិការសម្អាតប្រាក់ ដែលទាមទារការចូលរួមសហការ ពីអាជ្ញាធរក្នុងប្រទេសផ្សេងៗទៀត។

វាគ្មិនក៏បានពិភាក្សាពីបញ្ហាប្រឈមចម្បងៗ នៃការវិវត្តរបស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។ លោកជំទាវបានសង្កត់ធ្ងន់លើគុណសម្ប​ត្តិ នៃការរីកលូតលាស់នៃបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត ក្នុងពេលអនាគត ដែលនឹងផ្តល់ភាពងាយស្រួល និងឆាប់រហ័សសម្រាប់អ្នកប្រើប្រាស់ ប៉ុន្តែសម្រាប់អាជ្ញាធរ នេះគឺជាចំណុចដែលត្រូវយកចិត្តទុកដាក់ខ្ពស់ដើម្បីឱ្យប្រាកដថា អ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ នឹងមិនរងផលប៉ះពាល់ពីបច្ចេកវិទ្យា៕

LEAVE A REPLY

Please enter your comment!
Please enter your name here