ដោយៈ ម៉ាណា
ភ្នំពេញៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រីAleks Zittle ភារធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងសហការី ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។
ក្នុងជំនួបនេះ លោកជំទាវទេសាភិបាល និងលោកស្រីភារធារី បានផ្លាស់ប្តូរទស្សនាទានអំពី ការវិវត្តថ្មីៗនៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅកម្ពុជា ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការរក្សាស្ថិរភាពហិរញ្ញវត្ថុ និងគាំទ្រសេដ្ឋកិច្ច។
បន្ថែមលើនេះ លោកជំទាវជា សិរី បានលើកឡើងពីកិច្ចពិភាក្សាក៏បានគូសបញ្ជាក់ពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរពាក់ព័ន្ធ និងដៃគូអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសហិរញ្ញវត្ថុ និងការឆបោកតាមអនឡាញ សំដៅរក្សាសុចរិតភាពនៃប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា និងបន្តលើកកម្ពស់ប្រសិទ្ធភាព នៃប្រព័ន្ធហិរញ្ញវត្ថុ។
ក្នុងឱកាសនោះ លោកជំទាវទេសាភិបាល និងលោកស្រីភារធារី បានឯកភាពលើការបន្តពង្រឹង កិច្ចសហប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា និងរតនាគារសហរដ្ឋអាមេរិក លើការកសាងសមត្ថភាព និងជំនួយបច្ចេកទេស លើការគ្រប់គ្រងទ្រព្យសកម្មនិម្មិត និងបន្តលើកកម្ពស់សុចរិតភាពនៃប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា៕







