ដោយៈ ចំណាន
ភ្នំពេញៈ លោកស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដឹកនាំកិច្ចប្រជុំបូកសរុប (Wrap-Up) បេសកកម្មនៅកម្ពុជា នៃគម្រោងជំនួយបច្ចេកទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លើការរៀបចំសេចក្តីច្បាប់ស្ដីពីការគ្រប់គ្រងទ្រព្យសកម្មនិម្មិត /ទ្រព្យឌីជីថល និងសេចក្តីព្រាងផែនទីចង្អុលផ្លូវ ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យមូលបត្រ។
កិច្ចប្រជុំនេះមានការចូលរួម ពីអ្នកជំនាញការរួមមាន លោក Jason De Mink និងលោកស្រី Claire Gerrand ដើម្បីពិភាក្សាលើការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពី ការគ្រប់គ្រងទ្រព្យសកម្មនិម្មិត/ទ្រព្យឌីជីថល (Draft Law on Virtual Assets/ Digital Assets) និង សេចក្តីព្រាងផែនទីចង្អុលផ្លូវ ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ (FinTech Development Roadmap in the Securities Sector)។
នៅក្នុងកិច្ចប្រជុំនេះ លោកស៊ូ សុជាតិបានផ្ដល់នូវអនុសាសន៍តម្រង់ទិសដល់អ្នកជំនាញការ ដើម្បីអាចបញ្ចប់ការងារលើការរៀបចំសេចក្ដីព្រាងទាំងពីរនេះ ទាន់ពេលវេលា តាមផែនការដែលបានកំណត់៕







