សិង្ហបុរីបញ្ជាឱ្យធនាគារនានាពិនិត្យតាមដានរំហូរមូលនិធិរបស់មីយ៉ាន់ម៉ាបន្ទាប់ពីរដ្ឋប្រហារយោធា

ដោយៈសុខុម

សិង្ហបុរី: ធនាគារកណ្ដាលសិង្ហបុរី បានចេញសារាចរមួយណែនាំឱ្យក្រុមហ៊ុនហិរញ្ញវត្ថុនានាប្រយ័ត្នប្រយែងឱ្យបានខ្ពស់ ចំពោះការធ្វើប្រតិបត្តិការ ឬរំហូរមូលនិធិគួរឱ្យសង្ស័​យ ដែលឆ្លងកាត់រវាងប្រទេសសិង្ហបុរី និងប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមទីភ្នាក់​ងារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃទី៤ មីនានេះ។

ដោយលើកឡើងពីក្ដីបារម្ភអំពីបទល្មើសហិរញ្ញវត្ថុ សារាចរណែនាំដែលចុះកាលបរិច្ឆេទថ្ងៃកាលពីថ្ងៃទី២៥ កុម្ភៈ របស់អាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) នេះបានក្រើនរំឭកដល់គ្រប់នាយកប្រតិបត្តិ នៃស្ថាប័នហិរញ្ញវត្ថុទាំងអស់អំពីភាពចាំបាច់ ដែលត្រូវធ្វើសវនកម្មលើអតិថិជនរបស់ខ្លួន និងចាត់វិធានការកាត់បន្ថយហានិភ័យ ក្នុងស្ថានការណ៍ដែលមានហានិភ័យខ្ពស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណាត់ការនេះធ្វើឡើង ចំពេលប្រទេសមីយ៉ាន់ម៉ា កំពុងផ្ទុះបាតុកម្មទ្រង់ទ្រាយធំដែលបានអូសបន្លាយ អស់រយៈពេលជាច្រើនសប្ដាហ៍ បន្ទាប់ពីយោធាធ្វើរដ្ឋប្រហារដណ្តើមអំណាច។

ក្រុមសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ បានប្ដេជ្ញាចិត្តនៅថ្ងៃព្រហស្បតិ៍ ទី៤ មីនា នេះថានឹងធ្វើបាតុកម្មបន្ថែមទៀត នៅក្នុងប្រទេសជាសមាជិកអាស៊ានមួយនេះ បន្ទាប់ពីអង្គការសហប្រជាជាតិបញ្ជាក់ថា ពលរដ្ឋមីយ៉ាន់ម៉ា៣៨នាក់ ត្រូវបានសម្លាប់នៅក្នុងស្ថានការណ៍វឹកវរផ្នែកនយោបាយ ចាប់តាំងយោធាធ្វើរដ្ឋប្រហារយោធាកាលពីខែមុន។

ដោយសារសិង្ហបុរី ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មឈានមុខគេមួយនៅលើពិភពលោក ធ្វើឱ្យប្រទេសនេះងាយរងគ្រោះខ្លាំង ចំពោះការលាងលុយកខ្វក់ ដោយសារតែរំហូរហិរញ្ញវត្ថុឆ្លងដែនមានចំនួនច្រើនៗ។ ប្រទេសសិង្ហបុរី មានទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសមីយ៉ាន់ម៉ា ហើយមីយ៉ាន់ម៉ា ក៏ជាវិនិយោគិនធំបំផុតមួយរបស់ខ្លួនដែរ។

នៅក្នុងសារាចរណែនាំនេះ អាជ្ញាធររូបិយវត្ថុសិង្ហបុរី បានជំរុញឱ្យស្ថាប័នហិរញ្ញវត្ថុនានាតាមដានឱ្យស្អិត ចំពោះស្ថានការណ៍វិវឌ្ឍន៍ ដែលប្រែប្រួលយ៉ាងឆាប់រហ័ស នៅក្នុងប្រទេសមីយ៉ាន់ម៉ា រួមទាំងការដាក់ទណ្ឌកម្មផងដែរ។

អាជ្ញាធររូបិយវត្ថុសិង្ហបុរី បានលើកឡើងទៀតថា ស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា អាចធ្វើឱ្យការលាងលុយកខ្វក់ ហិរញ្ញប្បទានភេរវកម្ម និងបទល្មើសហិរញ្ញវត្ថុផ្សេងទៀតកើនឡើង។ ដូចនេះ ស្ថាប័នហិរញ្ញវត្ថុនានា គួរតែធ្វើរបាយការណ៍ស្តីពីប្រតិបត្តិការគួរឱ្យសង្ស័យណាមួយ ហើយជូនដំណឹងមកខ្លួនជាបន្ទាន់ ដោយដាក់ឈ្មោះរបាយការណ៍បែបនេះថា “Myanmar 2021” (មីយ៉ាន់ម៉ា ២០២១”)។

សារាចរណែនាំនេះត្រូវបានចេញ ២ ថ្ងៃបន្ទាប់ពីធនាគារកណ្តាលសិង្ហបុរី ចេញសេចក្តីប្រកាសព័ត៌មានមួយថា ការឃ្លាំមើលជាប្រចាំរបស់ខ្លួន លើប្រព័ន្ធធនាគាររកមិនឃើញមូលនិធិធំៗរបស់បណ្ដាក្រុមហ៊ុនមីយ៉ាន់ម៉ា និងបុគ្គលជនជាតិមីយ៉ាន់ម៉ា នៅក្នុងធនាគារនានានៅប្រទេសសិង្ហបុរី៕

LEAVE A REPLY

Please enter your comment!
Please enter your name here