ជប៉ុនផ្តល់ជំនួយឥតសំណងជិត១១លានដុល្លារដល់គម្រោងអភិវឌ្ឍន៍ចរាចរណ៍នាវានៅខេត្តព្រះសីហនុ

ដោយៈ ម៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នេះ សម្រេចអនុម័តផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន មានទឹកប្រាក់ប្រមាណ១០,៨លានដុល្លារ ដើ​ម្បីអនុវត្តន៍គម្រោងអភិវឌ្ឍន៍ចរាចរណ៍នាវា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការចុះហត្ថលេខាងលើលិខិតប្តូរសារស្តីពី ការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុននេះ ត្រូវបានធ្វើឡើងដោយលោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃ១ ខែមីនា ឆ្នាំ២០២១នេះ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្រសួងការបរទេសបានឱ្យដឹងថា ហិរញ្ញប្បទានឥតសំណង ដែលផ្តល់ដោយរដ្ឋាភិបាលបជ៉ុននេះ នឹងរួមចំណែកយ៉ាងសំខាន់ ដល់ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ក្រសួងបានបញ្ជាក់ទៀតថា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីចូលរួមទប់ស្កាត់ ការផ្ទុះឡើងនៃការឆ្លងជំងឺកូវិដ១៩ នៅក្នុងសហគមន៍ ឬហៅថាព្រឹត្តិការណ៍សហគមន៍ថ្ងៃទី២០ ខែកុម្ភៈ ភាគីទាំងពិរងធ្វើការចុះហត្ថលេខា លើលិខិតប្តូរសារនេះ នៅទីកន្លែងរៀងៗខ្លួន។មន្ត្រី

ជាន់ខ្ពស់របស់កម្ពុជាលើកឡើងថា ទំនាក់ទំនងការទូតរវាងកម្ពុជា និងប្រទេសជប៉ុ​នកើតឡើងតាំងពីឆ្នាំ១៩៥៣មកម្ល៉េះ រហូតមកដល់ឆ្នាំ២០១៣កន្លងទៅ កម្ពុជា និងជប៉ុនបានក្លាយជាដៃគូយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយគ្នា។

ជប៉ុនបានជួយជ្រោមជ្រែងអភិវឌ្ឍន៍ប្រទេសកម្ពុជា តាមរយៈការស្តាឡើងវិញនូវហេ​ដ្ឋារចនាសម្ព័ន្ធរូបវន្ត បណ្តុះបណ្តាលធនធានមនុស្ស ពង្រីកទំនាក់ទំនងសេដ្ឋកិច្ច ពា​ណិជ្ជកម្ម ជំរុញវិស័យទេសចរណ៍ និងវិនិយោគជាដើម។

វិនិយោគិនជប៉ុន បានបោះទុនវិនិយោគជាង២៧៩២លានដុល្លារ នៅកម្ពុជាក្នុងរយៈពេល២៧ឆ្នាំចុងក្រោយ គិតចាប់ឆ្នាំ១៩៩៣ ដល់ឆ្នាំ២០២០ ដោយបានចូលរួមចំ​ណែកយ៉ាងសំខាន់ ក្នុងការបង្កើតការងារជាច្រើនកន្លែង ដល់ប្រជាពលរដ្ឋក្នុងស្រុក និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

លោកហុង វណ្ណៈអ្នកស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងប្រាប់កាលចុងសប្តាហ៍កន្លងមកនេះ វិនិយោគិនជប៉ុន ជាមធម្មតា ទាមទារនៅលក្ខខណ្ឌចំនួនមួយ ក្នុងទី១ គឺតម្លាភាព និងទី២គឺភាពច្បាសលាស់លើច្បាប់វិនិយោគផ្សេង។

លោកបានឱ្យដឹងទៀតថា “នៅពេលវិនិយោគិនជប៉ុនកើនឡើងនៅកម្ពុជា វាអាចបង្កើតជាអត្តសញ្ញាណមួយល្អ សម្រាប់វិនិយោគបរទេសដទៃទៀត មានទំនុកចិត្ត ក្នុងការមកបណ្តាក់ទុននៅកម្ពុជា ព្រោះប្រជាជនលើពិភពលោក”។លោកបន្តថា“គេទទួលស្គាល់ហើយថា នៅពេលវិនិយោគិនជប៉ុន វិនិយោគក្នុងប្រទេសណាមួយ នោះជាសញ្ញាណមួយ ក្នុងការទាក់ទាញវិនិយោគិនបរទេសដទៃទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here