ដោយៈ សាវុធ
ភ្នំពេញៈ មនុស្សនាពេលបច្ចុប្បន្ន អាចនឹងជួបស្ត្រេសច្រើនក្នុងជីវិត ដោយសារតែការប្រកបរបរចិញ្ចឹម ជីវិត ឬការងារកាន់តែមានភាពស្មុគស្មាញ ដែលទាមទារឲ្យពួកគេពុះពារជំនះ លើប្រកបរបរចិញ្ចឹមជីវិត ឬការងារ។
អនុវត្តន៍តាមវិធីងាយៗខាងក្រោមនេះ ពិតជាអាចជួយអ្នកកាត់បន្ថយស្ត្រេសក្នុងជីវិតបានដូចជា ទី១. ចូរសរសេររឿងធុញទ្រាន់ទាំងឡាយ ចូលក្នុងកំណត់ហេតុផ្ទាល់ខ្លួនរបស់អ្នក។ ចូរចំណាយពេលសរសេរ១៥ នាទីរៀងរាល់យប់។ ធ្វើបែបនេះ អ្នកនឹងមានភាពអំណត់ជាងមុន ហើយដំណើរការក្នុងសរីរាង្គកាយក៏ដើរស្រួលដែរ នេះបើតាមការអះអាងរបស់អ្នកចិត្តសាស្ត្រ ខាងព្យាលបាលរោគដោយ បង្ហាញអារម្មណ៍តាមរយៈការសរសេរ។
ទី២ ចូររកន្លែងស្ងប់ស្ងាត់ស្តាប់តន្ត្រីពីរោះៗ ចូរជ្រើសរើសតន្ត្រីណាដែលមានចង្វាក់យឺតល្មមញាំងចិត្តឲ្យស្ងប់។
ទី៣ ចូរច្នៃប្រឌិតធ្វើនេះ ធ្វើនោះ ដេរប៉ាក់ លាបថ្នាំ ដាំដុះ។ កិច្ចការទាំងនេះជួយកាត់បន្ថយស្ត្រេស។
ទី៤. ចូរធ្វើលំហាត់ប្រាណ ជាពិសេសដើរហាត់ប្រាណ ការដើរផ្តល់ប្រយោជន៍ទាំងរាងកាយនិងស្មារតី។
ទី៥ សំរាក៖ ចូរដកដង្ហើមចូលវែងៗនិងអនុញ្ញាតឲ្យខ្លួនឯង បានសម្រាកទាំងស្រុងពីរឿងទាំងពួង។ ទី៦. ចូរចំណាយពេលទាក់ទងនិយាយលេង ជាមួយមិត្តភក្តិបងប្អូន ទៅនេះទៅនោះញាំកេហ្វេតែជាមួយគ្នា។
ទី៧. ចូរចូលរួមការងារស្មគ្រចិត្តមួយចំនួន ដូចជា ជួយអានរឿងនិទានឲ្យកូនតូចៗស្តាប់ ឬទស្សនកិច្ចជួយដល់មណ្ឌលកុមារកំព្រាជាដើម។ កិច្ចការនេះជួយកាត់បន្ថយស្ត្រេសរបស់អ្នកជាពុំខាន។
ទី៨. សើច ៖ អាន ស្តាប់ ឬមើលរឿងកំប្លែង ឬធ្វើអ្វីក៏បានដើម្បីឲ្យអ្នកសើចចេញ៕