ដោយៈ ចំណាន
ភ្នំពេញៈ ជាអ្នកជំនាញខាងដីឡូត៍័ និងក្នុងឧស្សាហកម្មអចលនទ្រព្យមួយរូប លោកឧកញ៉ាភិរម្យ វិចិត្រដារ៉ា បានលើកឡើងនូវចំណេះដឹងមួយចំនួនទាក់ទងនឹងការប្រើប្រាស់ហិរញ្ញវត្ថុ។
លោកបានសរសេរលើបណ្តាញ ទំនាក់ទំនងសង្គមរបស់ខ្លួនកាលពីសប្តាហ៍មុនថា ដើម្បីចៀសវាងហានិភ័យ អ្នកមិនគួរធ្វើរឿង៥ យ៉ាងនេះដាច់ខាតកុំធ្វើរឿងទាំង៥នេះ ដែលមានដូចជា
ទី១. បង្កើតបំណុលថ្មីដើម្បីការប្រើប្រាស់ខ្ជះខ្ជាយ។ កុំខ្ចីបុលយកមកទិញសម្ភារៈនិយម ឬរបស់ដែលមិនចាំបាច់ (ដូចជាឡានទំនើប ទូរស័ព្ទស៊េរីថ្មី)។ ក្នុងគ្រាអាសន្ន អត្រាការប្រាក់អាចនឹងឡើងថ្លៃ ហើយចំណូលរបស់អ្នកអាចនឹងមិនទៀងទាត់ ដែលធ្វើឱ្យអ្នកពិបាកសងត្រឡប់វិញ។
ទី២. វិនិយោគទាំងមិនយល់ច្បាស់ ឬចង់ចំណេញរហ័ស ស្របពេលសេដ្ឋកិច្ចជាប់គាំង គឺជាពេលដែល “ជនខិលខូច” ច្រើនតែបង្កើតគម្រោងបោកប្រាស់ដែលសន្យាថានឹ ងផ្តល់ចំណេញខ្ពស់ក្នុងពេលខ្លី។ ចូរចៀសវាងការដាក់ទុន ក្នុងវិស័យដែលអ្នកមិនច្បាស់ ឬការលេងភាគហ៊ុន/គ្រីបតូ ដោយការភ័យស្លន់ស្លោតាមគ្នា។
ទី៣. បោះបង់ការងារ ឬមុខរបរចាស់ទាំងមិនទាន់មានផែនការច្បាស់លាស់ ព្រោះនេះមិនមែនជាពេលដែលត្រូវ “ដើរចេញពីការងារ” ដោយគ្រាន់តែអារម្មណ៍ឆេវឆាវនោះទេ។ ទីផ្សារការងារក្នុងពេលសេដ្ឋកិច្ចធ្លាក់ចុះមានភាពតឹងតែងណាស់។
លោកបញ្ជាក់ថា “បើចង់ផ្លាស់ប្តូរ ត្រូវប្រាកដថាអ្នកមានការងារថ្មីរង់ចាំរួចរាល់ ឬមានប្រាក់បម្រុងយ៉ាងតិច៦ខែ”។
ទី៤. ប្រើប្រាស់ប្រាក់បម្រុងអាសន្ន សម្រាប់រឿងមិនចាំបាច់ ប្រាក់បម្រុងសម្រាប់គ្រាអាសន្ន (Emergency Fund) គឺទុកសម្រាប់តែរឿងសុខភាព ការបាត់បង់ការងារ ឬការជួសជុលចាំបាច់បំផុតប៉ុណ្ណោះ។ កុំដកវាភ័យមកប្រើប្រាស់លើការដើរកម្សាន្ត ឬការទិញទំនិញបញ្ចុះតម្លៃដែលមិនចាំបាច់ឱ្យសោះ។
ទី៥. ឈប់អភិវឌ្ឍសមត្ថភាពខ្លួនឯង មនុស្សជាច្រើនច្រើនតែបាក់ទឹកចិត្ត និងឈប់រៀនសូត្រនៅពេលសេដ្ឋកិច្ចមិនល្អ។ ផ្ទុយទៅវិញ នេះ ជាពេលដែលអ្នកត្រូវពង្រឹងជំនាញបន្ថែម ដើម្បីក្លាយជាបុគ្គលដែលក្រុមហ៊ុនមិនអាចខ្វះបាន ឬដើម្បីត្រៀមខ្លួនចាប់យកឱកាសនៅពេលសេដ្ឋកិច្ចងើបឡើងវិញ។
លោកបញ្ជាក់ថា “ក្នុងសម័យកាលនេះ “សាច់ប្រាក់សុទ្ធគឺជាស្តេច” (Cash is King) ចូររក្សាសាច់ប្រាក់ឱ្យបានល្អ និងចាយវាយដោយសន្សំសំចៃបំផុត”៕








