គម្រោង “ភូមិគ្មានផ្សែង”មកអនុវត្តបន្តនៅស្រុកពួក ខេត្តសៀមរាប

ដោយៈ ម៉ាណា

    សៀមរាបៈ គំរោង “ភូមិគ្មានផ្សែង”នឹងត្រូវអាជ្ញាធរយកទៅអនុវត្តន៍នៅតាមឃុំ ស្រុក ក្នុងស្រុកពួក ខេត្តសៀមរាប បន្ទាប់ពីគំរោងនេះបានបញ្ចប់ក្រោមការគាំទ្រពីអង្គការអភិវឌ្ឍន៍ហូឡង់កន្លងមក។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងពេលអង្គការខាងលើរៀបចំសន្និបាតថាមពលឆ្នាំ២០២៥ ដើម្បីអបអរខួប២០ឆ្នាំនៃភ្នាក់ងារអភិវឌ្ឍន៍ថាមពល និងវិស័យចម្អិនស្អាតនៅកម្ពុជា និងឡាវ នៅខេត្តសៀមរាប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អង្គការអភិវឌ្ឍន៍ហូឡង់ (SNV) សហការជាមួយរដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ បានរៀបចំពិធីបើកសន្និបាតថាមពលឆ្នាំ២០២៥ ដើម្បីអបអរសាទរខួប២០ឆ្នាំនៃភ្នាក់ងារអភិវឌ្ឍន៍ថាមពល (EnDev) និងការងារលើវិស័យចម្អិនស្អាតនៅកម្ពុជា និងឡាវ ដោយមានការចូលរួមពីតំណាងក្រសួងសុខាភិបាល មន្ទីររ៉ែ និងថាមពលមកពីខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ស្ពឺ និងខេត្តកំពត ជនបង្គោល និងដៃគូពាក់ព័ន្ធជាច្រើនរូប។

លោកឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា តាមរយៈកិច្ចសហការល្អ រវាងអង្គការអភិវឌ្ឍន៍ហូឡង់ និងអាជ្ញាធរស្រុ​ក-ឃុំ គម្រោងអនាម័យ ដើម្បីបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល តាំងពីឆ្នាំ២០១៧ បានសម្រេចលទ្ធផលល្អប្រសើរ។

ក្រោយចប់គម្រោងនេះ អាជ្ញាធរស្រុក -ឃុំ បានសម្រេចទទួលយកគម្រោង “ភូមិគ្មានផ្សែង”(SFV) មកអនុវត្តបន្តនៅស្រុកពួក ដើម្បីឆ្លើយតបនឹងតម្រូវការ និងអត្ថប្រយោជន៍នៃគម្រោង ក្នុងការលើកកម្ពស់ចំណេះដឹងរបស់ប្រជាពលរដ្ឋ និងផ្លាស់ប្ដូរឥរិយាបថឆ្ពោះទៅរកការចម្អិនគ្មានផ្សែង ដើម្បីលើកកម្ពស់សុខភាព បរិស្ថាន និងស្ថានភាពយេនឌ័រនៅក្នុងសហគមន៍។

គម្រោងទាំងពីរនេះ បានជួយដល់គ្រួសារក្នុងភូមិគោលដៅ ឱ្យងាកមកប្រើប្រាស់ប្រភពថាមពលស្អាត ដូចជា ចង្ក្រានអគ្គិសនី ហ្គាស ចង្ក្រានបរិស្ថាន (សូឡា) និងឡជីវឧស្ម័ន សម្រាប់ចម្អិនអាហារ។

លោកប៉ាស្ទៀន ទើន ប្រធានផ្នែកថាមពលនៃអង្គការអភិវឌ្ឍន៍ហូឡង់បានថ្លែងឱ្យដឹងថា ការបំពុលខ្យល់ក្នុងផ្ទះ គឺជាហានិភ័យផ្នែកសុខភាពដ៏ធំបំផុតមួយនៅកម្ពុជា ខណៈពេលដែលថាមពលចម្អិនអាហារស្ថិតនៅក្រោមវិស័យថាមពល ក៏វាប៉ះពាល់ដល់ទិដ្ឋភាពជាច្រើននៃសង្គម រួមទាំងយេនឌ័រ សុខភាព និងការអប់រំ។

ជាការឆ្លើយតប លោកប៉ោ និមល អនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា ការចម្អិនស្អាតដោយប្រើប្រាស់ឥន្ធនៈ ឬថាមពលកកើតឡើងវិញ និងថាមពលអគ្គិសនី ចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ថាម​ពល ដែលពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ បញ្ហាបរិស្ថាន ការកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ និងការបញ្ចេញផ្សែងពុលក្នុងបរិយាកាស៕

LEAVE A REPLY

Please enter your comment!
Please enter your name here