ធនាគារកណ្ដាលរបស់មហាយក្សចិនចូលរួមក្នុងគម្រោងប្រើប្រាស់ “រូបិយប័ណ្ណឌីជីថល” សម្រាប់ការទូទាត់ឆ្លងដែន

ដោយ:សុខុម

ហុងកុង: ធនាគារទូទាត់ជាអន្តរជាតិ (Bank of International Settlements (BIS)) បានប្រកាសកាលពីថ្ងៃអង្គារ ទី២២ កុម្ភៈថា ធនាគារកណ្តាលរបស់មហាយក្សចិន នឹងចូលរួមក្នុងគម្រោងប្រើប្រាស់ “រូបិយប័ណ្ណឌីជីថលនៃធនាគារកណ្ដាល” (Central Bank Digital Currencies (CBDC)) សម្រាប់ការទូទាត់ឆ្លង
ដែន។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី២៣ កុម្ភៈ។

ដោយបង្កើតឡើងក្នុងឆ្នាំ១៩៣០ និងមានទីស្នាក់ការកណ្ដាលនៅប្រទេសស្វ‍៊ីស ធនាគារ BIS គឺជាស្ថាប័នហិរញ្ញវត្ថុពិភពលោកដ៏ចំណាស់បំផុត និងធ្វើប្រតិបត្តិការដោយអនុលោមទៅតាមច្បាប់អន្តរជាតិ។

រូបិយប័ណ្ណ CBDC មានលក្ខណៈដូចគ្នានឹងក្រដាសប្រាក់ ឬកាក់ឌីជីថលផ្សេងៗទៀតអញ្ចឹងដែរ ហើយអ្នកដែលមានរូបិយប័ណ្ណឌីជីថលលនេះអាចទៅបើកប្រាក់បានដោយផ្ទាល់ពីធនាគារកណ្ដាល ដោយមានលក្ខណៈជឿនលឿន និងងាយស្រួលជាងធនាគារពាណិជ្ជទៅទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារប្រជាជនចិន (People’s Bank of China (PBOC)) មានគម្រោងរូបិយប័ណ្ណឌីជីថល CBDC ផ្ទាល់ខ្លួនដែលមានឈ្មោះថា e-CNY ហើយវាស្ថិតក្នុងចំណោមគំនិតផ្ដួចផ្ដើមដ៏ជឿនលឿនបំផុតក្នុងពិភពលោក។ ការសាកល្បងប្រើប្រាស់រូបិយប័ណ្ណនេះសម្រាប់ការទូទាត់ត្រូវបានធ្វើឡើងនៅក្នុងទីក្រុងធំៗចំនួនចំនួនរួចមកហើយ។

ក្រុមអ្នកឃ្លាំមើលទូទាំងពិភពលោកកំពុងតែតាមដានគម្រោងរូបិយប័ណ្ណ e-CNY យ៉ាងស្អិតដោយសារធនាគារ PBOC ព្យាយាមប្រើប្រាស់វាដើម្បីជួយឱ្យរូបប័ណ្ណយ័ន របស់ចិន អាចចរាចរលើទីផ្សារអន្តរជាតិយ៉ាងទូលំទូលាយ។ នេះជាមហិច្ឆតាដ៏ធំដែលមហាយក្សចិន បានចងចិត្តជាយូរមកហើយថានឹងសម្រេចឱ្យបាននៅថ្ងៃណាមួយ។

យោងតាមសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ ទី២២ កុម្ភៈ ឱ្យដឹងថា វិទ្យាស្ថានរូបិយប័ណ្ណឌីជីថល (Digital Currency Institute) នៃធនាគារ PBOC នឹងចូលរួមជាមួយគំនិតផ្ដួចផ្ដើម CBDC Bridge ដែលបច្ចុប្បន្នគ្រប់គ្រងធនាគារ BIZ ធនាគារកណ្ដាលហុងកុង និងធនាគារកណ្ដាលថៃ។

កាលពីឆ្នាំមុន អាជ្ញាធររូបិយប័ណ្ណវត្ថុហុងកុង (Hong Kong Monetary Authority (HKMA)) និងធនាគារកណ្ដាលថៃ (Bank of Thailand) បានអភិវឌ្ឍម៉ូតគំរូមួយដោយអនុញ្ញាតឱ្យភាគីទាំង ២ ប្រើប្រាស់រូបិយប័ណ្ណ CBDC ដើម្បីធ្វើប្រតិបត្តិការផ្ទេរប្រាក់ និងទូទាត់រវាងគ្នាទៅវិញទៅមក។

ក្រុមហ៊ុនអភិវឌ្ឍន៍បច្ចេកវិទ្យា Blockchain ឈានមុខគេឈ្មោះ ConsenSys បាននិយាយកាលពីឆ្នាំមុនថា ខ្លួនកំពុងអភិវឌ្ឍដំណាក់កាលអនុវត្តន៍នៃកម្មវិធីនោះ។

HKMA បានលើកឡើងកាលពីថ្ងៃអង្គារ ទី២២ កុម្ភៈថា កម្មវិធីដែលធនាគារកណ្ដាលនៃប្រទេសអារ៉ាប់រួមអេមីរ៉ាត ចូលរួមដែរនេះសង្ឃឹមថា “នឹងជួយត្រួសត្រាយផ្លូវសម្រាប់ផ្សារមូលបត្រ ធនាគារ និងក្រុមហ៊ុនសាជីវកម្មនានាធ្វើការទូទាត់ឆ្លងដែនយ៉ាងទូលំទូលាយ។

យោងតាមការស្ទាបស្ទង់មតិមួយដែលធនាគារ BIS បានចេញផ្សាយបង្ហាញថា ធនាគារកណ្ដាលនានាដែលតំណាងឱ្យ ១ ភាគ ៥ នៃប្រជាជនទូទាំងពិភពលោកទំនងជានឹងចេញរូបិយប័ណ្ណឌីជីថលផ្ទាល់ខ្លួននៅរយៈពេល ៣ ឆ្នាំខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here