ចំណេះដឹង! វិធីសាស្ត្រងាយៗក្នុងវិនិយោគពេលវេលាឱ្យមានតម្លៃ

ដោយៈ សាវុធ

ភ្នំពេញៈ ពេលវេលាជាវត្ថុដ៏មានតម្លៃបំផុតក្នុងជិវិតមនុស្ស ដែលគេតែងប្រៀបធៀបពេលវេលាទៅនឹងមាសប្រាក់ ហើយមតិមួយចំនួនលើកឡើងថា ពេលវេលាមានតម្លៃខ្លាំងជាងមាសប្រាក់ទៅទៀត ហើយពេលវេលាគឺជាជីវិត។

មនុស្សម្នាក់ៗ មានពេលត្រឹមតែ ២៤ ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ ហេតុដូច្នេះ គេពុំគួរយកពេលវេលាទៅខ្ជះខ្ជាយចោលដោយឥតប្រយោជន៍ឡើយ។ គេគួរប្រើពេលវេលាឲ្យចំគោលដៅ ពោលគឺប្រើពេលវេលាភាគច្រើនបំផុតទៅលើកិច្ចការទាំងឡាយណាដែលផ្តល់ផ្លែផ្កានាថ្ងៃអនាគត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការចេះប្រើពេលវេលាឲ្យត្រូវតាមវត្ថុបំណងបែបនេះ គេហៅថា ការវិនិយោគលើពេលវេលា មានន័យថាពេលវេលាដែលចំណាយទៅហើយមិនបាត់បង់អសារឥតការឡើយ គឺនឹងហុចផលអ្វីម្យ៉ាងនាពេលអនាគត។ តើសកម្មភាពណាខ្លះដែលគេអាចចាត់ទុកបានថាជាការវិនិយោគពេលវេលា?

សកម្មភាពណាមួយដែលធ្វើឡើង ដើម្បីឈានទៅសម្រេចវត្ថុបំណងក្នុងជីវិតសុទ្ធសឹងតែជាការវិនិយោគពេលវេលាទាំងអស់។ សកម្មភាពមួយចំនួនខាងក្រោមអាចចាត់ទុកជាការវិនិយោគលើពេលវេលា៖

– ថែទាំសុខភាពផ្ទាល់ខ្លួន។
– ថែរក្សា និងលើកកំពស់ស្មារតី បញ្ញាញាណ។
– សម្រួចវត្ថុបំណងក្នុងជីវិតឲ្យកាន់តែច្បាស់ឡើង។
– ពង្រីកបណ្តាញទំនាក់ទំនង ៖ មិត្តភក្តិ គ្រួសារ មិត្តរួមការងារ អតិថិជន ដៃគូពាណិជ្ជកម្ម បុគ្គលមានសក្តានុពល អ្នកឯកទេសវិជ្ជាជីវៈ។
– ចូលរួមវគ្គបណ្តុះបណ្តាល អភិវឌ្ឍន៍សមត្ថភាព។
– អានសៀវភៅ ឬអត្ថបទអប់រំដើម្បីបង្កើនចំណេះដឹង។
– រៀនសូត្រអំពីបទពិសោធន៍ជីវិតពីមនុស្សក្នុងសង្គម។
– សិក្សាស្វែងយល់ពីរបៀបរកប្រាក់ និងសាងប្រភពចំណូលឲ្យបានច្រើន។
– រៀនពីរៀបគ្រប់គ្រងពេលវេលាឲ្យកាន់តែមានប្រសិទ្ធភាព។
– រៀនពីវិធីវិនិយោគប្រាក់ និងពេលវេលា ។ល។

ចូរវិនិយោគពេលវេលាឲ្យបានច្រើនបំផុត កុំខ្ជះខ្ជាយពេលវេលាចោល៕

LEAVE A REPLY

Please enter your comment!
Please enter your name here