ដោយៈ សាវុធ
ភ្នំពេញៈ ទម្លាប់ក្លាយមកពីពាក្យថាធ្លាប់ ហើយរឿងអ្វីក៏ដោយ ឲ្យតែធ្លាប់ហើយពិបាកកែណាស់ ដូច្នេះយើងគួរមានទម្លាប់ខ្លួនល្អជាប្រចាំ។
ទម្លាប់ល្អ ធ្វើឲ្យមនុស្សធ្វើការងារបានប្រកបដោយប្រសិទ្ធភាព ដោយមិនបាច់ប្រឹង ព្រោះធ្លាប់ ឬថ្នឹកនឹងការងារនោះជារៀងរាល់ថ្ងៃទៅហើយ។
មនុស្សជោគជ័យ ច្រើនតែមានទម្លាប់សំខាន់៨យ៉ាងដូចខាងក្រោម៖
ទី១. ផ្តោតចិត្តទៅលើគោលដៅ គិតជាប់ជានិច្ចអំពីជោគជ័យដែលខ្លួនប្រាថ្នា ធ្វើហាក់ដូចជាសេចក្តីប្រាថ្នាគ្រប់យ៉ាង បានសមតាមបំណង និងបើកចិត្តឲ្យទូលាយត្រេកអរចំពោះជោគជ័យនោះ។
ទី២. ធ្វើកិច្ចការម្តងមួយៗឲ្យចប់សព្វគ្រប់ មិនទុកឲ្យសល់ដល់ថ្ងៃក្រោយ។
ទី៣. សកម្មជានិច្ចៈ រក្សាសកម្មភាពរាងកាយ និងចិត្តឲ្យស្រស់ថ្លាជានិច្ច ដោយធ្វើលំហាត់ប្រាណ ឬសម្រាកឲ្យចិត្តស្ងប់។
ទី៤. ចេះបដិសេធៈ ប្រសិនបើកិច្ចការណាមួយ ឬឱកាសណាមួយ ដែលយើងមិនអាចចាប់យកបាន យើងត្រូវចេះបដិសេធ កុំព្យាយាមស្រវាចាប់ ឬប្រមូលកិច្ចការមកធ្វើតែម្នាក់ឯងនាំឲ្យហួសកម្លាំង។ ចូរចែករំលែកដល់អ្នកដទៃឲ្យគេជួយធ្វើខ្លះ។
ទី៥. ចេះឲ្យតម្លៃទៅលើពេលវេលាៈ ធ្វើការគឺធ្វើការ សម្រាកគឺសម្រាក លេងគឺលេង កុំច្របូកច្របល់។
ទី៦. ចេះសុំឲ្យគេជួយ៖ បើត្រូវការជំនួយចូរស្នើសុំឲ្យគេជួយ កុំគិតថាសុំឲ្យគេជួយនាំឲ្យខ្លួនឯងអន់។
ទី៧. ចេះស្តាប់៖ ចូរស្តាប់គេឲ្យបានច្បាស់ ឲ្យយល់ប្រាកដថាគេចង់បានអ្វី។ ការចេះស្តាប់អ្នកដទៃ គឺជាគន្លឹះដ៏សំខាន់ដែលនាំទៅដល់ប្រសិទ្ធភាពការងារទាំងពួង។
ទី៨. ចេះអរគុណ និងពេញចិត្តចំពោះសេចក្តីល្អ ដែលកើតមានចំពោះខ្លួន៕