សហគ្រិនជោគជ័យក្នុងការប្រើប្រាស់កម្ចីចំគោលដៅបង្ហាញពីបទពិសោធន៍ក្នុងអាជីវកម្ម

ដោយៈ លក្ខិណា

ភ្នំពេញៈ សហគ្រិនជាច្រើនបានប្រើប្រាស់កម្ចីពីធនាគារ ដើម្បីមកពង្រីកអាជីវកម្ម ហើយក៏មានសហគ្រិនខ្លះបរាជ័យ និងសហគ្រិនខ្លះទទួលបានជោគជ័យ។

ថ្ងៃនេះ Cambodiafinancialtimes  សូមលើកយកពីបទពិសោធន៍របស់សហគ្រិនមួយចំនួន ដែលប្រើប្រាស់កម្ចីពីធនាគារហើយ ទទួលបានជោគជ័យក្នុងអាជីវកម្មរបស់ខ្លួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករ៉េត រី ម្ចាស់សហគ្រាសលក់គ្រឿងដែក និងគ្រឿងយន្តកសិកម្ម នៅឃុំដុំដែក ស្រុកសូត្រនិគម ខេត្តសៀមរាបបានឱ្យដឹងថា ដំបូងឡើយអាជីវកម្មរបស់លោកមិនធំបែបនេះទេ គឺគ្រាន់តែអាជីវកម្មសម្រាប់លក់ ក្នុងតំបន់ដែលលោករស់នៅប៉ុណ្ណោះ ។ ក្រោយមក ដោយសារតែមានអតិថិជនគាំទ្រកាន់ច្រើន ទើបលោកសម្រេចយកលុយពីធនាគារមកពង្រីកទុន ដោយទិញគ្រឿងដែកមកដាក់ក្នុងសិប្បកម្មបន្ថែម សម្រាប់កែច្នៃទៅជារបស់ផ្សេងលក់ជូនអតិថិជន។

លោកបន្តថា “ការធ្វើបែបនេះ ក៏កាន់តែធ្វើឱ្យអាជីវកម្មកាក់កបទៅៗ រហូតដល់ផ្គត់ផ្គង់ក្រៅតំបន់ (ក្រៅខេត្តសៀមរាប ) បន្ថែមទៀត និងបានទិញដែកមកកែច្នៃកាន់តែច្រើនឡើងៗ ហើយធនាគារក៏បានបន្ថែមទុន ជួយលោកបន្តបន្ទាប់ពីមួយវគ្គទៅមួយវគ្គ”។ លោ​កបន្តថា កាលពីខ្ញុំយកកម្ចីពីធនាគារដំបូងមកពង្រីកអាជីវកម្ម ខាងមន្ត្រីឥណទានក៏បានចុះមកមើលអាជីវកម្មរបស់លោក ហើយក៏បានយល់ព្រមផ្ដល់ឥណទានឱ្យលោក ដើម្បីពង្រីកមុខរបរ ដោយមិនសួរនាំច្រើននោះទេ ហេតុនេះលោកក៏សម្រេចយកធនាគារមួយនោះ ដើម្បីជាដៃគូក្នុងការអភិវឌ្ឍអាជីវកម្មតែម្ដងទៅ”។

លោកថា ឥណទានដែលខ្ញុំទទួលបានពីធនាគារ លោកបានយកពាក់កណ្ដាលមកពង្រីកអាជីវកម្ម ហើយពាក់កណ្ដាលទៀតលោកយកទៅទិញដី និងទិញផ្ទះនៅតាមខេត្តខ្លះនិងភ្នំពេញ ដើម្បីលក់ចំណេញនៅពេលបន្ទាប់។

លោកបន្ថែមថា ពេលយកឥណទានមកប្រើដំបូង មានអារម្មណ៍ថាខ្មាសគេ តែនៅពេលដែលយកមកហើយ ស្រាប់តែអាជីវកម្មបែរជាមានការរីកលូតលាស់ លោកមានអារម្មណ៍លែងខ្មាសគេ ដូច្នេះការយកលុយមកចាយក្នុងផ្លូវត្រូវ មិនគួរមានអារម្មណ៍ខ្មាសគេនោះទេ ។ អ្នកខ្មាសគេ ជាអ្នកដែលយកមកចាយវាយអត់ទិសដៅច្បាស់ទៅវិញទេ។

លោកជិម តេង ម្ចាស់រោងម៉ាស៊ីនកិនស្រូវ នៅតាមបណ្ដោយផ្លូវជាតិលេខ៦ នៅផ្សារដុំដែក ស្រុកសូត្រនិគម បានឱ្យដឹងផងដែរថា តាមរយៈកម្ចីរបស់ធនាគារផងដែរ បានធ្វើឱ្យលោកមានលទ្ធភាព ក្នុងការពង្រីករោងម៉ាស៊ីន ដោយដំឡើងពីម៉ាស៊ីនតូចទៅម៉ាស៊ី​នធំ ដើម្បីបង្កើនអង្ករផ្គត់ផ្គង់លើទីផ្សារជាពិសេសនៅភ្នំពេញ។

ចំណែកលោកស្រុកម៉ែន ចរិយា ម្ចាស់សិប្បកម្មផលិតទឹកកកនៅក្រុងសៀមរាប ក៏បាននិយាយផងដែរថា លោកស្រីក៏ទទួលបានជោគជ័យគួរកត់សម្គាល់ផងដែរ តាមរយៈការយកកម្ចីពីធនាគារមកពង្រីកអាជីវកម្ម។

លោកស្រីនិយាយថា “កាលពីដំបូងៗ យើងផលិតតែទឹកកកដើម និងមានឡានតិចតួចប៉ុណ្ណោះ តែក្រោយមក បន្ទាប់ពីបានទុនពីធនាគារ យើងក៏បានពង្រីកការផលិតទឹកកកអនាម័យ និងបានពង្រីកការផ្គត់ផ្គង់កាន់តែច្រើនក្នុងក្រុងសៀមរាប”។

រដ្ឋាភិបាលកាលពីពេលកន្លងទៅ ក៏បានប្រកាសពី ជួយគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម ដោយបានបញ្ចេញទុនជាបន្តបន្ទាប់ ដើម្បីស្រោចស្រង់ដល់វិស័យនេះ ក្នុងពេលវាមានតួនាទីសំខាន់ក្នុងកំណើនសេដ្ឋកិច្ចជាតិ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here