ដោយ: គង់ លាងហួរ
អន្តរជាតិ: គម្រោងអគារលំនៅដ្ឋានខ្ពស់កប់ពពកថ្មី 77 West 66th Street ត្រូវបានស្នើសាងសង់ឡើងនៅតំបន់ Upper West Side របស់សង្កាត់ Manhattan នៃទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិក។នេះបើយោងតាមសារព័ត៌មាន New York Yimby។
គម្រោងនេះត្រូវបានស្នើឡើងដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យអាមេរិក Extell ដោយមាន៩០ជាន់ និងកម្ពស់១.២០០ហ្វីត(ប្រមាណ៣៦៦ម៉ែត្រ) ដែលធ្វើឱ្យអគារនេះក្លាយជាអគារខ្ពស់ជាងគេបំផុតនៅក្នុងតំបន់ Upper West Side។
ទីតាំងគម្រោងអគារលំនៅដ្ឋានខ្ពស់កប់ពពកថ្មី 77 West 66th Street នេះមានព្រំប្រទល់ជាប់នឹងផ្លូវ West 67th Street ឆ្ពោះទៅទិសខាងជើង ផ្លូវ West 66th Street ឆ្ពោះទៅទិសខាងត្បូង និងផ្លូវ Columbus Avenue ឆ្ពោះទៅទិសខាងលិច។
កាលពីមុន ទីតាំងនេះធ្លាប់ជាទីស្នាក់នៅរបស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយអាមេរិក American Broadcasting Company (ABC) ក្រោយមកទើបលក់ទៅឱ្យក្រុមហ៊ុន The Walt Disney Company។
ក្រុមហ៊ុន Silverstein Properties បានទិញទីតាំងនេះពីក្រុមហ៊ុម Disney ក្នុងតម្លៃ១,១៥ពាន់លានដុល្លារ តាមរយៈកិច្ចព្រមព្រៀងមួយក្នុងខែកក្កដា ឆ្នាំ២០១៨ ក្រោយមកលក់ទៅឱ្យក្រុមហ៊ុន Taconic Investment Partners ក្នុងខែសីហា ឆ្នាំ២០១៩។ នៅឆ្នាំ២០២២ ទីតាំងដីនេះត្រូវបានលក់បន្តទៅឱ្យក្រុមហ៊ុន Extell។
ទន្ទឹមនឹងគម្រោងសាងសង់អគារលំនៅដ្ឋានខ្ពស់កប់ពពកខាងលើ អាជ្ញាធរមូលដ្ឋានបានស្នើឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ចលនទ្រព្យ Extell រួមបញ្ចូលលំនៅដ្ឋានដែលមានតម្លៃសមរម្យទៅក្នុងផែនការរចនាឌីហ្សាញរបស់ខ្លួន៕