ឧកញ៉ាគួច ម៉េងលីៈចង់បើកអាជីវកម្មមួយ ត្រូវមានលុយត្រៀមខាត៦ខែ

ដោយៈលក្ខិណា

ភ្នំពេញៈ បច្ចុប្បន្ននេះមានសហគ្រិនជាច្រើន បានចាប់ផ្ដើមបើកក្រុមហ៊ុនថ្មីៗជាបន្តបន្ទាប់ នៅក្នុងប្រទេសកម្ពុជាតែក៏មានក្រុមហ៊ុនខ្លះទទួលបានជោគជ័យ  និងខ្លះទៀតបើកបានតែមួយរយៈក៏បិទទៅវិញ ព្រោះតែមិនអាចទប់ទល់ នឹងការចំណាយដំបូងៗរបស់ខ្លួនបាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ា គួច ម៉េងលីអគ្គនាយកក្រុមហ៊ុនម៉េងលីជេគួចគ្រុបបានឱ្យដឹងថា មុននឹងសម្រេចបើកអាជីវកម្មឬក្រុមហ៊ុនអ្វី ត្រូវគិតឱ្យបានម៉ត់ចត់ ហើយបើចង់បើកអាជីវកម្មអ្វីមួយ ត្រូវមានលុយសម្រាប់ខាតយ៉ាងហោចណាស់៦ខែ ព្រោះថាបើកអាជីវកម្មដំបូងសូមកុំរំពឹងពីការបានប្រាក់ចំណេញ ឬប្រាក់ចំណូល ដូច្នេះហើយយើងត្រូវមានថវិកាឬទុនសម្រាប់ទុកចំណាយនានាដូចជាបុគ្គលិក ថ្លៃទឹកភ្លើង ទីតាំងជាដើម។

លោកឧកញ៉ាបន្តថា “បើសិនជាចង់បើកក្រុមហ៊ុន ឬអាជីវកម្មមួយដែលមានតម្លៃដើម១ម៉ឺនដុល្លារ គួរមាន២ម៉ឺនទៅ៣ម៉ឺនដុល្លារអាមេរិកទៀត សម្រាប់ទុកចំណាយនិង សំរាប់ទុកខាត”។ លោកបន្តថា “បើសិនជាមិនមានការត្រៀមទុកទេ ក្រុមហ៊ុននោះ នឹងមិនមានដំណើរការយូរអង្វែងនោះទេ”។

លោកឧកញ៉ាគួច ម៉េងលីបានបន្តថា បើកក្រុមហ៊ុនដែលអស់១ម៉ឺន ត្រូវមាន២ម៉ឺនទៀត ទើបល្អប្រសើរ ១ម៉ឺនបើកក្រុមហ៊ុន ១ម៉ឺនដុល្លារទៀតសម្រាប់បុគ្គលិក ទីតាំង និង ទឹក ភ្លើង និង១ម៉ឺនទៀតសម្រាប់ធ្វើទីផ្សារ ។ នេះ ចំពោះក្រុមហ៊ុនតូចមួយប៉ុណ្ណោះ។

លោកឧកញ៉ា វេជ្ជបណ្ឌិតបន្ថែមថា បច្ចុប្បន្ននេះ មានសហគ្រិនវ័យក្មេងជាច្រើនបានឈ្លក់វង្វេងនឹងពាក្យជោគជ័យ ហើយយកបុគ្គលជោគជ័យ លើកលោកមកនិយាយនិងធ្វើតាម ដូចជា Jack Ma, Mark Zuckerberg បៀលហ្កេតជាដើម ដែលបុគ្គលជោគជ័យទាំងនេះ ក្នុងចំណោមរាប់រយលាននាក់តែប៉ុន្មាននាក់ប៉ុណ្ណោះ ។

លោកបន្ថែមថា ការរកស៊ី ឬបើកអាជីវកម្មដោយមានការចូលហ៊ុនគ្នា ក៏មានករណីបរាជ័យជាច្រើនដែរ។ នៅពេលអាជីវកម្មនោះដំណើរការ វានឹងមានអ្នកមិនសប្បាយចិត្ត អ្នកច្រណែន ហើយចង់ធ្វើនេះធ្វើនោះ ដោយសារតែគិតថាខ្លួនជាម្ចាស់ភាគហ៊ុនដែរ ដូច្នេះបើចង់បើកអ្វី មួយគួរពិចារណាឱ្យម៉ត់ចត់។ ទោះម្នាក់ឯងក្ដី ឬមានការចូលរួមជាក្រុមក្ដី៕

LEAVE A REPLY

Please enter your comment!
Please enter your name here