ធនាគារជាតិ​នៃ​កម្ពុជា​សម្រេច​បន្ត​រក្សា​អត្រា​ប្រាក់​បម្រុង ៧% រហូតដល់​ចុង​ឆមាស​ទី១ឆ្នាំនេះ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា (NBC) បានដាក់​សេចក្តីសម្រេច​បន្ត​រក្សា​អត្រា​ប្រាក់​បម្រុង​កាតព្វកិច្ច​ក្នុង​អត្រា៧% ទាំង​ប្រាក់រៀល និង​ដុល្លារ​អាមេរិក រហូតដល់​ចុង​ឆមាស​ទី១ ឆ្នាំ២០២១ ដើម្បី​ផ្តល់​លទ្ធភាព​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ធនាគារ​មាន​មូលនិធិ​ច្រើន ក្នុងការ​បញ្ចេញ​កម្ចី និង​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច។

សេចក្តីសម្រេច​នេះ ត្រូវបាន​ឡើង ដោយ​ធនាគារជាតិ​នៃ​កម្ពុជា បន្ទាប់​កិច្ចប្រជុំ​គណៈកម្មាធិការ​គោលនយោបាយ រូបិយវត្ថុ​លើក​ទី៥៤ ។ នេះ​បើ​យោងតាម​សេច​ប្រកាស​ព័ត៌មាន​របស់ NBC ចេញផ្សាយ​កាលពីថ្មីៗនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អង្គ​ប្រជុំបាន​ពិភាក្សា​លើ​បច្ចុប្បន្នភាព នៃ​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក វឌ្ឍនភាព និង​បញ្ហា​ប្រឈម នៃ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា ព្រមទាំង​គោលនយោបាយ​រូបិយវត្ថុ​សម្រាប់​អនុវត្ត​នាគ្រា​ខាងមុខ។

ដើម្បី​រួមចំណែក​រក្សា​ស្ថិរភាព​ថ្លៃ និង​លើកកម្ពស់​ប្រសិទ្ធភាព​គោលនយោបាយ​រូបិយវត្ថុ​សម្រាប់ ត្រីមាស​បន្ទាប់ គណៈកម្មាធិការ គោលនយោបាយ​រូបិយវត្ថុ បានសម្រេច បន្ត​រក្សា​អត្រា​ប្រាក់​បម្រុង​កាតព្វកិច្ច ក្នុង​អត្រា៧%ទាំង​ប្រាក់រៀល និង​ដុល្លារ​អាមេរិក រហូតដល់​ចុង​ឆមាស​ទី១ ឆ្នាំ២០២១ និង​តាម​ការចាំបាច់។

អត្រា​ប្រាក់​បម្រុង​កាតព្វកិច្ច​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​តម្រូវឱ្យ​រក្សាទុក​ពី៨ភាគរយ ចំពោះ​ប្រាក់រៀល និង១២.៥ភាគរយ​ចំពោះ​រូបិយប័ណ្ណ​បរទេស​នៅក្នុង​ធនាគារជាតិ​នៃ​កម្ពុជា។ ប៉ុន្តែ​ដោយសារ​ផ្ទុះឡើង​នៃ​ជំងឺ​រាតត្បាត COVID-19  ធនាគារជាតិ​បន្ថយ​មក​ត្រឹម៧ភាគរយ​ទាំង​ចំពោះ​ប្រាក់រៀល និង​រូបិយប័ណ្ណ​បរទេស ក្នុង​រយៈពេល៦ខែ​ចាប់ពី​ខែមេសា ឆ្នាំ២០២០ ។

ប្រាក់​បម្រុង​កាតព្វកិច្ច ជា​ឧបករណ៍​គោលនយោបាយ​រូបិយវត្ថុ​មួយ ដែល​ធនាគារជាតិ​នៃ​កម្ពុជា​ប្រើ ដើម្បី​គ្រប់គ្រង​ល្បឿន​កំណើន​ឥណទាន។ បច្ចុប្បន្ន​អត្រា​ប្រាក់​បម្រុង​កាតព្វកិច្ច​សម្រាប់​រូបិយប័ណ្ណ​បរទេស (ជាពិសេស ប្រាក់​ដុល្លារ​អាមេរិក) និង​រូបិយវត្ថុ​ជាតិ ត្រូវ​បានកំណត់​ផ្សេងគ្នា។

អត្រា​ប្រាក់​បម្រុង​កាតព្វកិច្ច សម្រាប់​រូបិយ​បណ្ណ​បរទេស និង​រូបិយវត្ថុ​ជាតិ ត្រូវបាន​កំណត់​ក្នុង​អត្រា១២,៥% និង ៨% រៀង​គ្នា។ ចំពោះ​ប្រាក់​បម្រុង​កាតព្វកិច្ច​ជា​រូបិយប័ណ្ណ​បរទេស​ចំនួន១២,៥% ក្នុងនោះ ៤,៥% ត្រូវ​បានផ្តល់​ការប្រាក់​ដោយ​ធនាគារជាតិ នៃ​កម្ពុជា និង៨%បន្ថែមទៀត មិនត្រូវ​បានផ្តល់​ការប្រាក់​ទេ។ ចំពោះ​ប្រាក់​បម្រុង​កាតព្វកិច្ច​ជា​រៀល ក៏​មិនត្រូវ​បានផ្តល់​ការប្រាក់​ដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here