មន្ត្រីជាន់ខ្ពស់កម្ពុជាៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននឹងត្រូវចុះហត្ថលេខា ក្នុងខែសីហាឆ្នាំនេះ

ដោយៈ ម៉ាណេត

ភ្នំពេញៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិននឹងត្រូវចុះហត្ថលេខា នៅមុនថ្ងៃទី១២ ខែសីហាខាងមុខនេះ។ នេះបើយោងតាមការការអះអាងរបស់លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ។

ថ្លែងនៅទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារ ក្នុងក្របខ័ណ្ឌ ការអនុវត្តផែនការសកម្មភាព ក្នុងការបង្កើតសហគមន៍វាសនារួមកម្ពុជាចិន ឆ្នាំ២០១៩២០២៣ លោកបានលើកឡើងថា ការចុះហត្ថលេខានេះនឹងធ្វើឡើង មុនពេលដែលសហភាពអឺរ៉ុប ដកការលើកលែងប្រព័ន្ធអនុគ្រោះពន្ធ EBA ប្រមាណ២០ភាគរយ ពីប្រទេសកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកហោ ណាំហុង មានប្រសាស៍ថា សម្តេចតេជោ ហ៊ុន សែននឹងអញ្ជើញទៅប្រទេសចិន ដើម្បីចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិននេះ

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង កាលពីថ្ងៃទី១៦ ខែមិថុនាកន្លងទៅធ្លាប់បានមានប្រសាសន៍ផងដែថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជាចិន នេះ មានន័យ២យ៉ាង ក្នុងន័យសេដ្ឋកិច្ចផង និងន័យនយោបាយផង។ ក្នុងន័យសេដ្ឋកិច្ចកិច្ចព្រមព្រៀងនេះ នឹងជួយឲ្យសេដ្ឋកិច្ចកម្ពុជា កាន់តែអភិវឌ្ឍន៍រីកចម្រើន។ ដោយឡែកក្នុងន័យនយោបាយវិញ វាជាសារមួយបញ្ជាក់ទៅកាន់សហភាពអឺរ៉ុបថា កម្ពុជាមានច្រកសេដ្ឋកិច្ច ពិសេសមួយថែមទៀតក្រៅពីសហភាពអឺរ៉ុប។

កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងលោកចុង ស្សាន(Zhong Shan) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសជាផ្លូវការនៃការបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន តាមប្រព័ន្ធវីដេអូ។

នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន ដែលជាកិច្ចព្រមព្រៀងមួយដែលឆ្លុះបញ្ចាំងអំពីទំនាក់ទំនងយូរអង្វែងជាប្រពៃណីក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

ការបញ្ចប់ការចរចាលើកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីមួយដោយជោគជ័យ ក្នុងរយៈពេលមួយដ៏ខ្លីនេះ បានបង្ហាញពីឆន្ទៈនៃថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងការពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និត និងទូលំទូលាយ ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ នឹងផ្ដល់ផលប្រយោជន៍សេដ្ឋកិច្ច និងសង្គមជាច្រើន ដល់ប្រជាជននៃប្រទេសទាំងពីរ តាមរយៈការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទំនិញ និងសេវា ការជំរុញការវិនិយោគទូលំទូលាយ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនទៀតផងដែរ។

ជាជំហានបន្ទាប់ ភាគីទាំងពីរនឹងអនុវត្តនីតិវិធីផ្ទៃក្នុងរៀងៗខ្លួន ដើម្បីឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី នៅក្នុងឆ្នាំ២០២០នេះ។

សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា និងលោកលី ខឺជាំង នាយករដ្ឋមន្ត្រីចិន ក្នុងជំនួបទ្វេភាគីកាលពីថ្ងៃទី២០២៣ ខែមករា ឆ្នាំ២០១៩នៅទីក្រុងប៉េកាំង បានសម្រេចឱ្យមានការសិក្សា ពីលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជាចិន ដើម្បីពង្រីកការធ្វើពាណិជ្ជកម្មវិនិយោគសេវា និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាងមុន សំដៅសម្រេចឱ្យបានគោលដៅពាណិជ្ជកម្ម សរុបចំនួន១០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៣តាមការកំណត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here