អាមេរិកអំពាវនាវជាថ្មីឱ្យយោធាភូមាបោះបង់ចោលអំណាចដើម្បីស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ

ដោយ៖ ប៊ី

ភ្នំពេញ៖ សហរដ្ឋអាមេរិក បានអំពាវនាវឱ្យយោធាភូមាបោះបង់ចោលអំណាច ដើម្បីស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ ដោយដោះលែងអ្នកដែលត្រូវបានចាប់ខ្លួនជាមួយនឹងគោរពតាមគន្លងបែបប្រជាធិបតេយ្យ និងនីតិរដ្ឋ។ នេះបើយោងតាមការលើកឡើងរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ស្ថានទូតសហរដ្ឋអាមេរិកបានសរសេរលើផេក Facebook ផ្លូវការរបស់ខ្លួននៅថ្ងៃព្រឹកថ្ងៃនេះថា “យើងគាំទ្រសិទ្ធិរបស់ប្រជាជនភូមាក្នុងការធ្វើការតវ៉ា ដើម្បីគាំទ្ររដ្ឋាភិបាល ដែលជាប់ឆ្នោតតាមលទ្ធិប្រជាធិបេតយ្យ និងសិទ្ធិរបស់គេក្នុងការទទួលបានព័ត៌មានដោយសេរី”។

ស្ថានទូតបាបន្ថែមថា “យើងសូមថ្លែងសាជាថ្មីនូវការអំពាវនាវរបស់យើងឲ្យយោធាភូមាបោះបង់ចោលអំណាច ស្តារឡើងវិញនូវរដ្ឋាភិបាលដែលបានជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ ដោះលែងអ្នកដែលត្រូវបានចាប់ខ្លួន លុបចោលវិញនូវការរឹតត្បិតលើការទាក់ទងគ្នាតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយមិនប្រើហិង្សា”។

អ្នកស្រី Jen Psaki អ្នកនាំពាក្យសេតវិមាន បានថ្លែងកាលពីដើមខែកុម្ភៈ ឆ្នាំ២០២១នេះថា សហរដ្ឋអាមេរិក មានការព្រួយបារម្ភ ដោយមានសេចក្តីរាយការណ៍ថា យោធាភូមាបានប្រើជំហានផ្សេងៗក្នុងការបំផ្លាញនូវដំណើរការផ្លាស់ប្តូរប្រជាធិបតេយ្យ ដោយរួមទាំងការចាប់ខ្លួននូវមេដឹកនាំលោកស្រីអង់សាន ស៊ូជី និងមន្ត្រីស៊ីវិលដទៃទៀតនៅប្រទេសនេះ។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានជម្រាបលោកប្រធានាធិបតី Biden ពីស្ថានការណ៍នេះ។

អ្នកបានថ្លែងថា “យើងបញ្ជាក់ជាបន្តនូវការគាំទ្រយ៉ាងខ្លាំងក្លា ចំពោះស្ថាប័នប្រជាធិបតេយ្យនានានៅភូមា និងដោយមានការសម្របសម្រួលជាមួយដៃគូក្នុងតំបន់យើងទទូចឲ្យយោធា និងគ្រប់ភាគីទាំងអស់ គោរពតាមគន្លងបែបប្រជាធិបតេយ្យ និងនីតិរដ្ឋ ហើយដោះលែងនូវអ្នកដែលត្រូវបានឃុំខ្លួននៅថ្ងៃនេះ”។

សហរដ្ឋអាមេរិក ប្រឆាំងរាល់ការប៉ុនប៉ង ក្នុងការផ្លាស់ប្តូរលទ្ធផលនៃការបោះឆ្នោតកាលពីពេលថ្មីៗនេះ ឬរារាំងនូវការផ្លាស់ប្តូរប្រជាធិបតេយ្យក្នុងប្រទេសមីយ៉ាន់ម៉ា ហើយនឹងចាត់វិធានការប្រឆាំងអ្នកទទួលខុសត្រូវទាំងនោះ ប្រសិនបើជំហាននានាមិនត្រឡប់ដូចដើមវិញ។

អ្នកស្រីបានថ្លែងទៀតថា យើងកំពុងឃ្លាំមើលនូវស្ថានការណ៍នេះយ៉ាងយកចិត្តទុកដាក់ និងឈរនៅជាមួយប្រជាជនភូមា ដែលបានប្រឈមជាច្រើនរួចមកហើយក្នុងការស្វែងរកនូវប្រជាធិបតេយ្យ និងសន្តិភាព។សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យសេតវិមាន អ្នកស្រី Jen Psaki ស្តីពីភូមា៕

LEAVE A REPLY

Please enter your comment!
Please enter your name here