ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ក្រោយសេតវិមានបានពន្យារពេលនៃការសម្រេចចិត្តស្តីពីការចូលរួមដោយផ្ទាល់របស់សហរដ្ឋអាមេរិកក្នុងជម្លោះរវាងអុីស្រាអែល និងអុីរ៉ង់។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ១,៨៩ដុល្លារ ឬ២,៤ភាគរយ មកនៅត្រឹម៧៦,៩៦ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0255 GMT។ ប៉ុន្តែ តម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានកើនឡើង៥៣សេន ឬ០,៧ភាគរយ ដល់៧៥,៦៧ដុល្លារក្នុងមួយបារ៉ែល។
តម្លៃប្រេងឆៅបានកើនឡើងជិត៣ភាគរយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ខណៈអុីស្រាអែលបានទម្លាក់គ្រាប់បែកលើគោលដៅទីតាំងនុយក្លេអ៊ែររបស់ប្រទេសអុីរ៉ង់ ហើយអុីរ៉ង់បានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកទៅកាន់ប្រទេសអុីស្រាអែល បន្ទាប់ពីបានវាយប្រហារទៅលើមន្ទីរពេទ្យរបស់អុីស្រាអែលពេញមួយយប់៕