NBC៖ វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា​នឹងមាន​កំណើន​វិជ្ជមាន​មកវិញ​នៅ​ឆ្នាំ២០២១នេះ

ដោយ៖ ម៉ា​ណេ​ត

ភ្នំពេញ៖ បើទោះពីជា​វិស័យ​សំណង់​ធ្លាក់ចុះ​ក្នុង​ឆ្នាំ២០២០ ធនាគារជាតិ​នៃ​កម្ពុជា បាន​ព្យាករ​ថា សម្រាប់​ឆ្នាំនេះ វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា នឹងមាន​កំណើន​វិជ្ជមាន​មកវិញ​ក្នុង​អត្រា៣ភាគរយ ដោយ​ផ្អែកលើ​តាម​គម្រោង ដែល​បាន​សុំ​ការអនុញ្ញាត​កន្លងមក នឹង​ការរំពឹង​នៃ​ការ​ងើប​មកវិញ​នៃ​រំហូរ​វិនិយោគ​ក្នុង​វិស័យនេះ។

ក្នុង​ឆ្នាំ២០២០ វិបត្តិ​បានឱ្យ​វិស័យ​សំណង់ ធ្លាក់ចុះ -៣ភាគរយ (ប៉ាន់ស្មាន) ជា​ចម្បង ដោយសារ​ការថយចុះ​នៃ​សកម្មភាព វិនិយោគ​ក្នុងស្រុក និង​លំហូរ​ទុនវិនិយោគ​ផ្ទាល់​បរទេស។ ការថយចុះ​នេះ​ត្រូវបាន​ឆ្លុះបញ្ចាំង​តាមរយៈ សូចនាករសំខាន់ៗ ដូចជា ការថយចុះ​នៃ​ចំនួន​គម្រោង តម្លៃ​និង​ផ្ទៃក្រឡា​សំណង់​ដែល​បានស្នើ និង ការ​នាំចូល​សម្ភារ​និង​បរិក្ខារ​សំណង់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កំណើន​ចំនួន​គម្រោង តម្លៃ និង​ផ្ទៃក្រឡា​គម្រោង​សំណង់​បាន ធ្លាក់ចុះ -០,៥ភាគរយ -២៥ភាគរយ និង-១៧ភាគរយ រៀង​គ្នា ជាពិសេស​លើ​ប្រភេទ​ផ្ទៃក្រឡា​គម្រោង​សំណង់​ទេសចរណ៍ ( ធ្លាក់ចុះ -៥៥,២ភាគរយ) និង​ឧស្សាហកម្ម (-៣១ភាគរយ)។

ទន្ទឹមនេះ ការ​នាំចូល​សម្ភារ​និង​បរិក្ខារ​សំណង់ គិត​ជាត​ម្លៃ បាន​ធ្លាក់ចុះ -១០,៨ភាគរយ (ប៉ាន់ស្មាន) ដែល​ឆ្លុះបញ្ចាំង ពី​ការ​ថមថយ​សកម្មភាព​សាងសង់ ដោយសារ​ការផ្អាក​ឬ​ព្យួរ​គម្រោង​មួយចំនួន ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ ។

ទោះជា​យ៉ាងនេះ​ក្តី យោងតាម​ការព្យាករណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា​បានឱ្យដឹងថា “ផ្អែកលើ​តាម​គម្រោង ដែល​បាន​សុំ​ការអនុញ្ញាត​កន្លងមក និង​ការរំពឹង​នៃ​ការ​ងើប​មកវិញ​នៃ​រំហូរ​វិនិយោគ​ក្នុង​វិស័យនេះ វិស័យ​សំណង់ និង​អចលនទ្រព្យ​រំពឹងថា មាន​កំណើន​វិជ្ជមាន​មកវិញ​ក្នុង​អត្រា៣ភាគរយ។ ក្នុង​បរិការណ៍​នេះ សេដ្ឋកិច្ចកម្ពុជា ត្រូវបាន​រំពឹងថា​ងើប​មកវិញ​ជាមួយនឹង​អត្រាកំណើន៣,៥ភាគរយ” ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលវត្ថុ​កម្ពុជា លោក ច្រឹ​ក សុខ​នី​ម បាន​មានប្រសាសន៍​នៅ​ល្ងាច​ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ថា ពេលនេះ​សញ្ញា​វិជ្ជមាន​នៃ​ទីផ្សារ​អចលនទ្រព្យ​ចាប់ផ្តើម​បង្ហាញ​បន្តិចម្ដងៗទៅតាម​ជំហាន​ដែល​បាន​ផុស​ចេញពី​តម្រូវការ​ជាក់ស្ដែង​នៅក្នុង​ស្រុក​បន្ទាប់ពី​ភាព​គំរាមកំហែង​នៃ​វិបត្តិ​ឆ្លង​ជំងឺ​នៅក្នុង​សហគមន៍​ត្រូវបាន​បញ្ចប់។

លោក​បញ្ជាក់ថា “សម្រាប់​ដើមឆ្នាំ២០២១ដែល​ទើបតែ​ឈានចូល​មកដល់ថ្មីៗនេះ យើង​ឃើញថា សកម្មភាព​ទិញ​លក់​នៃ​ទីផ្សារ​លំនៅដ្ឋាន​ចាប់ផ្តើម​កម្រើក​ឡើងវិញ​បន្ទាប់ពី​ព្រឹត្តិការណ៍​នៃ២៨វិច្ឆិកា​ត្រូវបាន​ប្រកា​សប​ញ​ញ​ចប់​ជា​ស្ថាពរ” ។

លោក​បាន​បន្តថា ប៉ុន្តែ​ទាំងនេះ​វា​គ្រាន់តែ​ជា​សញ្ញា​វិជ្ជមាន​មួយ​ដែល​បង្ហាញ​ពី​ការចាប់ផ្តើម​តែប៉ុណ្ណោះ ហើយ​តាម​ការរំពឹងទុក​អាច​ចំណាយពេល​រហូតដល់​ពាក់​កណ្តាល​ឆ្នាំ ឬ​អំឡុង​ឆមាស​ទី២ ទើប​ស្ថានភាព​ល្អប្រសើរ​របស់​ទីផ្សារ​ចាប់ផ្តើម​មាន​សកម្មភាព​ខ្លាំង​ឡើងវិញ។

ជាមួយគ្នានេះ នក​ឧកញ៉ា​លី ហួរ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា បាន​មានប្រសាសន៍ថ្មីៗនេះ​ថា នៅ​ដើមឆ្នាំ២០២១គឺជា​ពេលវេលា​ដ៏​ល្អ​សម្រាប់​អ្នកវិនិយោគ និង​អភិវឌ្ឍ​លំនៅដ្ឋាន​ប្រភេទ​កម្រិត​មធ្យម​សម្រាប់​ដាក់លក់​នៅលើ​ទីផ្សារ​នា​ចុងឆ្នាំ២០២១ខាងមុខនេះ​ខណៈពេលដែល​តម្រូវការ​ទីផ្សារ​លំនៅដ្ឋាន​ចាប់​ផ្តើមឡើង​ខ្ពស់​វិញ។

នៅក្នុង​ឆ្នាំ២០២១នេះ​កម្ពុជា​មានរឿងល្អៗជាច្រើន ដែល​ក្នុងនោះ​វិស័យ​មួយចំនួន​នឹង​វិលត្រឡប់​ទៅរក​ភាពល្អប្រសើរ​វិញ​ដូចជា​វិស័យ​កសិកម្ម វិស័យ​សេវាកម្ម វិស័យ​ឧស្សាហកម្ម ជាពិសេស​វិស័យ​អចលនទ្រព្យ​ដែលជា​ឆ្អឹងខ្នង​យ៉ាងសំខាន់​នៃ​សេដ្ឋកិច្ចជាតិ​ក្រោម​ការអនុវត្ត​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា-ចិន ការទទួលបាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP ពី​ចក្រភព និង​កិច្ចព្រមព្រៀង RCEP ជាដើម។

អ្នកឧកញ៉ា​លី ហួរ​បាន​មានប្រសាសន៍​បញ្ជាក់ថា នៅពេល​មានការ​ចូលមក​វិនិយោគ​ពី​សំណាក់​ក្រុមហ៊ុន​អន្តរជាតិ​ដើម្បី​ផលិត​សម្រាប់​នាំចេញ​ទៅកាន់​ទីផ្សារ​តាម​បណ្តា​ប្រទេស​ដែលមាន​កិច្ចព្រមព្រៀង​ដោយ​ការ​រួច​ពន្ធ​នោះ កម្ពុជា​នឹង​អាច​ចំណេញ​ច្រើន មាន​កំណើនសេដ្ឋកិច្ច​ឡើង​វិញ ហើយ​នៅពេលដែល​សេដ្ឋកិច្ច​មាន​កំណើន​ល្អ​នោះ​វា​នឹង​ជះឥទ្ធិពល​មកដល់​វិស័យ​អចលនទ្រព្យ។

អ្នកឧកញ៉ា​បន្តថា “ខ្ញុំ​គិតថា យ៉ាងយូរ​នៅត្រឹម​ចុងឆ្នាំ២០២១ ទីផ្សារ​លំនៅដ្ឋាន​កម្រិត​មធ្យម និង​ក្រោម​មធ្យម​នឹង​កើន​ឡើងវិញ​ខ្លាំង ដោយសារតែ​កំណើន​នៃ​ចំនួន​ប្រជាជន​កើន​ឡើងជា​បន្តបន្ទាប់ ហើយ​តម្រូវការ​លំនៅដ្ឋាន​រប​ស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​នៅមាន​ច្រើន ដូច្នេះ​ទីផ្សារ​មួយ​នេះ​នឹង​ងើបឡើង​ជាក់​ជាមិនខាន។ នេះ​បើតាម​ការមើលឃើញ​រប​ស់​ខ្ញុំ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here