បណ្តាអ្នកវិនិយោគសម្រុកទិញដីសម្រាប់អភិវឌ្ឍន៍អចលនទ្រព្យនៅតំបន់សេដ្ឋកិច្ចពិសេសទ្វេរភាគីរវាងម៉ាឡេសុី និងសិង្ហបុរី

ដោយ: គង់ លាងហួរ
អន្តរជាតិ: នាពេលបច្ចុប្បន្ន បណ្តាអ្នកវិនិយោគកំពុងសម្រុកទិញយកដីលំនៅដ្ឋាន និងដីឧស្សាហកម្មក្នុងតំបន់សេដ្ឋកិច្ចពិសេស Johor-Singapore (JS-SEZ) រវាងប្រទេសម៉ាឡេសុី និងសិង្ហបុរី ដោយសម្លឹងឃើញសក្តានុពលរយៈពេលវែងក្នុងការអភិវឌ្ឍន៍ផ្នែកបដិសណ្ឋារ។

លោក Govinda Singh អ្នកជំនាញជាន់ខ្ពស់របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers បានអះអាងថា “រដ្ឋ Johor ស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ នៅពេលនិយាយអំពីអចលនទ្រព្យ។ រដ្ឋនេះនៅតែមានឱកាសជាច្រើនក្នុងការរីកចម្រើន ស្របពេលចំនួនប្រជាជនកើនឡើង និងវិស័យឧស្សាហកម្មរីកចម្រើន”។

លោក Govinda Singh បានមានប្រសាសន៍ឱ្យដឹងបន្តថា “រដ្ឋ Johor មានដីទំនេរជាច្រើន ដោយមិនទាន់មានអ្នកធុរកិច្ចធំៗមកបោះទុនវិនិយោគច្រើននៅឡើយ។ យ៉ាងណាមិញ ការណ៍នេះនឹងផ្លាស់ប្តូរនាពេលខាងមុខ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Singh បានគូសបញ្ជាក់ថា ចំនួនជាង៥០ភាគរយនៃដើមទុនវិនិយោគអចលនទ្រព្យដែលបានហូរចូលទៅកាន់ទីផ្សារអចលនទ្រព្យរបស់រដ្ឋ Johor ក្នុងរយៈពេល៤ខែដំបូងដើមឆ្នាំ២០២៥នេះ ជាការវិនិយោគឆ្លងដែន។

យោងតាមការសិក្សាស្រាវជ្រាវដោយក្រុមហ៊ុន Colliers បានបង្ហាញថា ការវិនិយោគឆ្លងដែនគ្របដណ្តប់ចំណែក៥១,៨ភាគរយនៃលំហូរទុនវិនិយោគសរុប ដែលនាំមុខដោយវិនិយោគិនដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី អូស្ត្រាលី ជប៉ុន សហរដ្ឋអាមេរិក ចិន អូស្ត្រាលី កាណាដា ហុងកុង ចក្រភពអង់គ្លេស និងកោះតៃវ៉ាន់។

កាល​ពី​ឆ្នាំ​មុន លំហូរ​នៃការវិនិយោគ​អចលន​ទ្រព្យ​សរុប​ចូល​ទៅក្នុង​រដ្ឋ Johor ភាគខាងត្បូងនៃប្រទេសម៉ាឡេសុី បាន​កើន​ឡើង​ដល់ទំហំទឹកប្រាក់ប្រមាណ២,១ពាន់​លាន​ដុល្លារ។

លោក Singh បានកត់សម្គាល់ថា “ថ្លៃដើមទាបលើការអភិវឌ្ឍន៍ និងតម្លៃដីឧស្សាហកម្មនៅរដ្ឋ Johor ជាកត្តាជំរុញដ៏សំខាន់នៃកំណើនទីផ្សារអចលនទ្រព្យនៅក្នុងតំបន់ JS-SEZ ក្នុងទសវត្សរ៍ក្រោយ”។

លោកបានបញ្ជាក់បន្ថែមថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដីឧស្សាហកម្មនៅរដ្ឋ Johor មានតម្លៃជាមធ្យមថោកជាងដីនៅសិង្ហបុរីប្រហែល៩៦ភាគរយ៕ប្រភព: The Business Times & Edgeprop៕

LEAVE A REPLY

Please enter your comment!
Please enter your name here